ភ្នំពេញៈ ដោយសា​តែ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ បាន​ក្លាយ​ជា​រនាំង​បាំង​ចំណូលចិត្ត​តាំងពី​វ័យក្មេង និង​មុខរបរ​ជា​ទីស្រឡាញ់​របស់​លោក ឡុង ឡាវី បាន​អូសបន្លាយ​ពេល​ជាង ២០ ​ឆ្នាំ ទើប​សម្រេច​ក្តីស្រមៃ​គឺជា​វិចិត្រករ​នៅ​ Open Cambodia Studio និង​បាន​ត្រៀម​ដាក់តាំង​បង្ហាញ​នូវ​ស្នាដៃ​គំនូរ​ខ្លួនឯង​ជា​លើក​ដំបូង​នៅ​ថ្ងៃទី​ ៤ ខែ​ កក្កដា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​នៅឯ​វិចិត្រសាល «​ផ្ទះ​ចិន​» នៅក្នុង​រាជធានី​ភ្នំពេញ​។

ស្នាដៃ​គំនូរ ២០ ផ្ទាំង​របស់​លោក ឡុង ឡាវី ដែល​នឹង​ត្រៀម​ដាក់តាំង​ពិព័រណ៍​នោះ​គឺ​មាន​ច្រើន​សណ្ឋាន​គឺ​មាន​ដូចជា​រូប​រ៉ឺម៉ក​កង់​៣ រូប​ទេសភាព​ស្រុកស្រែ​មាន​វាលស្រូវ និង​ដើមត្នោត ហ្វូង​សត្វ​គោក្របី ហ្វូង​សត្វ​ស្លាប​ហោះហើរ រូប​បណ្តាញ​ខ្សែភ្លើង រូប​ត្រពាំង​បឹង​ឈូក​ជាដើម​ ដែល​សុទ្ធសឹង​តែ​មាន​ន័យ​ចង់​បង្ហាញ​ពី​ស្ថានភាព​នៃ​ការប្រកបមុខរបរ​រកស៊ី​របស់​មនុស្ស និង​សត្វ​លើ​លោក​។

ដោយឡែក​អត្ថន័យ​នៃ​គំនូរ​រូប​រ៉ឺម៉ក​កង់​ ៣ ​ខ្មែរ ដែល​ឆ្លុះបញ្ចាំង​ពី​មុខរបរ​ខ្លួន​ធ្លាប់​ប្រកប ១៤ ​ឆ្នាំ​នោះ លោក ឡុង ឡាវី ប្រាប់​ឲ្យ​ដឹងថា​៖ «​ជា​ការពិត​រូប​នេះ ខ្ញុំ​ចង់​រំឭក​ពី​មុខរបរ​ដែល​ខ្ញុំ​ធ្លាប់​ចាប់​យក​មក​ចិញ្ចឹម​ជីវិត​នា​ចុងក្រោយ​គេ ដែល​មាន​សភាព​លំបាក​ទាំង​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​ត្រូវ​ទ្រាំ​ត្រែង​តស៊ូ​នឹង​អាកាសធាតុ​ក្តៅ​ត្រជាក់​ទៀត​ផង​។ ម្យ៉ាងទៀត​ក៏​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នៃ​ក្រុម​ប្រកប​មុខរបរ​រត់​រ៉ឺម៉ក​កង់​៣​ខ្មែរ នាពេល​ឥឡូវ​នេះ​កំពុង​តែ​ធ្លាក់​ចុះ​ទាំង​ចំនួន​អ្នក​ប្រកប និង​ប្រជាប្រិយភាព​ពី​អ្នកជិះ​ព្រោះ​តែ​វត្តមាន​នៃ​យានជំនិះ​ថ្មី​ជា​រ៉ឺម៉ក​កង់​៣​ឥណ្ឌា (Pass Apps) ផង​ដែរ​»​។

