ភ្នំពេញៈ ដោយមិនចង់ឲ្យចំណេះជំនាញផ្នែកសិល្បៈវប្បធម៌ខ្មែរ មានតពីដូនតាមកបន្តរងនូវការបាត់បង់ ឬសាបរលាបអស់នូវអត្តសញ្ញាណ ហើយកូនចៅជំនាន់ក្រោយៗលែងបានស្គាល់ និងស្របពេលមានកម្មវិធីធំមួយប្រចាំឆ្នាំ ២០១៩ គឺ «សិល្បៈដើម្បីសន្តិភាព» នោះ អង្គការសិល្បៈខ្មែរអតមៈ (CLA) ក៏បានបង្កើតគម្រោងមួយឈ្មោះថា គម្រោងស្វែងរក «វីរជនសិល្បៈលាក់មុខ» នៅតាមខេត្តនានាទូទាំងប្រទេស កម្ពុជា។
អង្គការសិល្បៈខ្មែរអមតៈ កំពុងតែស្វែងរកដំណឹងអំពី «វីរជនសិល្បៈលាក់មុខ» ដែលកំពុងរស់នៅតាមបណ្ដាខេត្តនានានៅក្នុងគោលបំណងដើម្បីកំណត់ឲ្យបានពីទិន្នន័យបុគ្គលដែលមានស្នាដៃដ៏ធំធេងលើវិស័យសិល្បៈ និងវប្បធម៌ ហើយមហាជនមិនសូវដឹង ឬស្គាល់អំពីពួកគាត់។ គម្រោងនេះគឺជាផ្នែកមួយនៃមហោស្រព «សិល្បៈដើម្បីសន្តិភាព» ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកាខាងមុខ ហើយបេសកកម្មនេះបានចាប់ផ្ដើមតាំងពីចុងខែមេសា និងកំពុងបន្តនាពេលបច្ចុប្បន្នដោយការចូលរួមជាអ្នកស្រាវជ្រាវ ៨ រូបដែលសុទ្ធតែជាអ្នកមកពីវិស័យសិល្បៈ និងវប្បធម៌។
អ្នកស្រី សូ ភីណា ប្រធានកម្មវិធីផ្នែកចំណេះដឹងបណ្ដាញ និងគោលនយោបាយ និងជាប្រធានគម្រោងស្វែងរក «វីរជនសិល្បៈលាក់មុខ» មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងគឺមានអ្នកដែលបូជាទាំងកម្លាំងកាយចិត្តក្នុងការងារការពារ អភិរក្សសិល្បៈ និងវប្បធម៌ជាច្រើនរូបដែលយើងពុំសូវបានស្គាល់។ ដូច្នេះដល់ពេលហើយ ដែលយើងគួរធ្វើអ្វីមួយ ដើម្បីឲ្យសាធារណជនបានស្គាល់ពួកគាត់ និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ខណៈពេលកន្លងមកក៏ដូចជាផ្ដល់ការគាំទ្រនានាដើម្បីឲ្យពួកគាត់មានក្ដីសង្ឃឹម និងកាន់តែមានកម្លាំងចិត្តបន្តការងាររបស់ខ្លួនទៅមុខទៀត»។
អ្នកស្រី សូ ភីណា បានបន្តទៀតថា៖ «យើងក៏ត្រូវតែប្រញាប់ពន្លឿនគម្រោងនេះដោយសារអ្នកមានវីរភាពទាំងនោះមួយចំនួនកាន់តែមានវ័យចាស់ជរា ហើយដូចក្នុងករណីមួយគួរឲ្យសោកស្ដាយដែលក្រុមការងារបានចុះទៅខេត្តពោធិ៍សាត់ធ្វើការប្រមូលព័ត៌មាន ប្រវត្តិការងារសិល្បៈរបស់ព្រឹទ្ធាចារ្យ ម៉ៅ សុភណ្ឌ គឺគាត់បានចែកឋាន ១ សប្ដាហ៍ក្រោយពេលក្រុមការងារយើងត្រឡប់មកវិញ»។
នាចុងបញ្ចប់នៃគម្រោងនេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងពេលប្រារព្ធមហាស្រព «សិល្បៈដើម្បីសន្តិភាព» ដែលមានរយៈពេល ១០ ថ្ងៃប្រព្រឹត្តទៅក្នុងខែវិច្ឆិកា។ តាមរយៈកម្មវិធីនេះមហាជននឹងបានស្គាល់អ្នកដែលមានស្នាដៃទាំងនោះ និងស្វែងយល់បន្ថែមពីសមិទ្ធផល និងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់មកលើសិល្បៈ និងវប្បធម៌កម្ពុជា។ រហូតមកដល់ពេលនេះក្រុមការងារសិល្បៈខ្មែរអមតៈ និងអ្នកស្រាវជ្រាវចំនួនទាំង ៨ រូបបានធ្វើដំណើរប្រមូលព័ត៌មាននៅតាមខេត្តក្រុងនានាបានមួយភាគធំហើយ ព្រមទាំងគ្រោងនឹងសរុបលទ្ធផលបឋមនៅចុងខែកក្កដានេះផងដែរ។
ចំពោះអ្នកអាចចាត់ទុកជាវីរជនសិល្បៈ គឺត្រូវតែជាបុគ្គលដែលមានប្រវត្តិការងារជាមួយសិល្បៈ វប្បធម៌ និងកំពុងបន្តការងារលើសពី ១០ ឆ្នាំធ្លាប់ជាអ្នកដឹកនាំរៀបចំថ្នាក់ ទីតាំងសម្ដែង សង់សំណង់បែបប្រវត្តិសាស្ត្រ វប្បធម៌ ដំឡើងរបាំ រកឃើញស្នាដៃថ្មី តស៊ូមតិ ប្ដេជ្ញាចិត្តខ្ពស់ តែពុំសូវគេស្គាល់ជាថ្នាក់ជាតិ។ ការផ្ដល់ដំណឹងសូមទាក់ទងអ្នកស្រី សូ ភីណា ប្រធានគម្រោងតាមរយៈ phina@cambodianlivingarts.org៕