សៀមរាប៖ ​មកដល់​​​ប្រទេស​កម្ពុជា​លើក​ដំបូង​ក្នុង​​អាយុ​ ១៨​ឆ្នាំ​ អ្នកនាង​ជនជាតិ​អូស្រ្តាលី​ អេមមីលី វីល្លាមស៊ុន (Emily Williamson) ត្រូវ​បាន​ជំរុញ​ផ្លូវ​ចិត្ត​ឱ្យ​​ត្រឡប់​មក​ដែន​ដី​នេះ​វិញ ដើម្បី​ជួយ​ប្រជាជន​​ក្រីក្រ​លំបាក និង​ការ​អភិវឌ្ឍសហគមន៍។

នៅ​ឆ្នាំ​២០១៦ ​អ្នកនាង​ក៏បាន​សម្រេចចិត្ត​មក​រស់នៅ​លើ​ទឹកដី​សៀមរាប ​និង​លះបង់​ជីវិត​កម្លាំង​កាយ​ចិត្ត​​ផ្ដួច​ផ្ដើម​បង្កើត​​អង្គការ​ REACH​ ជា​អង្គការ​សប្បុរសធម៌​ចុះ​បញ្ចី​នៅ​អូស្ត្រាលី និង​​កម្ពុជា ក្នុងបេសកកម្ម​ជ្រោមជ្រែង​ក្រុមគ្រួសារ​​សហគមន៍​ប្រឆាំង​នឹង​ភាពក្រីក្រ។

ប៉ុន្តែកិច្ចការ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ ជាពិសេស​ក្នុង​ស្ថានភាព​វិបត្តិ​កូវីដ​ជាសកលលោក។

អ្នកនាង Shiv Fray ជា​ប្រធាន​ទំនាក់ទនង​បាន​ប្រាប់​ថា​៖ «អង្គការ​យើង​ឈរ​នៅលើ​ការឧបត្ថម្ភ​ពី​ឯកជន​ជុំវិញ​ពិភពលោក​ គ្មានការ​ឧបត្ថម្ភ​ពី​ម្ចាស់ជំនួយ​ណា​ធំ​ដុំ​ទេ​។ ហេតុនេះ​ពួកយើង​មាន​ការប្រឈមមុខ​នឹង​បញ្ហា​ច្រើន​ដែរ​ កាន់​តែ​ពេល​កូវីដ​លុកលុយ​ ពួកយើង​កាន់តែ​ជួបប្រទះ​វិបត្តិហិរញ្ញវត្ថុ​ខ្លាំង​»។

លើក​ទីមួយ​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ​និង​ទី​១០​ និង​លើក​ទីពីរ​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៦​ និង ​១៧​។ រូបថត សហការី

អង្គការ​ក៏​បាន​ព្យាយាម​រិះរក​​មធ្យោបាយ​កៀងគរមូនិធិ​ ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​រ​បស់ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

អ្នកនាង​ Fray ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា​ គំនិត​នៃ​ការធាក់កង់​ដើម្បី​សប្បុរសធម៌​នេះ​កើតឡើង​ពី​អ្នកនាង​ អេមមីលី​ ផ្ទាល់​ព្រោះ​អ្នកនាង​ធ្លាប់​ជា​សមាជិក​ចូលរួម​ការធាក់កង់​ ដើម្បី​សប្បុរសធម៌​នេះ​នៅ​ប្រទេសថៃ​ ហើយ​ឃើញ​ថា​វា​ទទួល​បាន​​ការគាំទ្រ​ច្រើនសម្រាប់ការ​ជួយ​​ដល់​សង្គម​។

អាស្រ័យ​ហេតុនេះ​អ្នកនាង​សម្រេចចិត្ត​យក​គម្រូ​នេះ​មក​​អនុវត្ត​ជាមួយ​អង្គការ​ REACH ​ដើម្បី​ជួយ​ដល់​កុមារ ​និង​គ្រួសារ​ក្រីក្រ​ជាច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សព្វថ្ងៃ​ថ្ងៃ​អង្គការ​បាន​ជួយ​កុមារ​ចំនួន​ ២២០​នាក់​មក​ពី ១៣៥​គ្រួសារ​។

ការរៀបចំ​កម្មវិធី​ការធាក់​កង់​​សប្បុរសធម៌​នេះ ​ដើមឡើយ​មាន​ការ​ចូលរួម​ពី​អ្នក​ឧបត្ថម្ភ​​​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​មកកាន់​ប្រទេសកម្ពុជា​ ហើយ​​​ក៏ជា​​​ការជិះ​កង់​លំដាប់​អន្តរជាតិ​ ក្នុង​រយៈ​ចម្ងាយ​ ៦៥០​គីឡូម៉ែត​ ដើម្បី​ជួយ​ដល់​អង្គការ​ REACH​ ក្នុង​ខែ​មករា​ ឆ្នាំ​២០២១។

