ភ្នំពេញៈ អតីត​ជា​កុមារី​ដែល​មាន​គ្រួសារ​ធ្លាប់​ជា​អ្នក​ចៀរ​កៅស៊ូ​នៅ​ខេត្ត​កំពង់ចាម និង​បាន​ដូរ​លំនៅ​មក​រស់នៅ​ភ្នំពេញ​ក្បែរ​តំបន់​គំនរ​សំរាម​នៃ​ស្ទឹងមានជ័យ និង​រហូត​ដល់​មាន​វ័យ ១១ ឆ្នាំ​ទើប​បាន​ចូលរៀន​នៅ​សាលា​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) រ៉ុន សុភី ពេល​នេះ​បាន​ជាប់​អាហារូបករណ៍​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មែលប៊ន​នៅ​អូស្ត្រាលី​។

កញ្ញា រ៉ុន សុភី ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​ ១២ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាលពី​ឆ្នាំ​ ២០១៧ និង​បាន​ដាក់​ពាក្យ​ជាប់​អាហារូបករណ៍​សិក្សា​បន្ត​នៅ​ប្រទេស​អូស្ត្រាលី​ជាប់​សិក្សា​ថ្នាក់មូលដ្ឋាន​នៅ​ឆ្នាំ​ ២០១៨ និង​បន្ត​រើស​មុខ​ជំនាញ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។ ថ្លែងប្រាប់​កាលពី​ថ្ងៃទី​ ២០ ខែ​មិថុនា​ឆ្នាំ​ ២០១៩ កន្លង​មក កញ្ញា រ៉ុន សុភី ឲ្យ​ដឹង​ពី​ការ​សម្រេច​យក​មុខជំនាញ​នៅ​សាកលវិទ្យាល័យ​មែលប៊ន​ពេល​ជួប​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សាលា Neeson Cripps Academy នៃ​តំបន់​គំនរ​សំរាម​ស្ទឹងមានជ័យ​នា​មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​នៅ​ខែ​ក្រោយ​ថា​៖ «​នាង​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​មូលដ្ឋានគ្រឹះ​នៅឯ​សាកលវិទ្យាល័យ Melbourne ជាង ១ ឆ្នាំ​ហើយ ខណៈ​ការវិល​ទៅ​វិញ​នៅ​ខែ​ក្រោយ​នេះ​នឹង​ចាប់​យក​ជំនាញ​»​។

បើ​តាម​ការស្រឡាញ់​នោះ​គឺ​ចង់​រៀន Bachelor of Commerce តែ​ដោយសារ​នាង​ខ្ញុំ​មិន​មាន​លទ្ធផល​ល្អ​ផ្នែក​គណិត​នោះ​ក៏​សម្រេច​យក​ជំនាញ Bachelor of Arts​វិញ​។ តែបើ​តាម​គ្រូៗ​ប្រាប់​ថា ខ្ញុំ​ក៏​អាច​រៀន​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​បាន​ដែរ​តាម​វិធី​វាង​សម្រាប់​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​»​។

ដោយ​ធ្លាប់​ជា​ក្មេងស្រី​រើស​សំរាម​នៅ​តំបន់​ស្ទឹងមានជ័យ សែន​កំសត់​គ្មាន​ផ្ទះសំបែង​ច្បាស់លាស់ ហើយ​រហូត​ដល់​មាន​វ័យ ១១ ​ឆ្នាំ​ទើប​បាន​ចូលរៀន ខណៈ​ត្រូវ​បាន​ជួយ​ដោយ​អង្គការ CCF របស់​លោក Scott Neeson នោះ​កញ្ញា រ៉ុន សុភី នៅ​តែ​ទន្ទេញ​ចាំ​ជាប់មាត់​ជានិច្ច​ពី​ការជួយ​ប្រែ​ក្លាយ​ជីវិត​ខ្លួន​ឲ្យ​មាន​ពន្លឺ​វិជ្ជា និង​បាន​ស្គាល់​ពិភពលោក​កាន់តែ​ធំ និង​មាន​ឱកាស​រៀន​ចប់​វិទ្យាល័យ និង​បន្ត​ការសិក្សា​ក្រៅ​ប្រទេស​ទៀត​ដែរ​»​។

កញ្ញា រ៉ុន សុភី លើក​ឡើង​ដោយ​ការរំឭក​ថា​៖ «​ប្រសិន​បើ​មិន​បាន​ការជួយ​ពី​អង្គការ​របស់ Scott Neeson ទេ ជីវិត​ខ្ញុំ​ពេល​នេះ​ក៏​មិនដឹង​យ៉ាងណា​ដែរ​។ ក្រោយពី​បាន​ចូល​រៀន​មក ខ្ញុំ​គិត​ថា​ជីវិត​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ បើ​ប្រៀប​ទៅ​នឹង​កាលពី​ខ្លួនឯង​នៅ​ជា​ក្មេង​រើស​សំរាម​នោះ​គឺ​ខ្ញុំ​មាន​ចំណេះដឹង​ដូចជា​ក្មេង​នៅក្នុង​គ្រួសារ​មាន​លទ្ធភាព​ឲ្យ​រៀន ចេះ​ភាសា​អង់គ្លេស​អាច​ប្រើការ​ប្រាស្រ័យ​ទាក់ទង​បាន និង​មាន​ឱកាស​រៀន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​»​។

ខណៈ​ជិត​ទៅ​រៀន​នៅ​អូស្ត្រាលី​ក្នុង​ពេល​ឆាប់ៗ​នេះ ទោះបី​សល់​ពេល​ប្រមាណ​ ២-៣ ឆ្នាំ ទើប​ចប់​ថ្នាក់​បរិញ្ញាបត្រ និង​អាច​រក​ការងារ​ល្អ​បាន​សាង​ពន្លឺ​ជីវិត​ខ្លួន ក៏ដូចជា​ទី​ពំនឹង​គ្រួសារ​ដោយ​មាន​ឪពុកម្តាយ និង​បងប្អូន​ផ្សេងៗ​ទៀត​នៅ​ស្រុក​ខ្មែរ​នោះ​មែន​ក្តី ក៏​យុវតី​ខ្មែរ​ធ្លាប់​ស្គាល់​រសជាតិ​លំបាក​កាលពី​វ័យក្មេង​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ជួយ​គ្រួសារ​ឲ្យ​រួច​ផុត​ពី​ភាពក្រីក្រ​ឲ្យ​ខាង​តែ​បាន​ពេល​វិល​មក​ស្រុក​កំណើត​វិញ​។

កញ្ញា សុភី បញ្ចាក់​ថា​៖ «​ខ្ញុំ​សន្យា​ក្នុង​ចិត្ត​រួច​ហើយ​ថា នឹង​ជួយ​គ្រួសារ​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ ជាពិសេស​នោះ​ចង់​ឃើញ​ឪពុកម្តាយ​ខ្ញុំ​មាន​ភាព​ស្រណុក ព្រោះ​ថា​តាំងពី​ក្មេង​មក​ខ្ញុំ​មិន​ដែល​ឃើញ​ពួកគាត់​មាន​ភាពស្រណុក​ស្រួល​នៅ​ឡើយ​ទេ​»៕