ភ្នំពេញ៖ «ឆ្ងាយដាច់អាល័យ» ដែលជាអត្ថបទភាពយន្តខ្លី របស់អ្នកដឹកនាំរឿងកុន និងអ្នកនិពន្ធអត្ថបទ លោក លី ប៉ូឡែន បានឈ្នះពានរង្វាន់នៅក្នុងកម្មវិធី SGIFF Southeat Asian Short Film Grant (SEA-Shorts) រៀបចំឡើងនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីសំណាក់អ្នកដឹកនាំភាពយន្តមកពីប្រទេសកម្ពុជា ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរីផ្ទាល់តែម្តង។
ជារៀងរាល់ឆ្នាំកម្មវិធី SEA-Shorts តែងជ្រើសរើស និងផ្តល់រង្វាន់ដល់អត្ថបទរឿងកុនខ្លីចំនួន ២ ដែលបង្កប់អត្ថន័យ និងខ្លឹមសារសង្គម នូវទឹកប្រាក់ ៥ ពាន់ដុល្លារ ដើម្បីផលិតអត្ថបទពានរង្វាន់ឲ្យចេញជាកុន។
រឿង «ឆ្ងាយដាច់អាល័យ» និយាយអំពីខ្សែជីវិតប្តីប្រពន្ធវ័យក្មេងជនជាតិដើមភាគតិច រៀបចំបង្វេចចេញដំណើរផ្សងព្រេងពីតំបន់ព្រៃភ្នំ ទៅកាន់ទីក្រុង បន្ទាប់ពីតំបន់ព្រៃជម្រករបស់ពួកគេត្រូវកាប់ឆ្ការដោយគម្រោងអភិវឌ្ឍន៍មួយ។
អ្នកដឹកនាំកុន លី ប៉ូឡែន សរសេរសាច់រឿងនេះ ចាប់តាំងពីឆ្នាំ ២០១៧ ក្រោយពីលោកបានស្វែងយល់ច្បាស់ និងចំណាយពេលរស់នៅជាមួយសហគមន៍ជនជាតិភាគតិចនៅភាគខាងជើងនៃប្រទេសនាពេលកន្លងមក។
អ្នកដឹកនាំ ដែលទើបទទួលបានពានរង្វាន់ SEA-Shorts រូបនេះបានលើកឡើងថា៖ «អាចនិយាយបានថា ធម្មជាតិនៃតំបន់ព្រៃនោះ បានរុញច្រានចិត្តរបស់ខ្ញុំឲ្យសរសេររឿងនេះឡើង។ ចេតនារបស់ខ្ញុំទៅលើការសរសេរសាច់រឿង ឆ្ងាយដាច់អាល័យ គឺដោយសារខ្ញុំឃើញ យុវវ័យជំនាន់ក្រោយកំពុងវិវត្តន៍ជីវិតរបស់គេចេញឆ្ងាយពីអំណោយនៃធម្មជាតិដែលផ្តល់ឲ្យមនុស្សជាតិ»។
លោកបន្តទៀតថា៖ «សង្គមរបស់យើង មានទំនោរច្រើនទៅលើសម្ភារនិយម។ ប៉ុន្តែ វាគ្មានអ្វីខុសឆ្គងទៅលើទស្សនៈមួយនេះទេ គ្រាន់តែនៅចំណុចណាមួយនោះ យើងត្រូវតែដឹងពីព្រំដែននៃតម្រូវការរបស់យើង ហើយគួរតែមានទំនួលខុសត្រូវទៅលើការអភិរក្សធម្មជាតិវិញ។ បើគ្មានធម្មជាតិ ផែនដីក៏មិនអាចរស់បានដែរ»។
នៅពីក្រោយភាពជោគជ័យ ប៉ូឡែន ជួបប្រទះបញ្ហាធំមួយផ្នែកថវិកាផលិតកុន ព្រោះកុននេះមិនអាចរកចំណូលបានច្រើនដូចកុនផ្សាយពាណិជ្ជកម្ម។ សំណាងល្អដែលមានគម្រោងបរទេសជាច្រើនផ្តល់ថវិកាតាមរយៈការប្រកួតប្រជែង ដើម្បីផ្តល់លទ្ធភាពឲ្យផលិតករ អាចផលិតកុនដែលពួកគេសរសេរឡើងមកបាន។
រំឭកទៅអតីតកាលរបស់ ប៉ូឡែន មិនប្រាថ្នាការងារផលិតកុន និងអ្នកសរសេរអត្ថបទភាពយន្ត ដូចអ្វីដែលលោកកំពុងធ្វើសព្វថ្ងៃនេះទេ។
កាលនៅរៀន អតីតនិស្សិតពេទ្យរូបនេះ ចូលចិត្តអានសៀវភៅ និងមើលរឿងភាពយន្តប្រភេទថតក្រៅស្ទូឌីយោ នៅក្នុងបណ្ណាល័យនៃវិទ្យាស្ថានបារាំង។
ចំណូលចិត្តពិសេសនេះបានធ្វើឲ្យលោកបោះបង់ការសិក្សា និងក្ដីសុបិនជាវេជ្ជបណ្ឌិត នៅក្នុងឆ្នាំ ២០១២ ហើយចាប់ផ្តើមដំណើរជីវិតជាអ្នកផលិតកុនតាមរយៈការស្វ័យសិក្សាដោយខ្លួនឯង។
