The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្រឹង​ក្រចៅ ​ដែល​ជា​ស្នាដៃ​​ដូន​ចាស់​វ័យ​ ​៦០ ឆ្នាំ​ប្លាយ​នៅ​​​​​ឯក​ភ្នំ​ កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជាវ




អង្រឹង​ក្រចៅ ​ដែល​ជា​ស្នាដៃ​​ដូន​ចាស់​វ័យ​ ​៦០ ឆ្នាំ​ប្លាយ​នៅ​​​​​ឯក​ភ្នំ​ កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជាវ

Content image - Phnom Penh Post
អង្រឹង​ក្រចៅ ដែល​​​មាន​ក្បាច់ក្បូរ​ល្អស្អាត ជាស្នាដៃ​ដូន​ចាស់​មាន​វ័យជាង​៦០ឆ្នាំ នៅ​ក្នុង​ភូមិរហាលសួង​ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង​។ រូបថត ដៃតម្បាញ​

អង្រឹង​ក្រចៅ ​ដែល​ជា​ស្នាដៃ​​ដូន​ចាស់​វ័យ​ ​៦០ ឆ្នាំ​ប្លាយ​នៅ​​​​​ឯក​ភ្នំ​ កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជាវ

ខេត្ត​បាត់ដំបង៖ ក្រោយ​ពី​​​បាន​ជាវ​អង្រឹង​ក្រចៅ ​​ក្រង​ដោយ​​ដូន​ចាស់​មួយ​មក​ប្រើ​​​ឃើញ​មាន​គុណ​ភាព​ល្អ ​និង​​មាន​ក្បូរ​ក្បាច់​​ល្អ​​​​នោះ ក៏​ជំរុញ​ឲ្យ​ទឹក​ចិត្ត​ស្រ្តី​ខ្មែរ​ម្នាក់ ដែល​ស្រឡាញ់​ចូលចិត្ត​សិប្បកម្ម​​​ច្នៃ​ពី​​រុក្ខជាតិ​វល្លិ​នោះ​ក៏ សម្រេច​​​​​ចិត្ត​​​ទទួល​​​​យក​​ផលិតផល​​​​ក្រង ឬ​ត្បាញ​ពី​ក្រចៅ​របស់​​ដូន​ចាស់​ នៅ​ក្នុង​​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ដើម្បី​ផ្សព្វផ្សាយ​លក់​បន្ត និង​អាច​ទុក​ជា​កេរមរតក​សម្រាប់​​​កូន​ខ្មែរ​ជំនាន់​ក្រោយ​ផ្នែក​វប្បធម៌​សិប្បកម្ម​ទៀត​ផង​​។​

ដោយសារ​ចង់​ឲ្យ​មុខ​​របរ​សិប្បកម្ម​ក្រង​ ឬ​ត្បាញ​​ រុក្ខជាតិ​ដែល​មាន​​ដុះ​ក្នុង​ស្រុក​ដូចជា​ ក្រចៅ រពាក់ និង​​កំប្លោក​ ជាដើម​នេះ នៅ​​​តែ​មាន​បន្ត​ជា​កេរមរតក​ដូន​តា​ខ្មែរ​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​​​នោះ ស្ថាបនិក​​​​គេហទំព័រ​ឈ្មោះ ​«ដៃ​តម្បាញ»​ អ្នក​ស្រី កែវ រាស៊ី​កណិកា ក៏​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​ការ​សិក្សា​បន្ត​ពី​ដូន​ចាស់​វ័យ​​ជាង​ ៦០ ឆ្នាំ ដែល​ចេះ​ក្បាច់​ក្បូរ ​ក្រង​អង្រឹង​ក្រចៅ​​​នេះ​ផង​ដែរ នាពេល​អនាគត​​​។

