ក្រុងតូក្យូ៖ គេអាចហៅវាថា ជាការរកឃើញដ៏គួរឲ្យស្លុតចិត្ដ។ ការវិភាគ DNA បានបង្ហាញអម្បូរអន្ទង់អគ្គិសនីពូជថ្មីចំនួន ២ ក្នុងតំបន់ព្រៃអាម៉ាហ្សូន រួមទាំងពូជមួយប្រភេទដែលមានសមត្ថភាពផ្ដល់ថាមពលអគ្គិសនីយ៉ាងច្រើនមិនគួរឲ្យជឿ។
ក្រុងអ្នកវិទ្យាសាស្ដ្រ បាននិយាយថា លទ្ធផលគឺជាភ័ស្ដុតាងបង្ហាញពីភាពសម្បូរបែបរបស់ព្រៃអាម៉ាហ្សូន ដែលភាគច្រើនអ្នកវិទ្យាសាស្ដ្រមិនទាន់ស្គាល់ និងមូលហេតុដែលព្រៃយក្សមួយនេះចាំបាច់ត្រូវទទួលកិច្ចការពារចំពោះដែនជម្រកពីការកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃ។
ប្រធានក្រុមស្រាវជ្រាវ ស៊ី ដាវិដ ដេ សាន់តាណា ជាសត្តវិទូធ្វើការជាមួយសារមន្ទីរជាតិផ្នែកប្រវត្ដិសាស្ដ្រធម្មជាតិ Smithsonian បាននិយាយថា៖ «ទោះបីជាមនុស្សនាំគ្នាលុកលុយព្រៃអាម៉ាហ្សូនយ៉ាងខ្លាំង ៥០ ឆ្នាំចុងក្រោយនេះយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចប្រទះឃើញត្រីយក្សជាច្រើន ដូចជា អន្ទង់អគ្គិសនី ២ ប្រភេទនេះជាដើម»។
ការស្រាវជ្រាវបង្ហាញថា អម្បូរសត្វជាច្រើនកំពុងរង់ចាំឲ្យអ្នកវិទ្យាសាស្ដ្រស្វែងរកក្នុងតំបន់ព្រៃអាម៉ាហ្សូន ដោយសត្វមួយចំនួនអាចព្យាបាលជំងឺ និងអាចជាចលករគំហើញបច្ចេកវិទ្យាប្លែកៗថែមទៀតផង។
ជាក់ស្ដែងការសិក្សា អន្ទង់អគ្គិសនីប្រភេទត្រី ដែលចលករនាំឲ្យមានការផលិតអាគុយផ្ទុកអគ្គិសនីលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ។ ការវិភាគបន្ថែម រួមមានទម្រង់វិភាគ DNA ពីសំណាក ១០៧ បានបង្ហាញពីអម្បូរប្លែកៗ ៣ ប្រភេទ ដូចជាអន្ទង់អគ្គិសនី Electrophorus electricus រួមនឹងអម្បូរ Electrophorus voltaic និង Electrophorus varii។
ការស្រាវជ្រាវរបស់ពួកគេក៏បានរកឃើញលទ្ធផលដ៏ភ្ញាក់ផ្អើលមួយទៀតនោះ គឺអន្ទង់ voltaic អាចបញ្ជូនថាមពលអគ្គិសនី ៨៦០ វ៉ុល ច្រើនជាងអន្ទង់គ្រងមុនៗដែលមានសមត្ថភាពត្រឹមតែ ៦៥០ វ៉ុល។ វាគឺជាអ្នកផ្ទុកថាមពលខ្លាំងបំផុតសម្រាប់អន្ទង់អគ្គិសនីជំនាន់ថ្មី៕ AFP/HR