ភ្នំពេញៈ ក្រោយពី​លាចាក​សិក្ខាបទ​ក្លាយ​ជា​គ្រហស្ថ អតីតភិក្ខុ កក្កដា សុភ័ណ្ឌ បាន​បន្តការងារ​ជួយ​សង្គម និង​ជួយ​ទុរគតជន​ដូច​មុន​វិញ ដែល​បាន​ធ្វើឲ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គម​ផ្ទុះ​ការចាប់​អារម្មណ៍ ចែករំលែក​រូបភាព និង​វីដេអូ​យ៉ាង​ព្រោងព្រាត ដោយ​មហាជន​ខ្លះ​បាន​បញ្ចេញមតិ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​លោក​បន្ត​ការធ្វើ​ទង្វើ​ល្អ​មួយ​នេះ​។

ទោះបី​ជា​ទទួលស្គាល់​មូលហេតុ​នៃ​ការលាចាក​សិក្ខាបទ​ថា លោក​ពិតជា​បាន​សាង​កំហុសឆ្គង​មួយ​ចំនួន​មែន ប៉ុន្តែ​អន្ទិត​វ័យ ២១ ​ឆ្នាំ​រូប​នេះ​បាន​លើកឡើង​ថា បើ​តាម​ច្បាប់​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​គឺ​មិន​ទាន់​ដល់​ការសឹក​ទាំង​យប់​នោះ​ឡើយ​។

អ្វី​ដែល​សំខាន់​លោក​បាន​ជ្រើសរើស​ផ្លូវ​មួយ​សម្រាប់​ខ្លួនឯង ដោយ​គិត​ថា បើទោះ​ជា​សឹក​ក៏​លោក​នៅ​តែ​អាច​បន្ត​ជួយ​អ្នកក្រីក្រ​បាន​ដូចគ្នា​ផង​ដែរ ជាពិសេស​លោក​មិន​ចង់​ឲ្យ​អ្នកណា​យល់ច្រឡំ​បន្ត​ទៀត ។

ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​ជំនួប​ពីថ្ងៃ​ចន្ទ​លោក កក្កដា សុភ័ណ្ឌ បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​នៅតែ​បន្តសកម្មភាព​ជួយ​គេ​ដូចដើម​អ៊ីចឹង ដោយ​ខ្ញុំ​នឹង​បើកហាង​ខ្លួនឯង ហើយ​យក​ប្រាក់​ដែល​ចំណេញ ៥០% នោះ​ទៅ​ជួយ​កុមារកំព្រា ចាស់ជរា​អ៊ីចឹង ហើយ​កាន់​តែ​ជួយ​ខ្លាំង​ជាង​មុន​ទៀត​ផង​។ អ៊ីចឹង​កុំ​បារម្ភ​ថា ខ្ញុំ​សឹក​ហើយ​លែង​ជួយ​អី ហើយ​បងប្អូន​ដែល​ចង់​ជួយ​ពួកគាត់​ក៏​នៅ​តែ​អាច​ជួយ​គាត់​បាន​ដែរ​»​។

នៅក្នុង​ដំណើរ​ជីវិត​បួស​ជា​សាវ័ក ព្រះបរមគ្រូ​សម្មាសម្ពុទ្ធ​រយៈពេល ១១ វស្សា អតីតសង្ឃ កក្កដា សុភ័ណ្ឌ បាន​អះអាង​ថា​លោក​បាន​ជួយ​ជនទុរគត អ្នក​កើត​មហារីក ក្មេង​កំព្រា ជនអនាថា ជនពិការ អ្នក​ទីទាល់ក្រ ចាស់ជរា និង​បាន​ជួយ​កសាង​សាលា និង​វត្ត​អារាម​ផង​ដែរ​។

លោក កក្កដា សុភ័ណ្ឌ រៀបរាប់​ថា​៖ «​ខ្ញុំ​ជួយ​ពួកគាត់ ព្រោះ​ខ្ញុំ​គិត​ថា ពួកគាត់​មិនដឹង​ទៅ​រក​អ្វី​បាន​ទេ ទោះ​ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន​រហូត​មែន តែ​ខ្ញុំ​អាច​ជួយ​បាន​មួយគ្រា​ដែរ ដូច​អ្នក​កើត​មហារីក ខ្ញុំ​ឲ្យ​គាត់​ហូប​អី​ដែល​គាត់​ចង់​ហូប​។ សម្រាប់​ក្មេង​កំព្រា ឬ​ក្មេង​អនាថា ខ្ញុំ​យល់​អារម្មណ៍​គាត់ ព្រោះ​ខ្ញុំ​ធ្លាប់​ក្រ ធ្លាប់​អត់ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​គាត់​បាន​ដូច​គេ​ដែរ នាំ​គាត់​ទៅ​ញ៉ាំ​អី ទិញ​អី​ដែល​គាត់​ចង់បាន​អី​អ៊ីចឹង ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ក្មេងៗ​ថា កុំ​អស់សង្ឃឹម​លើ​ជីវិត​ខ្លួនឯង ត្រូវតែ​តស៊ូ ខ្វះខាត​អី​ខ្ញុំ​ជួយ ហើយ​ក្មេង​មួយ​ចំនួន​ខ្ញុំ​បាន​ជួយ​រក​ការងារ​ឲ្យ​គេ​ធ្វើការ​ទៀត​ផង​»​។

