
សាលាមធ្យមវិចិត្រសិល្បៈនឹងសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ ដើម្បីរៀបចំឲ្យមានការសម្ដែងល្ខោនស្បែកធំ ការផ្ទេរចំណេះដឹងនៅទីតាំងសាលា។ រូបថត ហ៊ាន រង្សី
ភ្នំពេញ៖ ក្រោយប្រកាសដំណឹងទាំងក្ដីស្រណោះ ពីការបិទទ្វាររោងល្ខោន សុវណ្ណភូមិ ដែលបានផ្ដល់ទស្សនីយភាព និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិសាសន៍ខ្មែរដល់ភ្ញៀវបរទេសអស់រយៈពេលជាង ២៦ ឆ្នាំមកហើយនោះ អតីតប្រធានសមាគម សុវណ្ណភូមិ លោក ម៉ាន់ កុសល នៅតែនឹករំពៃថា លោកនឹងអាចត្រឡប់មកសម្ដែងជូនទស្សនិកជនជាថ្មី។
ជាមួយចំណេះ និងជំនាញមរតកពីបុព្វបុរស អតីតប្រធានសមាគមរូបនេះ បានអះអាងថា លោកនៅតែចង់សម្ដែងអស់ពីបេះដូង ទោះត្រូវបម្រើការជាបុគ្គលិកក្រោមបង្គាប់ថៅកែ ក៏រូបលោកសុខចិត្តដែរ ឲ្យតែរូបលោកអាចធ្វើការក្នុងវិស័យល្ខោននេះបាន។
ក្នុងជំនួបជាមួយ ភ្នំពេញ ប៉ុស្ដិ៍ នៅសមាគម សុវណ្ណភូមិ ឯសង្កាត់បឹងត្របែក លោក ម៉ាន់ កុសល បានអង្គុយរៀបរាប់ទាំងអាលោះអាល័យ រីឯក្រុមការងាររោងល្ខោនឯទៀតកំពុងរៀបចំទុកដាក់សម្ភារសម្ដែងសិល្បៈក្នុងគ្រាលែងមានការសម្ដែង។
ការកកើត និងវេលារុងរឿងនៃរោងល្ខោន
លោកគ្រូ កុសល បានឲ្យដឹងថា ថារោងល្ខោន សុវណ្ណភូមិ បានកកើតចុងឆ្នាំ ១៩៩៣ ដោយការផ្ដួចផ្ដើមពីស្ត្រីបារាំងម្នាក់ឈ្មោះ ឌេលហ្វីន កាសេម (Delphine Kassem) ក្នុងទម្រង់ជាហាង កាហ្វេទេអាត (Cafe De Art) ដែលមានការសម្ដែងសិល្បៈខ្មែរជាទ្រង់ទ្រាយតូចសម្រាប់ភ្ញៀវបរទេស ទស្សនានៅពេលល្ងាច។
លោក ម៉ាន់ កុសល បានចូលរួមក្នុងការសម្ដែងនៅហាងកាហ្វេរបស់អ្នកស្រី ឌេលហ្វីន នៅក្នុងឆ្នាំ ១៩៩៤។

ឧបករណ៍សម្ដែងត្រូវបានរៀបចំប្រគល់ជូនសាលាវិចិត្រសិល្បៈ។ រូបថត ហ៊ាន រង្សី
លោកបានរំឭកប្រាប់ថា៖ «ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនច្រៀង ហើយក្រោយមក ខ្ញុំមានឱកាសធ្វើការនៅនាយកដ្ឋានសិល្បៈ។ ពេលនោះ ខ្ញុំឃើញស្បែកតូច និងស្បែកធំ ហើយមានចិត្តស្រឡាញ់ល្ខោនស្បែកនេះណាស់ រហូតខ្ញុំចាប់ផ្តើមរៀនធ្វើស្បែកតូច និងធំដោយខ្លួនឯង។ ក្រោយមកខ្ញុំយកចំណេះដឹង និងជំនាញដែលខ្ញុំមាននោះ មកសម្ដែង និងដឹកនាំសម្ដែងឲ្យរោងល្ខោនកាហ្វេទេអាត ដែលក្រោយមកហាងកាហ្វេបានប្រែខ្លួនទៅជា សមាគមសិល្បៈវិញ»។
អ្នកស្នេហាសិល្បៈទាំង ២ រូបនេះបានសហការគ្នាប្រែក្លាយហាងកាហ្វេទេអាត ឲ្យក្លាយជាសមាគមសិល្បៈពិតប្រាកដមួយ ដោយមានសម្ដែងសិល្បៈគ្រប់ទម្រង់ ដូចជា ល្ខោនស្បែកតូច ស្បែកធំ របាំប្រពៃណី របាំបុរាណ សៀក ល្ខោននិយាយ ល្ខោនបាសាក់ និងយីកេ នៅទីតាំងផ្លូវលេខ ៣៦០ រាជធានីភ្នំពេញ។