ការ​ចិះកង់ចម្ងាយ​ ២០០​គីឡូម៉ែត​ចំនួន ២ លើក​មុន​មាន​​កុមារ​ចំនួន​ ២១​នាក់​ចាប់​ពី​អាយុ​ ១៥ ​ទៅ​១៧​ឆ្នាំ​បាន​ចូលរួម។ រូបថត សហការី

ប៉ុន្តែ​ដោយសារ​តែ​មាន​ការបិទ​ព្រំដែន​ពី​ប្រទេស​មួយ​ទៅ​មួយ ​ការប្រព្រឹត្ត​ទៅ​នៃ​កម្មវិធី​ត្រូវបាន​សន្មត​ថា​ មិនអាច​ទៅ​រូច​។

យ៉ាងណាមិញ​អ្នកគ្រប់គ្រង​ REACH​ បាន​ប្ដូរយុទ្ធសាស្រ្ត​ដោយ​បំបែកព្រឹត្តិការណ៍​​​តែ​មួយ ទៅ​ជា​បី​កម្ម​វិធី​ និង​មាន​ការចូលរួម​​ពី​ចំនួន​ ១១​ប្រទេស​ នៅ​តាមទីតាំង​​​រៀងៗ​ខ្លួន​វិញ ​ដោយ​ខ្លះ​ជា​ការធាក់កង់​ ខ្លះ​ជា​ការហែលទឹក​ និង​ខ្លះ​ជា​ការរត់​​តាម​ចំណូលចិត្ត​។

អ្នកនាង Fray បាន​រៀបរាប់​ពី​កម្មវិធី​មួយៗ​មក​កាន់​ ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «លើក​ទីមួយ​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ​និង​ទី​១០​ និង​លើក​ទីពីរ​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៦​ និង ​១៧​។ លើកទីមួយ​ មាន​កុមារ ១០​នាក់ និង​លើកទីពីរ​គឺ​យើង​រៀបចំ​ឡើង​ចម្ងាយ​ក្នុង​ការធាក់​កង់​ចំនួន ២០០​គីឡូម៉ែត​ ដោយមាន​​កុមារ​ចំនួន​ ១១​នាក់​ចាប់​ពី​អាយុ​ ១៥ ​ទៅ​១៧​ឆ្នាំ​»។

អ្នកនាង​បន្ត​ទៀត​ថា៖ «សម្រាប់​លើកទី៣ ​គឺ​ធ្វើ​នៅ​ចុងសប្ដាហ៍​នេះ​តែម្ដង​គឺ​ថ្ងៃ​ទី​២៣​ និង​២៤​ ដោយ​អ្នកធាក់កង់​គឺ​កុមារ​ ដែល​មាន​អាយុពី​ ១២​ ទៅ​ ១៦​ឆ្នាំ​ ដែល​ជាក្រុម​ដែល​ក្មេង​ជាង​គេ​។ ដូច្នេះ​ជំនួស​ឱ្យ​ដំណើរការ​ទៅតាម​គម្រោង​ ដែល​បាន​គ្រោង​ទុក​សម្រាប់​ចំនួន​ ២០០​គីឡូម៉ែត ​ប្តូរ​ទៅ​ត្រឹមតែ​ ១៣០​គីឡូម៉ែត្រ​​វិញ​»។

អំឡុង​ពេល​ធាក់កង់​ផងដែរ និង​មាន​រថយន្ត ឬ​​រ៉ឺម៉ក​​​ផ្ទុកឧបករណ៍​សង្រ្គោះបឋម ​និង​ជិះ​តាម​​មើលថែ​កុមារ​​។ រូបថត AFP

មុន​ដំណើរការ​ធាក់កង់​ និង​ក្នុង​អំឡុងពេល​ធាក់កង់​ Fray បាន​ឱ្យដឹង​ថា​ ពួកគាត់​មាន​ការរៀបចំ​ល្អិតល្អន់​ណាស់​សម្រាប់​ក្មេងៗ​ក្នុង​ការធ្វើ​កម្មវិធី​នេះ​ ដោយ​មុនការ​ចាប់ផ្ដើម​ពួកគាត់​ត្រូវតែ​ច្បាស់​ថា​ កុមារ​បានទទួលទាន​អាហារ​បំប៉ន​​ត្រឹមត្រូវ​​។​