ស្រាយ​ចម្ងល់​ពី​អ្នកលេង​ហ្វេសប៊ុក​ជាច្រើន​តែងតែ​ចោទសួរ​តើ​អន្ទិត​រូបនេះ បាន​ប្រាក់​មកពី​ណា​សម្រាប់​ចែកទាន​? លោក កក្កដា សុភ័ណ្ឌ បាន​រៀបរាប់​ថា បច្ច័យ​ភាគច្រើន​បាន​មកពី​ការនិមន្ដ​សូត្រមន្ដ និង​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស សូម្បី​តែ​សំបុត្រ​យន្តហោះ និង​ការប្រើប្រាស់​សម្ភារ​ថ្លៃៗ​យីហោ​ល្បីៗ​ក៏​ជា​ការប្រគេន​ពី​ញាតិ​ញោម ទាំង​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ ដោយ​លោក​មាន​រូបថត​ជា​ភ័ស្តុតាង​ទៀត​ផង​។

លោក សុភ័ណ្ឌ បាន​បន្ត​ថា​៖ «​បើ​និយាយ​ពី​ប្រាក់​ជំនួយ​ដែល​បងប្អូន​ផ្ញើ​មក​ជួយ​អ្នក​អត់​ខ្សោយ ខ្ញុំ​អត់​ទុក​ទេ គឺ​ជួយ​ទាំងអស់ អ៊ីចឹង​បាន​ពួកគាត់​ស្រឡាញ់​ចូលចិត្ត​ខ្ញុំ ដោយសារ​តែ​គាត់​ឃើញ​លុយ​របស់​គាត់​ទៅដល់​ដៃ​អ្នក​ដែល​គាត់​ឲ្យ បើ​ទោះ​គាត់​ប្រគេន​បច្ច័យ​ ៤ ​មក​ខ្ញុំ ក៏​ខ្ញុំ​យក​ទៅ​ចែករំលែក​ដែរ​ក្នុង​ន័យ​ដូចជា​ម្តាយ​ឪពុក ជា​បងប្អូន​»​។

ក្រោយ​លាចាក​សិក្ខាបទ​ភ្លាមៗ​ទាំង​មិន​បាន​ត្រៀមខ្លួន កក្កដា សុភ័ណ្ឌ បាន​បង្ហាញ​ពី​អារម្មណ៍​ជា​គ្រហស្ថ​ថា​៖ «​នៅ​មិន​ទាន់​ស៊ាំ ណាមួយ​ស្លៀក​សម្លៀកបំពាក់​ធម្មតា​ដែល​ធ្វើឲ្យ​រមាស់​ស្បែក ព្រោះ​ធ្លាប់​តែ​គ្រង​ស្បង់​ចីពរ​តាំងពី​កុមារ​»​។

ប៉ុន្តែ​លោក​ក៏​សប្បាយចិត្ត​ដែល​ប្រជាពលរដ្ឋ​នៅ​តែ​ស្រឡាញ់ និង គាំទ្រ​ការងារ​ជួយ​សង្គម​របស់​លោក​។ បន្ថែម​ពី​ការងារ​សង្គម​ពី​មុន សុភ័ណ្ឌ ក៏​មាន​គម្រោង​ក្នុង​ការជួយ​មន្ទីរពេទ្យ គន្ធបុប្ជា ក៏ដូចជា​ការបរិច្ចាគ​ឈាម​សម្រាប់​អ្នកត្រូវការ​ឈាម​ផង​ដែរ​។

ក្នុង​សម្លៀកបំពាក់​អាវយឺត​ពណ៌​សមាន​សញ្ញា​ម៉ាក LV នាឡិកា iWatch និង​គ្រឿងអលង្ការ​លម្អ​កាយ​តិចតួច អន្ទិត កក្កដា សុភ័ណ្ឌ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ថា​៖ «​ខ្ញុំ​ជា​គ្រហស្ថ​អ៊ីចឹង ខ្ញុំ​កាន់តែ​ជួយ​មនុស្ស​ថែម​ទៀត ជួយ​ឲ្យ​បាន​ច្រើន​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ ខ្ញុំ​ម្នាក់ឯង មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​បាន​គ្រប់គ្នា​ទេ​។ ខ្ញុំ​ធ្វើ​អ្វី​ចេញ​ពី​ចិត្ត និង​ទទួល​យក​ការរិះគន់​ដើម្បី​ស្ថាបនា ហើយ​ខ្ញុំ​នឹង​ខំប្រឹង​ជួយ​សង្គម​ខ្មែរ​រហូត​អស់​ដង្ហើម​»​។

លោក​មាន​លេខ​ទំនាក់ទំនង ០៨៧ ៣១ ៣២ ៤៦ / ០១៧ ៣១ ៣១ ៤៣ ឬ ហ្វេសប៊ុក​ឈ្មោះ kakada sophorn កក្កដា សុភ័ណ្ឌ​៕