ការចាប់ផ្តើមដំបូងរបស់សមាគម ពុំមានជំនួយពីស្ថាប័នណាទាំងអស់។
ដោយកាលណោះ ល្ខោនស្បែកតូច របាំប្រពៃណី និងរបាំបុរាណ ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងជាងគេ លោក ម៉ាន់ កុសល ផ្តើមធ្វើស្បែកតូចលក់យកប្រាក់មកផលិតស្បែកធំ។
អំឡុងឆ្នាំ ១៩៩៦ និង ២ ០០០ រោងល្ខោនមានភ្ញៀវមកទស្សនាពេញៗ។ សំបុត្រគ្រប់ការសម្ដែង លក់ដាច់គ្មានសល់ ដោយភ្ញៀវបរទេសខ្លះកក់សំបុត្រមុន ៦ ខែក៏មាន។

លោកគ្រូ កុសល និយាយទាំងទប់ទឹកភ្នែកមិនបាន។ រូបថត ហ៊ាន រង្សី
វិបត្តិហូរហែបង្ខំចិត្តបិទទ្វារ
រោងល្ខោន សុវណ្ណភូមិ បានប្ដូរទីតាំងផ្លូវលេខ ៩៩ ម្ដុំបឹងត្របែក។ ក្នុងដំណើរលើវិថីផ្ដល់ទស្សនីយភាពសិល្បៈបុរាណ សមាគមបានជួបប្រទះបញ្ហាហិរញ្ញវត្ថុ និងស្ទើរតែបិទរោងល្ខោនដ៏ចំណាស់បំផុតនេះម្តងរួចមកហើយ។
រំឭកដល់វេលាហែលឆ្លងអតីតដ៏ជូរចត់ លោកនិយាយទាំងទឹកភ្នែកថា៖ «ក្នុងរយៈពេល ៣ ឆ្នាំមុននេះ ខ្ញុំ និងបុគ្គលិកពេញម៉ោងដទៃទៀត ធ្វើការបានប្រាក់ខែមិនដល់ ៤០ ដុល្លារផង។ ពេលខ្លះ គ្នាយើង ៣-៤ នាក់ ហូបបាយជាមួយត្រីចំហុយ ១ ក្បាលប៉ុណ្ណោះ ហើយមានពេលខ្លះទៀត យើងខ្វះខាតរហូតអ្នកជិតខាងទិញអង្ករយកមកឲ្យទុកដាំបាយហូបទៀត»។
ចំនួនអ្នកទស្សនាការសម្ដែងនៅរោងល្ខោនសុវណ្ណភូមិ បានធ្លាក់ចុះជាលំដាប់ រហូតមកសល់ត្រឹមតែ ១០ ទៅ ១៣ នាក់ ដែលនៅតែពុំអាចទប់ថ្លៃចំណាយដ៏ច្រើនបាន។
សំណាងល្អ សមាគមមានសប្បុរសជនជួយផ្តល់ថវិកាទ្រទ្រង់ការសម្ដែង និងដោះស្រាយថ្លៃជួលទីតាំង។
លោកបញ្ជាក់ថា៖ «មុនពេលមានជំងឺរាតត្បាតកើតឡើង សិល្បៈលើឆាកស្ទើរតែធ្លាក់ដល់សូន្យ ដ្បិតវិស័យទេសចរណ៍ក៏មានការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលធ្វើឲ្យការទិញសំបុត្រតាមអនឡាញពីក្រៅប្រទេសមានការធ្លាក់ចុះដល់កម្រិត»។

ទោះជារោងល្ខោនសុវណ្ណភូមិ បិទទ្វារ តែសមាគមសិល្បៈសុវណ្ណភូមិ នៅតែដំណើរការ។ រូបថត ហ៊ាន រង្សី
ការបន្តសម្ដែងទាំងត្រដាបត្រដួស ព្រោះតែលោកអាណិតកូនសិស្ស ដែលអង្វររូបលោកឲ្យបន្តសម្ដែង ដើម្បីគ្រាន់បានថវិកាតិចតួចយកទៅរៀន។
លោកគ្រូ កុសល បានរៀបរាប់ថា៖ «ខ្ញុំចិញ្ចឹមកូនសិស្ស រៀននៅសាលាមធ្យមសិល្បៈ ៤-១០ នាក់ដែរ។ ដូច្នេះលុយបានពីការលក់សំបុត្រតិចតួច ខ្ញុំប្រគល់ឲ្យកូនសិស្សទាំងអស់ ដើម្បីបានទៅរៀន។ ទោះជាអ្នកមើល ៥ នាក់ ក៏យើងសម្ដែងដែរ»។
ប៉ុន្តែបុគ្គលិកដទៃទៀតដែលធ្វើការជាមួយលោកសុទ្ធតែមានកូនក្នុងបន្ទុក ដែលមិនអាចធ្វើការដោយគ្មានប្រាក់ខែនោះឡើយ។
