ភ្នំពេញ៖ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ​២០២០ ​នេះ​ភ្លាម ស្រាប់​តែ​អតីត​​កញ្ញា​ឯក​ផែនដី​កម្ពុជា​នៅ​ឆ្នាំ ២០១៧ កញ្ញា អែម គុនថង ក៏​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​​​ដល់​មហាជន​នឹង​បណ្តុំ​រូបថត​ដ៏​ចម្លែកៗ​បែប​​​​សិចស៊ី​​គួរ​ឲ្យ​ស្រឡាញ់ ហាក់​ដូចជា​ចង់​បង្ហាញ​​ប្រាប់​​ថា ​រូប​ខ្លួន​កំពុង​តែ​អភិវឌ្ឍ​សិល្បៈ​បន្ថែម​។​

គេ​នៅ​ចាំ​បាន​ថា កញ្ញាឯក​ផែនដី​កម្ពុជា​ជាមួយ​ភាព​​ស្រស់​ស្អាត​ឈុត​តំណាង​ជាតិ​របស់​កញ្ញា អែម គុនថង ដែល​បាន​គ្រង​ឈុត​ឈ្មោះ «​នាង​ឧសភី ឬ Queen of Koprey» សម្រាប់​ចូល​ប្រកួត​បវរកញ្ញា​ផែន​ដី​ពិភព​លោក​កាល​ពី​ឆ្នាំ ​២០១៧ នៅ​ប្រទេស ​ហ្វីលីពីន​ នោះ​នៅ​តែ​មាន​​រូប​​រាង​ស្ល៊ីម ស្រលូន​​ ខណៈ​រូប​​សម្ផស្ស​នាង​វិញ​​កាន់​តែ​ស្រស់​ស្អាត​។

បច្ចុប្បន្ន​កញ្ញា អែម គុនថង មាន​ការងារ​រវល់​ច្រើន​​​​នឹង​ការ​បង្ហាញ​ម៉ូដ និង​ការ​ថត​ដាក់​ទស្សនា​វដ្តី​ ដូចជា​កាល​ពេល​ឆ្នាំ​កន្លង​មក​នេះ​ ​នាង​បាន​ថត​​ឈុត​​​ស្លៀក​ស្បៃ​​ ជាមួយ​នឹង​​ក្រុម​តារា​ម៉ូដែល​ស្រី​ផ្សេងៗ​ ២ ​នាក់​ទៀត បង្ហាញ​ពី​ទស្សនៈ​យល់​ឃើញ​អំពី​បរិស្ថាន​ និង​ការ​ថត​ឲ្យ​ទស្សនាវដ្តី​ SOVRIN ផង​​ដែរ។​

ពាក់ព័ន្ធ​នឹង​ការ​លេង​ស្ទីល​​ប្លែកៗ​ បែប​សិចស៊ី​ខុស​ពី​មុន​​នា​​ដើម​ឆ្នាំ ​២០២០ ​នេះ មាន​ន័យ​បែប​ណា និង​​ចង់​បង្ហាញ​ពី​អ្វី​នោះ​ក៏​មិន​​ត្រូវ​បាន​​តារា​ម៉ូដែល​ និង​អតីត​ជា​​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ​ ២០១៧ កញ្ញា អែម គុនថង បក​ស្រាយ​ដោយ​ផ្ទាល់​ទេ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​នាង​​តេ​ចូល​ តែ​គ្មាន​អ្នក​ទទួល។​

បើ​​យោង​តាម​លោក ម៉ែន​និមលរ័តន៍ ប្រធាន​ប្រតិបតិ្ត​នៃ​អឹរ៉ាយស៍​អេជេនស៊ី (Arise Agency) ដែល​​​​​បណ្តុះបណ្តាល និង​បញ្ជូន​បេក្ខភាព​កញ្ញា​ឯក​ប្រចាំ​ឆ្នាំ​​​នោះ​បាន​បង្ហើប​​ប្រាប់​ឲ្យ​​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ពី​ភាព​ប្រែប្រួល​របស់​កញ្ញា​ឯក​​ផែនដី​កម្ពុជា​នៅ​​ឆ្នាំ ​២០១៧ ​​កញ្ញា អែម គុនថង ​​ដែរ​ថា​៖ ​«​ថ្មីៗ​នេះ គន់​ថង កំពុង​ហ្វឹកហាត់​អភិវឌ្ឍ​នូវ​ជំនាញ​សិល្បៈ​សម្តែង​​របស់​​ខ្លួន​បន្ថែម​ទៀត ហើយ​ក៏​ទើប​តែ​​ទទួល​ការ​សាកល្បង​ពី​ខាង​ផលិតកម្ម​​ថត​កុន​មួយ​ចំនួន ​ដើម្បី​ផ្តល់​ឱកាស​នៃ​​ការ​បោះ​ជំហាន​មក​កាន់​វិស័យ​សិល្បៈ​ ដើម្បី​បន្ថែម​ទីផ្សារ​សម្តែង​ផង​ដែរ​ ហើយ​ម្យ៉ាង​ទៀត​ការ​ដូរ​ស្ទីល​ប្លែក​ ឬ​លេង​ស្ទីល​ប្លែកៗ​​ទាំង​នោះ ក៏​ចង់​បង្ហើប​បង្ហាញ​ប្រាប់​​ពី​ភាព​ប្រែប្រួល​របស់​រូបនាង​សម្រាប់​ឆ្នាំ​ថ្មី​ ក្នុង​នាម​ជា​អ្នក​សិល្បៈ​ផង​​ដែរ​»៕​