ភ្នំពេញ: ក្រោយពី​ដោះ​ស្បង់ចីវរ​ដែល​ធ្លាប់​គ្រង​រយៈពេល​ជិត ១២ ​ឆ្នាំ​មក​ស្លៀក​ខោអាវ​ជា​គ្រហស្ថ​ដែល​មិន​ទាន់​អាច​ទម្លាប់​ខ្លួន​បាន​ស្រួលបួល​ផង អន្ទិត កក្កដា សុភ័ណ្ឌ ហាក់​នៅតែ​មាន​ភាពលេចធ្លោ​ខ្លាំង​លើ​បណ្ដាញ​សង្គម ទាំង​ការផ្សាយ​វីដេអូ​លក់​សម្លៀកបំពាក់​លើ​អនឡាញ និង​សកម្មភាព​សប្បុរសធម៌​សង្គម​រហូត​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​អញ្ជើញ​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​។

អន្ទិត កក្កដា សុភ័ណ្ឌ ដែល​ធ្លាប់​រង​នូវ​ការរិះគន់​ចំពោះ​អត្ដចរិត​ឃ្យូតៗ សម្ញែង​សម្ភារ​ថ្លៃៗ និង​ជា​បុគ្គល​បំពេញ​ទាន​តាមរយៈ​ការបរិច្ចាគ​ធនធាន​ដល់​ទុរគតជន​ទូទាំង​ប្រទេស​បាន​ចាប់​ដៃគូ​ជាមួយ​មិត្ដភក្ដិ​បើកហាង​លក់​សម្លៀកបំពាក់​មួយ​ឈ្មោះ Behighware ដែល​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ ទី​ ៩ ខែ​សីហា​នេះ​។

ទើប​ដុះ​សក់​ផុត​ពី​លលាដ៍ក្បាល​បន្ដិច កក្កដា សុភ័ណ្ឌ អាយុ​ ២២ ​ឆ្នាំ​បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ និង​មិត្ដភក្ដិ​សម្រេច​ចិត្ដ​បង្កើត​មុខរបរ​រួមគ្នា​មួយ​ដោយ​ការលក់​សម្លៀកបំពាក់​បែប​យុវវ័យ​នាំចូល​ពី​បរទេស​។ ពួកខ្ញុំ​បាន Live វីដេអូ​លក់​តាម​អនឡាញ​បណ្ដើរៗ​ហើយ​ទើប​ថ្ងៃទី​ ៩ សីហា​ខាង​មុខ​នេះ យើង​នឹង​ធ្វើ​ពិធី​បើកសម្ពោធ​ធំ​មួយ​»​។

អន្ទិត កក្កដា សុភ័ណ្ឌ និង​ដៃគូ​អាជីវកម្ម មៀច ចាន់ដារ៉ា​។ហុង មិនា

អន្ទិត ទើប​ត្រូវ​បាន​ផ្សឹក​ពាក់ព័ន្ធ​នឹង​ឈុត​សម្ដែង​ក្នុង​វីដេអូ​ឃ្លីប​អប់រំ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​បាន​បន្ដថា​៖ «​យើង​នឹង​មាន​រៀបចំ​បែប​រាត្រីសមោសរ​ដែល​មាន​ការចូលរួម​ពី​តារា​វ័យក្មេង និង​ការដើរ​ម៉ូដ​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ​»​។

កំពុង​រៀបចំ​ទុកដាក់​អីវ៉ាន់​លក់​ទៅ​តាម​ទីតាំង​ឲ្យ​មាន​របៀបរៀបរយ​វិញ ក្រោយពី​ផ្សាយ​វីដេអូ​លក់​គ្រឿងក្រអូប លោក មៀច ចាន់ដារ៉ា ជា​ដៃគូ​ជំនួញ​ជាមួយ​អន្ទិត កក្កដា សុភ័ណ្ឌ បាន​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ចំពោះ​ញើស​ឈាម​មុខរបរ​នេះ​ដោយ​ខិតខំ​តុបតែង និង​តាំង​បង្ហាញ​សម្លៀកបំពាក់​រហូត​ដល់​ការផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Behighware ថែម​ទៀត​ផង​។

ខុសប្លែក​ពី​ដៃគូ​ជំនួញ​ទាំង​សាច់ឈាម និង​ទ្រព្យធន កក្កដា សុភ័ណ្ឌ ដែល​មិន​ទាន់​អាច​ទម្លាប់​ការរស់នៅ​បែប​គ្រហស្ថ​ទាំង​ការស្លៀកពាក់ និង​សម្ដី​សំដៅ​នឹង​នៅតែ​បន្ដ​កិច្ចការ​សង្គម​តាមរយៈ​សកម្មភាព​មនុស្សធម៌​ជាមួយ​ជន​ចាស់ជរា កុមារកំព្រា និង​អ្នកមាន​ជំងឺ​កាច​សាហាវ​នានា​។

យ៉ាងណា​មិញ អន្ទិត​រូប​នេះ​បាន​អះអាង​ថា​លោក​នឹង​មិន​សម្រេច​ចិត្ដ​សាង​ផ្នួស ដោយ​ផ្ទុយ​នឹង​អ្វី​ដែល​លោក​ធ្លាប់តែ​អះអាង​ពី​ការថ្វាយ​ខ្លួន​ជូន​ព្រះ​ជាមួយ​នឹង​ក្ដីស្រឡាញ់​ចូលចិត្ដ​ព្រះពុទ្ធសាសនា​តាំងពី​តូច​ទេ​។

កក្កដា សុភ័ណ្ឌ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​លែង​ចង់​ទៅ​បួស​វិញ​ហើយ ពីព្រោះ​ខ្ញុំ​ឆ្អែត​នឹង​ការឈ្នានីស ហើយ​ខ្ញុំ​បាន​បួស ១២ ​ឆ្នាំ​មកហើយ​។ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ព្រះធម៌ តែ​ប្រហែល​ជា​ចូល​វ័យចាស់​បន្ដិច​ទើប​បន្ដ​គិត​រឿង​សាង​ផ្នួស​វិញ​»​។

ហាង​សម្លៀកបំពាក់ Behighware របស់​អន្ទិត កក្កដា សុភ័ណ្ឌ និង​ដៃគូ​អាជីវកម្ម មៀច ចាន់ដារ៉ា ស្ថិត​នៅ​លើ​ផ្លូវ ១៦៣ ក្រោយ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ១៕