អ្នក​ស្រី កែវ រាស៊ី​កណិកា ​បញ្ជាក់​ថា៖ «​សម្រាប់​ការ​ជួយ​យក​ផលិតផល​​សិប្បកម្ម​ពី​ក្រចៅ ជា​ពិសេស​អង្រឹង​ក្រៅ​ពី​ដូន​ចាស់​នៅ​ឯក​ភ្នំ​នោះ ខ្ញុំ​ទើប​តែ​បាន​ទទួ​ល​ពី​គាត់​ប្រមាណ​ជាង​ ១ ខែ​មុន​នេះ​ឯង ហើយ​នៅ​ចុង​​សប្តាហ៍​នេះ​ ខ្ញុំ​​នឹង​ទៅ​ផ្ទះ​គាត់ ដើម្បី​ជួយ​រក​អ្នក​​ចេះ​ត្បាញ ឬ​ក្រង​អង្រឹង​ក្រចៅ​បន្ថែម ហើយ​ក៏​រក​អ្នក​រៀន​​ក្រង​ក្បាច់​ក្បូរ​ពី​ដូន​ចាស់​ផង​ដែរ ព្រោះ​ថា មើល​ទៅ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ ដូចជា​មិន​មាន​អ្នក​ចេះ​ត្បាញ​ទេ​។ ម្យ៉ាង​​វិញ​ទៀត​ ខ្ញុំ​ក៏​ចង់​ឲ្យ​មាន​អ្នក​​ចេះ​ច្រើន ដើម្បី​បង្កើន​ចង្វាក់​សិប្បកម្ម​ក្រង​ ឬ​ត្បាញ​អង្រឹង​ក្រចៅ​នេះ​​ ព្រោះ​​មាន​អ្នក​ចង់​បាន​​អង្រឹង​​ក្រចៅ​​ជា​​ស្នាដៃ​របស់​ដូន​ចាស់​ខ្លាំង​​ណាស់។ ​​ត្រឹមតែ ​២-៣ ​ថ្ងៃ​ ក្រោយ​ពី​​នាង​ខ្ញុំ​ បង្ហោះ​រូប​របស់​គាត់​នៅ​​​​តាម​​​គេហទំព័រ​ផ្ទាល់​​នោះ ក៏​​មាន​​អ្នក​​​កុម្ម៉ង់​​​ចង់​បាន​តាម​អនឡាញ​ចំនួន​​​​ ៥០​នាក់​ឯណោះ»។

Content image - Phnom Penh Post
ដើម​ក្រចៅ​ស្រស់​ពេល​កាប់​ ហើយ​សក​យក​សាច់​ទៅ​ហាល​ឲ្យ​ស្ងួតសិន​ មុន​នឹង​យក​មកច្រៀក​​ត្បាញ​ជា​អង្រឹង​ ដែល​ដូនចាស់​បាន​ចំណាយពេល​ ២សប្តាហ៍ ទើប​ក្រង​បានអង្រឹង​ ១។ រូបថត ដៃតម្បាញ​

