
ស្នាដៃគំនូរសហសម័យឈ្នោះថា «Couple& Family» របស់វិចិត្រករ មិល ចាន់ក្រីម។ រូបថត សហការី
ក្រុងបាត់ដំបង៖ បណ្តុំស្នាដៃគំនូរបែបសហសម័យ ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីបញ្ហាសង្គមជាច្រើនដូចជាស្នាដៃមានចំណងជើងថា «Caring 3 eras» ស្នាដៃឈ្មោះថា «The Market» ស្នាដៃឈ្មោះថា «Heart & Brain» ស្នាដៃឈ្មោះថា «Drought» ស្នាដៃឈ្មោះថា «Couple & Family» ជាដើម ដែលសុទ្ធតែជាស្នាដៃរបស់វិចិត្រករលោក មិល ចាន់ក្រីម បង្កើតជាគោលដៅបរិយាយពីបញ្ហាសង្គម។
លោក មិល ចាន់ក្រីម វ័យ ៣០ ឆ្នាំ ជាវិចិត្រករសហសម័យ ដែលកំពុងតែបង្កើតស្នាដៃសហសម័យដាក់តាំងនៅឯវិចិត្រសាលជនបទ (Romcheik 5 Studio) នៅខេត្តបាត់ដំបង មានប្រវត្តិពីអតីតកាលធ្លាប់ជាកុមារា ចាកចេញទៅធ្វើការជាពលករនៅប្រទេស ថៃ មានស្រុកកំណើតនៅឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានអតីតកាលពោរពេញដោយភាពសោកសៅដិតដាមអារម្មណ៍។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់ជាក្មេងត្រូវបានឪពុកម្តាយទុកចោល មិនរវល់មើលថែកាលពីនៅក្មេង ខ្សែជីវិតរស់នៅដូចចករសាត់កណ្តាលផ្ទៃជលសា និងក្លាយជាកូនកំព្រានៅវ័យ ១៣ ឆ្នាំ និងធ្វើចំណាកស្រុកទៅធ្វើការនៅថៃ។
លុះដល់វ័យ ១៤ ឆ្នាំ លោកក៏បានការបណ្តុះបណ្តាលជំនាញគំនូរពីមជ្ឈមណ្ឌលកុមារកំព្រាកុមាររីករាយ ឬ KMR និងចូលរៀននៅសាលាហ្វារពន្លឺសិល្បៈឆ្នាំ ២០០៦ និងបញ្ចប់ជំនាញសិល្បៈសូនរូបនៅឆ្នាំ ២០១៣ ហើយក៏បានចាប់អាជីពពីពេលនោះមក។

លោក មិល ចាន់ក្រីម នាពេលកំពុងប្រើអារម្មណ៍ផ្ចង់លើការគូរគំនូរសហសម័យរបស់ខ្លួន។ រូបថត សហការី
បច្ចុប្បន្នវិចិត្រករសហសម័យមានវ័យ ៣០ ឆ្នាំ កំពុងតែត្រៀមបង្កើតស្នាដៃដើម្បីចូលរួមដាក់តាំងពិព័រណ៍លក្ខណៈអន្តរជាតិជាមួយក្រុមវិចិត្រករខ្មែរផ្សេងៗទៀត នៅអាមេរិកនាពេលប៉ុន្មានខែខាងមុខឆ្នាំ ២០២០ នេះ ក្រៅពីការតាំងស្នាដៃខ្លួនក្នុងស្រុកនៅឯវិចិត្រសាលជនបទ នៅខេត្តបាត់ដំបងនោះ។
បើតាមមើលបណ្តុំស្នាដៃរបស់លោក មិល ចាន់ក្រីម នោះសុទ្ធតែមានលក្ខណៈបែបវៀចវេរនៃរូបរាង គឺខុសប្លែកពីស្នាដៃរបស់វិចិត្រករដទៃទៀត ខណៈក៏ជាចម្ងល់មួយសម្រាប់ទស្សនិកជនផងដែរ។ វិចិត្រករ មិល ចាន់ក្រីម បញ្ជាក់ឲ្យដឹងថា៖ «មូលហេតុស្នាដៃគំនូរទាំងអស់របស់ខ្ញុំមានរូបរាងដូច្នោះដោយសារតែជាការប្រើគំនិតផ្ទាល់ខ្លួនមួយរបស់ខ្ញុំនៅក្នុងការបង្កើតស្នាដៃតែម្តងគឺថា រូបរាងបែបវៀចវេររបស់គំនូរគឺជាតំណាងនូវភាពជាអតុល្យភាពនៃជីវិតរបស់កាលនៅពីក្មេង ដែលមានភាពខុសប្រក្រតីពីក្មេងដទៃក្នុងសង្គមគ្រួសារ។ កាលនៅពីក្មេង (វ័យនៅចន្លោះ ១១-១២ ឆ្នាំ) ខ្ញុំរស់នៅក្នុងគ្រួសារមួយ ដែលមានលក្ខណៈខ្វះនូវភាពកក់ក្តៅពីឪពុកម្តាយ និងក្លាយជាកូនកំព្រានៅវ័យ ១៣ ឆ្នាំ ហើយបានចាកចេញពីស្រុកកំណើតទៅធ្វើការនៅព្រំដែនប្រទេស ថៃ នោះឯង»។ លោក មិល ចាន់ក្រីម បន្ថែមទៀតថា៖ «កាលពីដំបូងៗឡើយ រាល់ស្នាដៃរបស់ខ្ញុំភាគច្រើនបរិយាយអំពីរឿងរ៉ាវស្តីពីជីវិតផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ។ តែនារយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ ខ្ញុំច្រើនគូរគំនូរស្តីពីបញ្ហាសង្គមច្រើនជាងខ្លួនឯងវិញ»។

ស្នាដៃគំនូរមានឈ្មោះថា «Caring 3 eras»។ រូប សហការី
ទោះបីជាអាជីពវិចិត្រករសហសម័យ ហាក់នៅពុំទាន់បានហុចផលល្អសមនូវក្តីប្រាថ្នាមែនក្តី ក៏សេចក្តីស្រឡាញ់សិល្បៈវិចិត្រកម្មរបស់លោក មិល ចាន់ក្រីម មិនអាចក្លាយជាឧបសគ្គរាំងស្ទះ ក្នុងការបង្កើតស្នាដៃគំនូរបែបសហសម័យរបស់លោកឡើយ។ ចំពោះស្នាដៃគំនូរសហសម័យរបស់វិចិត្រករ មិល ចាន់ក្រីម មានលក់ចាប់ពីទាបបំផុត ១ ផ្ទាំង ទំហំ ៣០ x ៦០ សង់ទីម៉ែត្រ តម្លៃ ២០០ ដុល្លារ រហូតដល់ ១ ផ្ទាំង ១០០០ ដុល្លារ ដែលមានទំហំ ៧៥ x ១២០ សង់ទីម៉ែត្រ ដោយគំនូរខ្នាតតូចប្រើពេលចន្លោះពី ៥-៧ ថ្ងៃ ខណៈខ្នាតធំប្រើពេលគូរកន្លះខែ ឬ ១ ខែ៕

ស្នាដៃគំនូរមានឈ្មោះថា «The Market»។ រូប សហការី