ឆ្លងកាត់ឧបសគ្គផ្លូវចិត្តដ៏ច្រើនតាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទទ្វាររោងល្ខោន លោក ម៉ាន់ កុសល បាននិយាយទាំងអួលដើម ក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ដូច្នេះការបិទជាជម្រើសល្អបំផុត បើកឱកាសឲ្យគាត់ចេញពីទីនេះ ព្រោះបើខ្ញុំមិនបិទរោងល្ខោន គាត់នឹងនៅតែបន្តធ្វើការជាមួយខ្ញុំ ទោះគ្មានប្រាក់ខែក៏ដោយ»។
ការផ្ទេរឧបករណ៍សម្ដែង បន្តដង្ហើមឲ្យសិល្បៈល្ខោន
ក្រោយពីសន្ទនាទាំងទឹកភ្នែកអំពីការចែកផ្លូវដើររៀងៗខ្លួនរវាងសមាជិករោងល្ខោន លោកគ្រូ កុសល បាននឹកឃើញសំណួរក្នុងក្រុមថា៖ «តើយើងអាចយកបេះដូងរបស់យើងចេញពីទីនេះកើតទេ? យើងសម្លឹងមើលមុខគ្នា ហើយហូរទឹកភ្នែក នឹកស្រណោះរោងល្ខោនមួយនេះ»។
លោកតែងចោទសួរខ្លួនឯងដដែលៗថា៖ «ប្រសិនបើខ្ញុំបិទរោងល្ខោនទៅ តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីរក្សាវប្បធម៌នេះឲ្យនៅដដែល»។
លោកគ្រូក៏នឹកឃើញ និងសម្រេចចិត្តថា នឹងយកឧបករណ៍សម្ដែងទាំងស្បែកតូច និងស្បែកធំ ទៅប្រគល់ជូនសាលាវិចិត្រសិល្បៈ ដើម្បីរៀបចំចាត់ចែងសិស្សឲ្យថែរក្សា និងរៀនសូត្របន្តទៀត។
បន្ទាប់ពីបិទទ្វារ លោក ម៉ាន់ កុសល នឹងទៅរស់នៅក្នុងស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ប៉ុន្តែលោកគ្រូសិល្បៈវ័យក្បែរ ៦០ រូបនេះនៅតែមានក្ដីស្រមៃ និងសង្ឃឹមថា លោកនឹងអាចត្រឡប់មកសម្ដែងឲ្យទស្សនិកជនទាំងឡាយបានទស្សនាឡើងវិញម្តងទៀត។

ស្បែកប្រើក្នុងការសម្ដែងល្ខោនស្បែកធំ ជាបេតិកភណ្ឌពិភពលោក។ រូបថត ហ៊ាន រង្សី
លោកបន្តយ៉ាងដូច្នេះថា៖ «ពេលនេះហួសពេលបន្តិចហើយ ទោះមានការជួយផ្នែកមូលនិធិណាមួយក៏ដោយ ព្រោះយើងបានប្រគល់ឧបករណ៍ ស្បែកតូច និងធំ ទៅក្រសួងអស់ហើយ»។
ប៉ុន្តែលោកក៏មិនបដិសេធដែរ ប្រសិនបើមានអ្នកជួយ ព្រោះលោកនៅតែអាចប្រើសមត្ថភាពផលិតស្បែកត្រៀមការសម្ដែងនៅថ្ងៃអនាគត។
លោក ម៉ាន់ កុសល បាននិយាយថា៖ «បន្ទាប់ពីកូវីដចប់ យើងអាចរៀបចំការសម្ដែងឡើងវិញបាន ឲ្យតែមានថៅកែ ខ្ញុំសុខចិត្តធ្វើជាកូនឈ្នួលក៏បានឲ្យតែខ្ញុំអាចធ្វើការក្នុងវិស័យនេះបាន»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែលើកទឹកចិត្តឲ្យ សមាគម សុវណ្ណភូមិរៀបចំការសម្ដែងល្ខោនស្បែកធំ នៅសាលា មធ្យមវិចិត្រសិល្បៈ។
លោកគ្រូ កុសល បានបន្តថា៖ «ខ្ញុំមិនសោកស្តាយ តែខ្ញុំស្រណោះ ព្រោះសិល្បៈជាបេះដូងរបស់ខ្ញុំ។ ហើយភាពសប្បាយរីករាយរបស់ទស្សនិកជន សំណើច ទឹកមុខញញឹមប្រិមប្រិយ និងស្នូរទះដៃអបអរសាទរ ក្រោយចប់ការសម្ដែង គឺជាអ្វីដែលខ្ញុំចងចាំមិនភ្លេច»៕