ស្ថាបនិក​​​គេហទំព័រ ​«ដៃ​តម្បាញ»​ រូប​នេះ​ បាន​​បន្ត​ថា៖ «ពេល​នេះ នាង​ខ្ញុំ​ក៏​សុំ​អធ្យាស្រ័យ​ផង រាល់​ការ​កុម្ម៉ង់​ចង់​បាន​អង្រឹង​ក្រចៅ​ជា​ស្នាដៃ​របស់​ដូន​ចាស់​នៅ​ស្រុក​ឯក​​ភ្នំ​នោះ ព្រោះ​បង​​ប្អូន​​​ជ្រាប​ហើយ​ថា នេះគឺ​​ជា​ការ​ក្រង ឬ​ត្បាញ ​ប្រើ​​កម្លាំង​​​កាយ និង​​ប្រើ​​ដៃ​ក្រង​​របស់​ដូន​ចាស់​វ័យ​ជាង​ ៦០ ឆ្នាំ ហើយ​ទម្រាំ​បាន​អង្រឹង ​១ ត្រូវ​ប្រើ​ពេល​​​ក្រង​យូរ​បន្តិច ​គឺ​គាត់​​ប្រើ​ពេល​​ដល់​​ ២​ សប្តាហ៍​​ឯ​ណោះ។ ដូច្នេះ​​​ទើប​នាង​ខ្ញុំ​ មិន​ហ៊ាន​ទទួល​យក​ប្រាក់​កក់​ពី​​ការ​កុម្ម៉ង់​របស់​បងប្អូន​ខ្មែរ​​យើង​​ដែល​ចង់​បាន​ទេ​។ ព្រោះ​​​​រូប​គាត់​មាន​វ័យ​ចាស់​ណាស់​​ហើយ ​​មិន​មាន​កម្លាំង​​ពលំ​​ធ្វើ​​​ការងារ​នេះ​​ លឿន​​​​ដូច​​​​មនុស្ស​ក្មេង​ឡើយ និង​​​ចំណុច​កាន់​​តែ​ពិសេស​​​នោះ​ គឺ​​ពុំ​ទាន់​​​មាន​អ្នក​​ចេះ​ក្រង​​ក្បាច់​​ក្បូរ​​​ដូច​​​​​​គាត់​​​តែ​ម្តង​ នៅ​ក្នុង​​ភូមិ​​​»។ ​

មាន​តែ​​ម៉ែ​​ចាស់​​​តែ​ម្នាក់​​​ទេ ដែល​ចេះ​ក្រង​នូវ​ក្បាច់​ក្បូរ​បាន​ល្អ​ស្អាត​បែប​នេះ​​ ហើយ​​​អង្រឹង​មួយ​មាន​ទំហំ​​​ទទឹង ៨ ​តឹក និង​​​បណ្តោយ​ ២ ​ម៉ែត្រ ​ឬ​គេ​​ហៅ​​ថា​​​ អង្រឹង​​​​​ ១២ ​ខ្សែ។ ដោយ​ឡែក​​​ នេះ​​គ្រាន់​តែ​ជា​ការងារ​ ដែល​បងប្អូន​ខ្មែរ​យើង ​ឆ្លៀត​ធ្វើ​ក្រោយ​ពី​ទំនេរ​ពី​ការ​ប្រកប​​​របរ​​​ចិញ្ចឹម​ជីវិត​​​ប្រចាំ​ថ្ងៃ​ពួក​គាត់​តែ​ប៉ុណ្ណោះ»​​​​​​​​។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ដូន​​ចាស់​​វ័យ​ជាង ៦០ ឆ្នាំ ដែល​ចេះ​ក្រង ឬ​ត្បាញ​អង្រឹង​ក្រចៅ ប្រកប​ដោយ​ក្បាច់​ក្បូរ​ល្អ​ស្អាត​នោះ កំពុង​តែ​​រស់​​នៅ​​ក្នុង​ភូមិ​​រហាលសួង ឃុំ​ព្រែក​​​នរិន្ទ​ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ហើយ​ប្រសិន​បើ​ចង់​បាន​ស្នាដៃ​អង្រឹង​ទាំង​នោះ​ អាច​ទាក់ទង​​តាមរយៈ​​ម្ចាស់​គេហទំព័រ​ «ដៃ​តម្បាញ» តាម​លេខ​ទូរស័ព្ទ​ 012 33 60 28/088 55 89 055៕​

Content image - Phnom Penh Post
ដើម​ក្រចៅ​ស្រស់​ពេល​កាប់​ ហើយ​សក​យក​សាច់​ទៅ​ហាល​ឲ្យ​ស្ងួតសិន​ មុន​នឹង​យក​មកច្រៀក​​ត្បាញ​ជា​អង្រឹង​ ដែល​ដូនចាស់​បាន​ចំណាយពេល​ ២សប្តាហ៍ ទើប​ក្រង​បានអង្រឹង​ ១។ រូបថត ដៃតម្បាញ​

អត្ថបទគួរចាប់អារម្មណ៍