ភ្នំពេញ៖ ខ្សែ​ភាពយន្ត​​អប់រំ​ខ្នាត​ខ្លី​បែប​បុរាណ មាន​ប្រភព​ដក​ស្រង់​ចេញ​ពី​ព្រះត្រៃបិដក​​នៃ​ព្រះពុទ្ធ​សាសនា​​ ដែល​​​ឆ្លុះ​បញ្ចាំង​​​អំពី​តថភាព​សង្គម​ អាច​​​ជា​ជំនួយ​​​ស្មារតី​​​​​ប្រកប​ដោយ​ភាព​វិជ្ជមាន​ដល់​មនុស្ស​ជាតិ​សម័យ​ទំនើប​ ​មាន​ចំណង​ជើង​ថា «ព្រះភិក្ខុ​ពនេចរ» ​នឹង​ចាប់​​ផ្តើម​ផលិត​​ដោយ​​ផលិតករ​ជា​​ស្ថាបនិក​​​អង្គការ​​សកម្មភាព​សិល្បៈ​ខ្មែរ (KAA) ​​​ក្រោយ​ពី​បាន​​ពន្យារ​​​​ពេល​ ២-៣ ​ឆ្នាំ ខកខាន​ក្នុង​ការ​ថត​​មក​នោះ​។

លោក សន ពិសិដ្ឋ​ នឹង​​ក្លាយជា​តួ​ឯក​​ក្នុង​​​រឿង​អប់រំ​​បែប​ពុទ្ធ​​​សាសនារឿង «ព្រះភិក្ខុ​​​ពនេចរ»។ រូបថត ហ្វេសប៊ុក​

សម្រាប់​គម្រោង​ថត​កុន​ភាគ​​​អប់រំ​ខ្នាត​ខ្លី​ ​អប់រំ​ផ្លូវ​ចិត្ត ដែល​​មាន​ប្រភព​ដក​ស្រង់​ចេញ​ព្រះត្រៃបិដក​នៃ​ព្រះពុទ្ធសាសនា​​​រឿង ​«ព្រះភិក្ខុពនេចរ​»​ មាន​អត្ថន័យ​ខ្លឹមសារ​ល្អ​ ឆ្លុះ​បញ្ចាំង​តថភាព​សង្គម​ ស្ទើរ​គ្រប់​រសជាតិ​នៃ​ឆាក​ជីវិត​ទាំង​មនុស្ស​ និង​​​សត្វ​ ​ត្រូវ​​​​បាន​លោក សួង សុភ័ក្រ​ ជា​ស្ថាបនិក​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ ​(KAA) ​និង​​​ផលិតករ​កុន​ឯករាជ្យ​ឱ្យ​ដឹង​ថា៖ «កាល​ពី​មុន​​បាន​ធ្លាប់​ជួប​ពិភាក្សា​ជាមួយ​​​ព្រះតេជគុណ​  គូ សុភាព​ កាល​ពី​ប្រមាណ ​២-៣ ឆ្នាំ មុន ចង់​ថត​កុន​អប់រំ​ភាគ​​ខ្លី​ ដែល​មាន​​ប្រភព​​ដក​ស្រង់​ចេញ​ពី​ព្រះត្រៃបិដក​នៃ​ព្រះពុទ្ធសាសនា​ដើម​ពី​​ប្រទេស​ឥណ្ឌា ​ដោយ​យើង​បក​​ប្រែ​ជា​ភាសា​ខ្មែរ និង​យក​មក​ចងក្រង​​​ផលិត​ជា​កុន​​មាន​ប្រមាណ​ ២០ ភាគ (២០ cases)។​ នា​ពេល​​បច្ចុប្បន្ន​ អង្គការ​សកម្មភាព​​​សិល្បៈខ្មែរ កំពុង​តែ​​​​រើស​តួ​សម្តែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ ដើម្បី​សម្តែង​ដោយ​​​មាន​​​សហការ​ផលិត​ពី​ផលិតកម្ម​រាម និង​មូលនិធិ​ធម្ម​​ឱសថ និង​​​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​»។

លោក សួង សុភ័ក្រ ផលិតករ​វ័យ​ ៤០ ឆ្នាំ​ប្លាយ​​បាន​បន្ត​ថា​៖​ «​ឥឡូវ​នេះ យើង​​ចាប់​​ផ្តើម​រៀបចំ​តារាង​​​ពេល​​​វេលា និង​ផ្តើម​​ថត​ជា​បណ្តើរៗ​ហើយ។​ ​ការ​ថត​​នឹង​ចាប់​ផ្តើម​ថ្ងៃ​ទី ​២៥ ខែ ​មករា ឆ្នាំ ​២០២១ ​ ខណៈ​​ពេល​​​​ទាំង​ថត និង​ការងារ​​ផលិត​​រហូត​ដល់​ចប់​ចេញ​ជា​​សាច់​រឿង​សម្រេច​ផូស្ត​តាម​គេហទំព័រ​បាន​នោះ អាច​​នឹង​ត្រូវ​ចំណាយ​​​ពេល​​ប្រមាណ​ជិត​ ៣ ​ខែ​។ ​​ចំពោះ​ទីកន្លែង​​​ថត​កុន​ភាគ​ខ្លីៗ​បែប​អប់រំ​ផ្លូវ​ចិត្ត​ប្រកប​ដោយ​ភាព​​វិជ្ជមាន​ ឬ​ជា​កុន​ជំនួយ​ស្មារតី​នេះ នឹង​ត្រូវ​ថត​​​តាម​ទី​​កន្លែង​នានា​នៃ​ប្រទេស​​​កម្ពុជា​ ដូចជា​នៅ​ឯ​ពុទ្ធមណ្ឌល​ ​​​​ខេត្ត​សៀមរាប ​​តំបន់​ប្រាសាទ​នានា​​ ​ខេត្ត​មណ្ឌលគិរី និង​បណ្តា​ខេត្ត​​​ផ្សេងៗ​ទៀត»​។​​ ​

លោក Preeka ជា​ជំនួយការ​​ផលិតករ​ឱ្យ​ដឹង​ពី​ការ​​រើស​​តួ​សម្តែង​រឿង «​ព្រះភិក្ខុ​ពនេចរ​»​ នេះ​​ថា៖ «យើង​ជ្រើស​បាន​តួ​សម្តែង​សំខាន់ និង​តួ​​​បន្ទាប់បន្សំ​​តាម​ភាគ​នីមួយៗ​​​​ចំនួន​ ៣៨ នាក់។​​ ខណៈ​ឯ​តួអង្គ​សំខាន់​ដែល​សម្តែង​ជា ​ព្រះ​ភិក្ខុ​ពនេចរ​នោះ​​​ ​គឺ​លោក សន​​ ពិសិដ្ឋ​។ ចំណែក​ឯ​តួ​ផ្សេងៗ​​ទៀត​​​នឹង​បន្ត​ជ្រើសរើស​​។ ​តួអង្គ​​​ភាគ​ច្រើន​ យើង​​ជ្រើស​​ពី​ក្រុម​​លោក​គ្រូ​ អ្នកគ្រូ ដែល​​មាន​អាជីព​ជា​គ្រូ​​នៅ​សាលា​​សិល្បៈ​​»៕​