កំពង់ស្ពឺ: ពាក្យថា «ស៊ូស្លាប់បាកុំឲ្យស្លាប់មេ» បានឆ្លុះបញ្ចាំងពីតថភាពជីវិតពិតរបស់កុមារី ៣ នាក់បងប្អូន ដែលរស់នៅរងាឯកា ស្ទើរតែលែងហ៊ានចូលជ្រកទ្រនំធ្លាប់តែកក់ក្ដៅ ក្រោយពីអ្នកម្ដាយទទួលមរណភាព ខណៈឪពុកប្រមឹក មិនធ្វើជាចន្ទល់គ្រួសារ មានតែជះហិង្សាលើកូនៗឲ្យរត់ខ្ចាត់ខ្ចាយ ពេលឈានជើងចូលផ្ទះម្ដង។
ដោយសារតែជំងឺថ្លើមរ៉ាំរ៉ៃ ឬទាចទឹកជាច្រើនឆ្នាំ និងជីវិតដ៏សែនលំបាកតោកយ៉ាក អ្នកម្ដាយបានឃ្លាតចាកឆ្ងាយគ្មានថ្ងៃវិលវិញដោយបន្សល់ទុកឲ្យកូនស្រី ៣ នាក់រស់នៅជាមួយឪពុក ដែលមិនអាចជាទីពំនាក់អាស្រ័យបាននៅភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោក នុប ស៊ុយ ជាមេភូមិព្រែក បាននិយាយប្រាប់ថា៖ «ម្ដាយក្មេងទាំង ៣ នាក់ បានស្លាប់កាលពី ៩ ខែមុន ហើយឪពុកបាត់បង់ការចងចាំ ឬអាចហៅថា សរសៃប្រសាទ ដោយសារប្រើប្រាស់គ្រឿងស្រវឹងខ្លាំងពេក។ គាត់ដើរបាត់ពីភូមិ មិនដឹងទៅណា ជួនកាល មកអើតឈ្ងោកផ្ទះម្ដង តែមិនមែនផ្ដល់ភាពកក់ក្ដៅនោះទេគឺមករករឿងវាយតប់ និងជេរប្រទេច ដែលធ្វើឲ្យកូនៗរត់ខ្ចាត់ខ្ចាយអស់»។
ជាអ្នកបង្ហោះវីដេអូឃ្លីបផ្សព្វផ្សាយស្វែងរកសប្បុរសជន លោក ផន ផល្លា ជាគ្រូបង្រៀន និងវាគ្មិនក្នុងកម្មវិធីវិទ្យុបានរៀបរាប់ពីស្ថានភាពរស់នៅរបស់កុមារីទាំង ៣ យ៉ាងដូច្នេះថា៖ «ផ្ទះរបស់ពួកគេមានសភាពពុកផុយដោយសារតែចាស់ទ្រុឌទ្រោមពេក។ ដើម្បីសុវត្ថិភាព ពួកគាត់ស្នាក់នៅផ្ទះនោះដដែលនាពេលថ្ងៃ ហើយពេលយប់ទៅស្នាក់នៅជាមួយយាយផ្ទះពូ ហើយពូ និងយាយក៏គ្មានលទ្ធភាពចិញ្ចឹមបីបាច់ក្មេងទាំង ៣ នាក់នោះដែរ។ អ៊ីចឹងហើយពួកគេមានតែផ្ដល់អាហារហូបចុក និងស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ»។
បទសម្ភាសក្នុងវីដេអូឃ្លីប កុមារី ភន ពេជ្រ ជាកូនស្រីច្បងអាយុ ១៤ ឆ្នាំរៀនថ្នាក់ទី ៥ ជាមួយប្អូនៗអង្គុយបើកភ្នែកឡើងរហង់ បានប្រាប់ថា៖ «គាត់អត់មានគិតពីខ្ញុំផង។ គាត់ដើរតែផឹកស្រា។ រាល់ដងខ្ញុំដេកតែ ៣ នាក់បងប្អូន។ ពេលខ្ញុំអត់អីហូប យាយគាត់យកមកឲ្យ»។
ស្ដ្រីចំណាស់ម្នាក់ ដែលជាជីដូនកុមារីទាំង ៣បានបន្ដថា៖ «មានអំបិល ប្រហុកចេះតែទ្រាំហូបទៅ។ ខ្ញុំអរណាស់ បើមានសប្បុរសជនជួយធ្វើផ្ទះឲ្យចៅៗបានស្នាក់នៅ»។
បានឃើញជីវិតរស់នៅកុមារីកំព្រាទាំង ៣ នាក់ ផ្ទាល់ភ្នែក លោក ផន ផល្លា គ្មានអ្វីថ្លែងក្រៅពីបន្លឺថា៖ «អាណិតមែនទែន! ខ្ញុំមិនបានជួយអ្វីច្រើននោះទេមានអង្ករ ២ ការុង និងលុយជិត ២០០ ដុល្លារទៅជូន។ បើយើងឃើញស្ថានភាព អ៊ូយ!លំបាកណាស់ ហើយខ្ញុំចេះតែអំពាវនាវឲ្យមានការចូលរួមចំណែកក្នុងការជួយពួកគាត់ទៅ»។
លោកបន្ថែមថា៖ «ខ្ញុំមានបំណងទាក់ទងរកអង្គការដើម្បីឲ្យពួកគេទៅស្នាក់នៅ តែលោកយាយមិនអនុញ្ញាតទេដោយគាត់មិនចង់បែកពីចៅ»។
លោកប្រាប់ថា កុមារី ភន ពេជ្រ ជាកូនស្រីច្បង អាយុ ១៤ ឆ្នាំ កូនស្រីទី ២ ភន សុគា អាយុ ៨ ឆ្នាំ និងកូនស្រីពៅ ភន ស្រីនីត អាយុ ៣ ឆ្នាំ រស់នៅក្នុងភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅភ្នំឱរ៉ាល់ ដែលធ្វើដំណើរពី ទីរួមខេត្ដទៅមានចម្ងាយជាង ៨០ គីឡូម៉ែត្រ ឬអាចទាក់ទងមេភូមិ ០១៥ ៧២ ០១ ២៧។
លោក នុប ស៊ុយ ជាមេភូមិបានប្រាប់ថា នៅក្នុងភូមិព្រែកនេះមានប្រជាជន ១៤៧ គ្រួសារ ស្មើនឹង ៧២៤ នាក់ ហើយពលរដ្ឋរស់នៅក្នុងស្ថានភាពលំបាកយ៉ាប់យ៉ឺនមាន ៧ គ្រួសារ៕