ភ្នំពេញ៖​ បន្ទាប់ពីរៀប​ការ​​តាម​ប្រពៃណី​ខ្មែរ ​ជាមួយ​​ស្វាមី​​ជាតិហូឡង់ ​និង​​តាម​ស្វាមី​​​ទៅ​រស់នៅ​​ទីក្រុង​ហុងកុង​ ​​បាន​ប្រមាណ ២ ឆ្នាំ ​ហើយ​មាន​បុត្រ​ទី១ កាល​ពី​ឆ្នាំ​ ២០២០​ សោះ​ ស្រាប់​​តែ​លេច​​ដំណឹង​ថា តារា​ម៉ូដែល និង​អតីត Miss Global Cambodia ឆ្នាំ​ ២០១៦​ អ្នក​នាង សូរ្យ អេនណា ត្រៀម​​សម្រាល​បុត្រ​ទី​២​ សល់​ពេល​​ ២ ​ខែ​ទៀត​ប៉ុណ្ណោះ​ ​នៅ​​​ឆ្នាំ ២០២១ នេះ​​។

​សម្ព័ន្ធ​​ស្នេហ៍​​ប្តី​​ប្រពន្ធ​របស់​ សូរ្យ អេនណា និង​ស្វាមី​ជាតិ​ហូឡង់​ ឈ្មោះ Maurice Boumen ​វ័យ ​៣៥ ឆ្នាំ​ ដែល​មានតួនាទីជាអ្នកគ្រប់គ្រង​​សណ្ឋា​គារលំដាប់ផ្កាយ ៥ នៅ​ទី​ក្រុង​ហុង​​កុង កាល​​ពីថ្ងៃ ៦ ខែមេសា ឆ្នាំ ២០១៩​ ហើយ​ទទួល​បាន​​បុត្រី​ដំបូង​ បច្ចុប្បន្ន​មាន​វ័យ​ ១១ ខែ​​ឈ្មោះ​ Estelle Catharina Dane Boumen ឈ្មោះ​ខ្មែរ​​ហៅ​ថា «កតិកា​» ​កើត​កាលពី​ឆ្នាំ ​២០២០។​

ខណៈ​ពេលនេះ សូរ្យ អេនណា កំពុងតែ​រស​់​​នៅ​​​យ៉ា​ង​មាន​សេចក្តីសុខ​ជាមួយ​ស្វាមី ​និង​កូន​ស្រីទី​១ ​ដ៏​គួរ​ឱ្យស្រឡាញ់​​មានវ័យជាង ១១ ខែ នៅទីក្រុងហុងកុងនោះ ​អ្នកនាង​ក៏​បង្ហើប​ឱ្យអ្នក​ស្និទ្ធ​​ស្នាល ដែល​ជាអតីត​មត្តិ​រួម​​អាជីព​ដឹង​ថា ខ្លួន​កំពុង​តែ​ព​ពោះ​កូន​ទី​​២ ចំនួន ៧ ខែ​​ហើយ ដោយ​ត្រៀម​នឹង​​សម្រាល​ នៅ​​សល់​ពេល​ប្រមា​ណ ​២​ ខែ ទៀត​​​តែ​ប៉ុណ្ណោះ​។

ប្រភព​មិត្ត​រួម​អាជីព​នឹង​អ្នក​នាង សូរ្យ ​អេនណា បង្ហើប​ថា ក្រៅពីបំពេញការងារ​ជា​ស្ត្រីមេ​ផ្ទះ សព្វថ្ងៃ សូរ្យ អេនណា កំពុងព​ពោះកូនទី២ ប្រមាណ​ជា​ជិត ៧ ខែ​ហើយ​ តែនាង​មិន​បាន​ប្រាប់ថា ជា​កូន​ស្រី ឬ​​ប្រុស​នោះឡើយ ហើយ​ពួកគេ​ក៏​បាន​​លាន់​មាត់លើក​ឡើង​បែបចំអន់​លេង​ដែរ​ថា៖ «​អីយ៉ា!​ ស្រូត​តែម្តង​​ហើយ​ សូរ្យ អេន​​ណា! តែ​​ឮ​ពេលកន្លង​​​មក​នាងក៏​ធ្លាប់ប្រាប់ថា ​នឹង​ឆាប់​​យក​កូន​​​ឱ្យ​​ហើយ​​​ទៅទា​ន់​​​​ខ្លួន​​នៅ​ក្មេង»​។

ដោយ​ធ្លាប់​​ជា​តារា​ម៉ូដែលមានរូប​ឆោ​ម​ស្រស់​​​​រាងតូចស្ល៊ីម តែអតីត​​​ជា​ប្រធាន​​ក្រុម​តារា​​​ម៉ូ​ដែល «តារា​រះ​​ថ្មី​​កម្ពុជា» មានរូប​សម្បុរ​​ស្រអែម​ អ្នកនាង សូរ្យ អេនណា ក្រោយ​​​ពី​​បាន​​រៀប​ការ​​ ជា​មួយ​​​​​សា្វមី​​​​ជាតិ​ហូឡង់​ មក​អ្នក​នាង​បាន​​​ឡើង​ទម្ងន់​ដល់​ ៦៧ គីឡូ​ឯណោះ​ តែ​ទោះជាយ៉ាង​ណា ​​អ្នក​​​នាង​ក៏​មិ​ន​មាន​​ការព្រួយ​បារម្ភ​​ខ្លាច​ថា ខូច​រាង​នោះ​ឡើយ។​

ដោយសារ​ស្វាមី​ជាអ្នក​មាន​​ទ្រព្យធូរធារ​ និង​មាន​​កូន​តូច​ជាប់ដៃ​ជា​បន្ត​បន្ទាប់​នោះ គេ​មិន​ទាន់​​​ដឹង​ថា​ តើ​​តារាម៉ូ​ដែល​​សម្បុរ​ស្រអែម​ស្រស​់​រូប​នេះ មាន​​​​បំណងចង់​វិល​ចូល​ប្រឡូក​នៅក្នុង​វិស័យ​បង្ហាញ​​ម៉ូដ​ដូច​ជា​កាល​មុន​ ឬ​បែប​ណា​​​ឡើយ​។ ​

គួរ​​​បញ្ជាក់​​​​ថា តារាម៉ូដែល Miss Global Cambodia​ ឆ្នាំ​ ២០១៦​ សូរ្យ អេនណា បាន​រៀបការ​​ទៅ​​តាម​​ប្រ​​ពៃ​​​ណីខ្មែរ ជាមួយ​បុរស​ជន​ជាតិ​ហូឡង់​វ័យ ៣៥ ឆ្នាំ មានឈ្មោះ Maurice Bou​​men ​​ដែល​មាន​​តួ​នាទី​ជា​អ្នក​​គ្រប់គ្រង​សណ្ឋា​​គារ​​​លំដាប់ផ្កាយ ៥ នៅ​ឯទី​ក្រុង​ហុងកុង ​កាល​​ពីថ្ងៃ​ ៦ ខែ មេសា ឆ្នាំ​ ២០១៩ រៀបចំ​នៅ​ឯ​កោះ​ពេជ្រ ​ទទួល​​ភ្ញៀវ​​ចំនួន​ ៦០ តុ​៕