ភ្នំពេញៈ ដោយសារ​មាន​គោលដៅ​វែងឆ្ងាយ​ចង់​ជួយ​សម្របសម្រួល​ជា​មធ្យោបាយ​ថ្នាក់មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ទៅលើ​វិស័យ​អប់រំ និង​សហការ​ជាមួយ​រដ្ឋាភិបាល អង្គការ​មូលនិធិ​ទ្រទ្រង់​កុមារ​កម្ពុជា (CCAFO) កំពុងតែ​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​សហគមន៍​អប់រំ​កុមារ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ីង ច័ន្ទណារិទ្ធ ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ CCAFO បាន​ឲ្យ​ដឹង​ពី​គោលបំណង​ធំ​របស់​អង្គការ​លោក​ថា​៖ «​ព្រោះ​តែ​ចង់​ធ្វើ​ការងារ​ដោយ​ខ្លួនឯង ដើម្បី​ជួយ​សម្រួល​កិច្ចការ​ផ្នែក​អប់រំ កម្រិត​ថ្នាក់​មតេ្តយ្យ​សិក្សា និង​បើក​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​នៅ​តាម​សហគមន៍​ក្រីក្រ​នៃ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ចាប់ពី​ឆ្នាំ​ ២០០៦ ខ្ញុំ​ក៏​បាន​បង្កើត​អង្គការ​នេះ​ឡើង​ដែល​ធ្វើការងារ​ទៅ​តាម​គម្រោង​ធំ​ ២ ​នោះ​ដោយ​បច្ចុប្បន្ន​យើង​មាន​ការងារ​ជា​គម្រោង​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​ចំនួន​ ២ ​គឺ​ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ចំនួន ១៩ សាលា​មត្តេយ្យ​សិក្សា ខណៈ​ស្នាក់ការ​ធំ​នៃ​អង្គការ​យើង​នៅ​ភ្នំពេញ​»​។

សម្មភាព​បង្រៀន​ភាសា​អង់គ្លេស​តាម​សហគមន៍​ក្រីក្រ​នានា​ក្រោម​ការជួយ​ពី​អង្គការ​ CCAFO​។ រូបថត អង្គការ CCAFO

ខណៈ​ខ្លួន​ក៏​ធ្លាប់​មាន​បទពិសោធ​ផ្នែក​សរសេរ​គម្រោង​ស្នើសុំ​ហិរញ្ញវត្ថុ​ពី​ម្ចាស់ជំនួយ​អន្តរជាតិ​នានា​នោះ​ទើប​នៅ​ឆ្នាំ​ ២០១៤ អង្គការ CCAFO ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​នឹង​ដៃគូ​ជាមួយ​បណ្តា​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា​ដោយ​អង្គការ​ដើរតួ​ជា​អ្នកសម្របសម្រួល​នាំយក​ជំនួយ​ចែកចាយ​បន្ត​ឲ្យ​បណ្តា​អង្គការ​ក្នុង​ស្រុក​នានា​នៅក្នុង​ប្រទេស​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ​ផង​ដែរ​។

សកម្មភាព​អប់រំ​កុមារ​តូចៗ​ឲ្យ​ចេះ​រក្សា​អនាម័យ​មាត់​ធ្មេញ ។ រូបថត អង្គការ CCAFO

លោក ហ៊ីង ច័ន្ទណារិទ្ធ បាន​បញ្ជាក់​ថា​៖ «​ម្យ៉ាងទៀត​ដោយសារ​តែ​រូបខ្ញុំ​ក៏​ធ្លាប់​មាន​បទពិសោធ​សរសរ​គម្រោង​ស្នើសុំ​ជំនួយ​ពី​ម្ចាស់ជំនួយ​នានា​ស្រាប់​នោះ​ទើប​នៅ​ឆ្នាំ​ ២០១៤ អង្គការ​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ចាប់​ដៃគូ​ជាមួយ​អង្គការ ឬ​ស្ថាប័ន​ជា​ម្ចាស់​ជំនួយ​អន្តរជាតិ​ក្នុង​នាម​ជា​អ្នក​ទទួល​យក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ម្ចាស់ជំនួយ ហើយ​ក៏​នាំ​យក​ទៅ​ចែកចាយ​ជួយ​បន្ត​ដល់​អង្គការ ឬក៏​ជា​មជ្ឈមណ្ឌល​នៅក្នុង​ស្រុក​នានា​។ ឥឡូវនេះ​យើង​បាន​ជួយ​ទៅ​ដល់​អង្គការ និង​មជ្ឈមណ្ឌល​ចំនួន ៥ កន្លែង​នៅក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​សៀមរាប​មាន​ចំនួន ៣ កន្លែង ខេត្ត​កំពង់ធំ មាន ១ កន្លែង និង​ពេល​ថ្មីៗ​ឆ្នាំ​នេះ​មាន​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​ស្វាយរៀង​គឺ​បាន​ជួយ​ដល់​មជ្ឈមណ្ឌល​ភាសាបរទេស​តាគិន (Takin Foreign Language Center) ជួយ​កញ្ចប់​ថវិកា ៧០០ ដុល្លារ​ក្នុង ១ ខែ​»​។

លោក ហ៊ីង ច័ន្ទណារិទ្ធ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ និង​បច្ចុប្បន្ន​រស់នៅ​ភ្នំពេញ វ័យ ៥៧ ឆ្នាំ និង​មាន​កូន ៣ នាក់ (​ស្រី​ ២) បាន​បង្កើត​អង្គការ CCAFO នៅក្នុង​ឆ្នាំ​ ២០០៦ ​ក្រោយពី​ឈប់​ធ្វើ​ការងារ​ជា​នាយក​នៃ​អង្គការ Veterans International Cambodia (VIC) ដែល​ធ្វើការ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៦-២០០៥៕