ក្រុងបាត់ដំបងៈ នាចុងសប្តាហ៍នេះនឹងមានការរៀបចំព្រឹត្តិការណ៍បង្ហាញស្នាដៃសិល្បៈចម្រុះមួយ និងជាការប្រារព្ធធ្វើពិធីខួប ២៥ ឆ្នាំនៃការបង្កើតអង្គការហ្វារពន្លឺសិល្បៈដែលមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ ២០១៩ នេះនៅខេត្តបាត់ដំបង។
លោកអ្នកអាចចូលទស្សនាកម្សាន្តនៅក្នុងបរិវេណនៃសាលាដ៏ស្រស់ស្អាតរបស់អង្គការហ្វារពន្លឺសិល្បៈស្ថិតក្នុងខេត្តបាត់ដំបងដែលបានផ្លាស់ប្តូរទៅជាកន្លែងពិព័រណ៍ដ៏ធំដែលលោកអ្នកនឹងត្រូវបានស្វាគមន៍ដោយក្រុមគ្រួសារហ្វារ។
បើតាមកញ្ញា ម័រហ្គេន ដារ៉ាស្សិ៍ ជាអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងនៃអង្គការហ្វារពន្លឺសិល្បៈបង្ហើបឲ្យដឹងពីកម្មវិធីនានាដែលរៀបចំដោយអង្គការនៅឆ្នាំនេះថា៖ «នាថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ ២០១៩ នេះអង្គការយើងនឹងបើកបង្ហាញពីស្នាដៃរបស់សិស្ស និង លោកគ្រូ អ្នកគ្រូរបស់យើងដែលប្រកបដោយទេពកោសល្យ និងភាពច្នៃប្រឌិត។ នេះគឺជាឱកាសដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលផ្តល់ដោយសាលារៀនជំនាញសិល្បៈសូនរូប និងសាលាសិល្បៈទស្សនីយភាពក៏ដូចជាកម្មវិធីអប់រំ និងសង្គមដែលដំណើរការដោយអង្គការយើង»។
កញ្ញាបន្តថា៖ «រយៈពេល ២៥ ឆ្នាំដែលយើងមើលឃើញយុវជនរាប់ពាន់នាក់ បានក្លាយជាសិល្បករដែលជោគជ័យ ហើយបានជាពលរដ្ឋដែលមានការទទួលខុសត្រូវជាគំរូ និងជាមនុស្សល្អ។ ក៏អរគុណផងដែរចំពោះកម្លាំង ការគាំទ្រ និងសុទិដ្ឋិនិយមដែលឥតនឿយហត់ពីបណ្ដាស្ថាបនិក ដៃគូសហការ ម្ចាស់ជំនួយ សិស្សនិស្សិត បុគ្គលិក លោកគ្រូអ្នកគ្រូ សិល្បករសិល្បការនី អ្នកបញ្ចប់ការសិក្សា មិត្តភក្ដិ និងឪពុកម្ដាយទាំងអស់។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំ និងសង្ឃឹមថា នឹងបន្តថែរក្សា និងពង្រីកពន្លឺសិល្បៈនៅទូទាំងប្រទេសកម្ពុជា និងបរទេសក្នុងរយៈពេល ២៥ ឆ្នាំខាងមុខទៀត។ លើសពីនេះទៀត អាចរីករាយជាមួយនឹងដំណើរកម្សាន្តក្នុងសាលា ហើយអ្នកក៏អាចស្រមៃថា អ្នកជាអ្នករបាំមួយរូបគឺជាសិល្បករសៀក ឬវិចិត្រករចូលស្ទូឌីយោគំនូរជីវចលរបស់យើងក៏ដូចជាស្តាប់បទចម្រៀងថ្មី ដែលប្រកបទៅដោយអត្ថន័យ ព្រមទាំងជួបជាមួយអ្នករចនាក្រាហ្វិក ប្រកបដោយភាពច្នៃប្រឌិតរបស់យើង ឬ ទស្សនាសិល្បៈល្ខោនសហសម័យខ្មែរ ហើយកុំភ្លេចថតរូបអនុស្សាវរីយ៍នៅថ្ងៃបើកបង្ហាញនេះ ដើម្បីចាប់យកទិដ្ឋភាពពិសេសៗជាច្រើននៅក្នុងកម្មវិធីរបស់ពួកយើងផងដែរ»។
ឯកម្មវិធីសំខាន់ពេលប្រារព្ធពិធីខួប ២៥ ឆ្នាំនៃអង្គការឆ្នាំនេះនាព្រឹកមានដូចជាការបើកដំណើរការស្វាគមន៍ទទួលភ្ញៀវ និងទស្សនកិច្ចទីកន្លែងដាក់តាំងស្នាដៃផ្សេងៗក្នុងបរិវេណសាលា លុះដល់ពេលល្ងាចមានការសម្តែងសៀករឿង «White gold» ការសម្តែងអំពីវិន័យ ដោយសិស្សានុសិស្ស ពិធីខួបកំណើតគម្រប់ ២៥ ឆ្នាំរបស់អង្គការ ការសម្តែងតន្ត្រីដោយលោក Belo Vanthan ជាតន្ត្រីករ និងអ្នកនិពន្ធដែលបានបញ្ចប់ការសិក្សានៅសាលារបស់យើង ព្រមទាំងក្រុមតន្ត្រីគាត់មានឈ្មោះថា «នៅពីក្រោយស្រមោល» និងមានកម្មវិធីផ្សេងៗទៀតចំនួន ២ ថ្ងៃ៕