លោក លី ប៉ូឡែន បានបន្តទៀតថា៖ «ខ្ញុំជាអ្នកផលិតកុនឯករាជ្យម្នាក់។ ការចាប់ផ្តើមផលិតកុនរបស់ខ្ញុំ គឺកើតចេញពីការមើលរឿងកុនរបស់ block- buster និងកុនខ្លីបែបផ្សាយពាណិជ្ជកម្ម ជាពិសេសកុនប៉ែកអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ ខ្ញុំចូលចិត្តការផ្សងព្រេង រុករកបទពិសោធថ្មីនៅកន្លែងថ្មី ហើយចូលចិត្តស្តាប់ការនិទានរឿងរបស់នៃជីវិតពិតរបស់បុគ្គលម្នាក់ៗ។ បែបនេះខ្ញុំអាចសន្មតបានថា ខ្ញុំអាចសរសេរសាច់រឿង និងផលិតកុនបានតាមរយៈការមើលរឿងកុន និងការសង្កេតទៅលើជីវភាពពិតរបស់ប្រជាពលរដ្ឋ»។
មកដល់ពេលនេះ លោក លី ប៉ូឡែន ផលិតកុនបាន ៧ រឿង និងរឿងកុនឯកសារមួយចំនួន។ កុនទាំងនោះធ្លាប់បានបញ្ចាំង និងបានឈ្នះរង្វាន់ទាំងក្នុង និងក្រៅប្រទេស។
ក្នុងឆ្នាំ ២០១៥ រឿង ចំណងចម្រុះពណ៌ ដែលនិយាយពីមិត្តភាពដ៏ជ្រាលជ្រៅនានាទីចុងក្រោយក្មេងស្រីមានជំងឺមហារីក និងមិត្តភក្ដិជាអ្នកលក់ផ្កាម្លិះតាមចិញ្ចើមថ្នល់បានឈ្នះពានរង្វាន់ចំណាត់ថ្នាក់ លេខ ១ ក្នុងកម្មវិធី Tropfest- SEA នៅប្រទេសម៉ាឡេស៊ី។
ក្នុងឆ្នាំ ២០១៧ រឿងខ្នាតខ្លីរបស់លោក ១ ទៀត គឺរឿង ទឹកក្រហម ក៏ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធីមហោស្រពជាតិភាពយន្តខ្នាតខ្លី។
ក្នុងអាជីពជាអ្នកដឹកនាំកុន រឿងដែលធ្វើឲ្យលោកដក់ចិត្តខ្លាំង គឺវណ្ណកម្មទី ២ មានចំណងជើងថា «អ៊ីវ៉ា» ដែលបង្ហាញអំពីក្មេងស្រីតូចម្នាក់បានជួយសង្គ្រោះសត្វឆ្កែ ជាទីស្រឡាញ់របស់នាងពីការចាប់យកទៅធ្វើម្ហូប។
ទៅថ្ងៃអនាគតផលិតករវ័យក្មេង លោក លី ប៉ូឡែន នៅតែបន្តផលិតកុន និងមានគម្រោងផលិតភាពយន្តខ្នាតវែងនៅក្នុងរយៈពេល ២-៣ ឆ្នាំ ខាងមុខនេះ។
យ៉ាងណាមិញផលិតកររូបនេះ រីករាយនឹងសុភមង្គលជាមួយអ្វីដែលលោកកំពុងធ្វើក្នុងខ្សែជីវិតជាអ្នកផលិតកុនដូចសព្វថ្ងៃនេះ ទោះបីជាលោកមិនអាចរកប្រាក់ចំណូលច្រើនពីការផលិតកុនក៏ដោយ។
ផលិតករវ័យក្មេង លី ប៉ូឡែន បានលើកឡើងថា៖ «ភាពជោគជ័យរបស់ខ្ញុំ មិនមែនការបង្កើតលុយឲ្យបានច្រើនទេ តែជាការបង្កើតឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គម ជាការពិតកុនអាចមានឥទ្ធិពលផ្លាស់ប្តូរការគិត និងការប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ ហើយការផ្លាស់ប្តូរនេះនឹងពាំនាំការផ្លាស់ប្តូរថ្មីទៅកាន់សង្គមផងដែរ។ តាមរយៈការផលិតកុននេះ ខ្ញុំមានឱកាសបានបង្ហាញពិភពលោក នូវរឿងរ៉ាវដែលកើតមានក្នុងសង្គមកម្ពុជា»។
រឿង ឆ្ងាយដាច់អាល័យ នឹងចាប់ផ្តើមថតឆាប់ៗក្នុងឆ្នាំនេះតែម្តង តួអង្គនិយាយជាភាសា ព្នង (ជាភាសាជនជាតិដើម) មានរយៈពេលប្រហែល ៣០ នាទី។ ទស្សនិកជន អាចមើលភាពយន្តកុនខ្នាតខ្លីរបស់លោក ប៉ូឡែន បាននៅលើយូធូប ដោយគ្រាន់តែវាយឈ្មោះ និងចំណងនៃរឿង៕