វិចិត្រករ ឡុង ឡាវី កាលពី​លោក​នៅ​ប្រកបរបរ​ជា​អ្នករត់​រ៉ឺម៉ក​កង់​៣​។ រូបថត សហការី

ទោះបី​ទើប​បាន​ប្រកបរបរ​ថ្មី​ជិត ១ ឆ្នាំ​មែន​ក្តី ក៏​វិចិត្រករ​អតីត​ជា​អ្នករត់​រ៉ុម៉ក​កង់​ ៣ អ្នក​ប្រដាល់​សេរី និង​ជា​សន្តិសុខ​យាម​ផ្ទះ​គេ ឡុង ឡាវី ក៏​មាន​សុទិដ្ឋិនិយម​នឹង​អាជីព​ថ្មី ដែល​ខ្លួន​ស្រឡាញ់​ពី​ក្មេង​ដែរ និង​ជឿ​ថា​អាច​ជួយ​សម្រួល​ជីវភាព​គ្រួសារ​ចាប់ពី​ពេល​នេះ​ទៅ​ថ្ងៃ​អនាគត​។

ឡុង ឡាវី បង្ហើប​ថា​៖ «​ក្រោយពី​ប្រកបរបរ​ថ្មី​មួយ​រយៈ​មក ទោះបី​ជា​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​មែន​ក្តី តែ​បើ​ប្រៀបធៀប​នឹង​របរ​ចាស់​វិញ អាជីព​ថ្មី​នេះ​គ្រាន់​បើ​ជាង​បន្តិច ទាំង​ការរក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​ទំហំ​ការងារ​។ ការគូរ​គំនូរ​មាន​ភាពធូរស្រាល​ជាង​កាល​នៅ​រត់​រ៉ឺម៉ក​កង់​ ៣ គឺ​មិន​ត្រូវ​ទ្រាំ​ជាមួយ​នឹង​អាកាសធាតុ​ត្រជាក់​ក្តៅ​នោះ​ទៀត​ឡើយ​»​។

ឡុង ឡាវី កើត​នៅ​ខេត្ត​ពោធិ៍សាត់ តែ​ធំ​ដឹង​ក្តី​ពេញវ័យ​នៅ​ទំនប់​កប់​ស្រូវ ដែល​អតីត​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល ខណៈ​បច្ចុប្បន្ន​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​ប្រពន្ធ​នៅ​ខេត្ត​ព្រៃវែង ហើយ​មាន​កូន​ប្រុស ១ និង​កូនស្រី ១ ​។

លោក ឡុង ឡាវី អតីត​ជា​កីឡាករ​ប្រដាល់សេរី​កាល​មាន​វ័យ ១៧ ​ឆ្នាំ​ ដែល​ការឡើង​ប្រកួត​ម្តង​បាន​តម្លៃ​ខ្លួន ៣-៤ ម៉ឺន​រៀល​នា​អំឡុងពេល​នៃ​ឆ្នាំ​ ២០០០-២០០៤ និង​បាន​រៀន​ត្រឹម​ថ្នាក់​ទី​ ១២ តែ​មិន​បាន​ប្រឡង​សញ្ញាបត្រ​បាក់ឌុប នៅ​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ​។ លោក​ធ្លាប់​ជា​អ្នករត់​រ៉ឺម៉ក​កង់​៣​ខ្មែរ ប្រមាណ​១៤ ​ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​ ២០០៥-២០១៨ និង​ធ្លាប់​ធ្វើ​ជា​សន្តិសុខ​យាម​ផ្ទះ​ឲ្យ​គេ​ប្រមាណ ២-៣ ឆ្នាំ​ដែរ​មុន​មក​ប្រកបរបរ​រត់ រ៉ឺម៉ក​កង់​ ៣​។

ស្នាដៃ​គំនូរ​ទឹកថ្នាំ (Watercolors) ប្រមាណ​ចំនួន ២០ ផ្ទាំង​ដែល​មាន​ទំហំ​ខុសៗ​គ្នា​របស់​វិចិត្រករ​វ័យ ៣៨ ឆ្នាំ​លោក ឡុង ឡាវី ចំណាយពេល​គូរ​ជិត ១ ​ឆ្នាំ​សម្រាប់​ការចាប់​អាជីព​ថ្មី​ជា​វិចិត្រករ​នោះ ខណៈ​តម្លៃ​មាន​ទាប​បំផុត ១ ​ផ្ទាំង ១២០ ​ដុល្លារ និង​ខ្ពស់​បំផុត ១ ​ផ្ទាំង​មាន​តម្លៃ ៥០០ ​ដុល្លារ​៕

គំនូរ​រំឮក​ពីអាជីពចាស់កាលជាកីឡាករប្រដាល់​សេរី។រូបភាព សហការី

វីដេអូ​៖