អំឡុង​ពេល​ធាក់កង់​ផងដែរ និង​មាន​រថយន្ត ឬ​​រ៉ឺម៉ក​​​ផ្ទុកឧបករណ៍​សង្រ្គោះបឋម ​និង​ជិះ​តាម​​មើលថែ​កុមារ​​ណា​ ដែល​​ចង់​សម្រាក​ ឬ​មានការណី​ដួល​​ជាដើម​​។

អ្នកនាង​ក៏បាន​ឱ្យដឹង​ដែរ​ថា​៖ «ចំពោះ​កម្មវិធី​កន្លង​មក​ កុមារ​មាន​ឧបសគ្គ​ខ្លះ​​ដែរ​ក្នុង​ការធាក់កង់​ ព្រោះ​នៅ​តាមផ្លូវ​វា​មាន​កន្លុក​គន្លាក់​​ច្រើន​ តែក្រៅ​ពីនេះ​ពួកគេ​អស្ចារ្យ​ណាស់​ ដែល​អាច​សម្រេច​បាន​ទៅ​ដល់​គោលដៅ​»។

អ្នកនាង​បាន​បន្ត​ទៀត​ថា៖ «នៅ​ថ្ងៃបញ្ចប់​ ឪពុកម្ដាយ​កុមារ​ និង​អ្នកចូលរួម​ផ្សេងទៀត​នឹង​ឈរ​ចាំ​អបអរសាទរ​ផ្ដល់​កម្លាំង​​ចិត្ត​​ដល់​ពួកគេ​ពេល​ធាក់​មក​ដល់​ទិសដៅ​បញ្ចប់។ បន្ទាប់ពី​នោះ​អង្គការ​បាន​ចែក​ជូន​ជា​រង្វាន់​ និង​មេដៃ​ដល់​ពួកគេ​លើ​ឆាក​ជា​ការ​ទទួល​ស្គាល់​​ពី​​លទ្ធផល​សម្រេច​ពួកគេ»។

ក្មេងៗ​ចូលរួម​ជិកង់​លើ​ចម្ងាយផ្លូវ​វែង ត្រូវ​បាន​ស្ញប់ស្ញែង​ពីភាព​អស្ចារ្យ ដែល​អាច​សម្រេច​បាន​ទៅ​ដល់​គោលដៅ​។ រូបថត សហការី

សម្រាប់​រយៈ​ពេល​ពីរ​លើក​ ដែល​កុមារ​បាន​ចូលរួម​ធាក់កង់​រួច​មក​ហើយ​ គឺ​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ក៏​មាន​ការចូលរួម​បរិច្ចាគ​សមល្មម​សម្រាប់​ទ្រទ្រង់​​​អង្គការបាន​រយៈពេល​បួនខែកន្លះផង​ដែរ។ នេះ​បើ​​តាម​សម្ដី​របស់​អ្នកនាង​ Fray​។

​​មូលនិធិ​នេះ​អង្គការ​នឹង​យក​មក​បែងចែក​​ចំណាយ​ទៅលើ​ដំណើរការ​ជាច្រើន​ដូចជា​ ផ្ដល់​ទៅ​ការសិក្សា​អប់រំ​ សុខភាព​ អាហាររួបត្ថម្ភ​ ចំណេះ​ជំនាញ​កុំព្យូទ័រ​ និង​ការចែក​ជូន​ជា​អង្ករ​ទៅតាម​គ្រួសារ​​​។​

អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ការបរិច្ចាគ​ដល់​អង្គការ​​ សូមចូលទៅ​កាន់​វិបសាយ​​ www.reachsiemreap.org/donate។ ការ​បរិច្ចាគ​​​ទៅលើ​អ្នកចូលរួម​ធាក់កង់​អាច​ធ្វើឡើង​តាម​តំណរ​ភ្ជាប់​https://reachsiemreap.org/collections/side-by-side-riders/products/side-by-side និង​មួយ​ទៀត​ការ​បរិច្ចាគ​ប្រចាំ​ខែ​អាច​ធ្វើ​ឡើង​តាម​ https://reachsiemreap.org/pages/running-costs-club៕

មុនការ​ចាប់ផ្ដើម​ពួកគាត់​ត្រូវតែ​ច្បាស់​ថា​ កុមារ​បានទទួលទាន​អាហារ​បំប៉ន​​ត្រឹមត្រូវ​​។ រូបថត សហការី

ឪពុកម្ដាយ​កុមារ​ និង​អ្នកចូលរួម​ផ្សេងទៀត​នឹង​ឈរ​ចាំ​អបអរសាទរ​ផ្ដល់​កម្លាំង​​ចិត្ត​​ដល់​ពួកគេ​ពេល​ធាក់​មក​ដល់​ទិសដៅ​បញ្ចប់។ រូបថត សហការី