ក្រុង​តៃប៉ិ៖ ប្រឈម​ការ​ក្ស័យ​ទុន​ក្រោម​ឥទ្ធិពល​វីរុស​កូរ៉ូណា ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់​ចាប់​ផ្ដើម​បង្កើត​ឈុត​ឆាក ​«ការ​ហោះហើរ​អត់​មាន​គោលដៅ​​» លើ​យន្ដហោះ​របស់​ខ្លួន​ រួម​ទាំង​ការ​បង្រៀន​ពី​សំណាក់​បុគ្គលិក​ទទួល​ភ្ញៀវ​នារីៗ​ដល់​កុមារ​ ថែម​ទៀត​ផង​។

នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​អាកាសចរណ៍​ចិន China Airlines ​នៃ​ក្រុង​ថាវយួន កាល​ពី​ថ្ងៃ​សៅរ៍ កុមារ ៥០ នាក់​​បាន​ចូលរៀន​នា​ពេល​ព្រឹក​អំពី​វិធី​បម្រើ​ភ្ញៀវ​លើ​យន្ដហោះ​។

លោក ឈិន យូវ៉ៃ ដែល​ធ្វើ​ការ​ក្នុង​ជំនួញ​ហ្វាសសិន​ និង​តែងតែ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស បាន​មក​កាន់​ទីនេះ​ជាមួយ​នឹង​ភរិយា និង​កូន​ស្រី​អាយុ ៦ ឆ្នាំ​ដើម្បី «​រំឭក​ទៅ​ដល់​អារម្មណ៍​ធ្វើ​ដំណើរ​ជា​ថ្មី​»។

លោក ឈិន បាន​ប្រាប់ AFP ថា​៖ «​ប្រហែល​វា​ដោយសារ​យើង​​រង់ចាំ​ឱកាស​ហោះហើរ​យូរ​​ពេក​ហើយ​»។

កម្មវិធី​បន្ទាប់ កុមារ​តូចៗ​ចាប់​ផ្ដើម​ហោះហើរ​នៅ​ក្នុង​ឯក​សណ្ឋាន​ថ្មី​រយៈពេល ២ ​ម៉ោង​នៅ​លើ​ដែន​កោះ​ និង​តាម​ជួរ​ភ្នំ​ខ្ពស់ៗ​។ ការ​ហោះហើរ​ជា​ផ្នែក​មួយ​នៃ​គំនិត​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​ដើម្បី​ស្វែងរក​ចំណូល​ខ្លះ​អំឡុង​ពេល​ជំនួញ​ជួប​ការ​លំបាក​នេះ​។

មិន​ខុស​ពី​អាកាសចរណ៍​ដទៃ​​ក្នុង​លោក​ទាំង​ក្រុមហ៊ុន China Airlines និង​គូ​ប្រជែង Eva Air ត្រូវ​ផ្អាក​ការ​ហោះហើរ​​ពេល​កូវីដ​រាត​ត្បាត​សកល​។ ពួក​គេ​ក៏​បាន​កំហិត​ជើង​ហោះហើរ​​ក្នុង​ស្រុក​ផង​ដែរ​។

កាល​ពី​ថ្ងៃ​សៅរ៍ យន្ដហោះ Eva A330 ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង​ថាវយួន បាន​​ហោះ​កាត់​តំបន់​ឦសាន​នៃ​​ដែន​កោះ​​ក្រវែល​ប្រជុំ​កោះ​ Ryukyu Islands របស់​ជប៉ុន​មុន​ពេល​វិល​ទៅ​កាន់​មូលដ្ឋាន​ទស្សនា​ទេសភាព និង​ឆ្នេរ​សមុទ្រ​វិញ​។ ពេលវេលា​នៃ​ការ​ហោះហើរ​មាន ២ ម៉ោង​ និង ៤៥ នាទី​។

កុមារ​សម្ដែង​ជា​អ្នកបម្រើ​តាមយន្ដហោះ​​ផ្ដល់សេវាកម្ម​ដល់ឪពុកម្ដាយ។ AFP

ការ​ធ្វើ​ដំណើរ​លើ​កៅអី​ធម្មតា​​មាន​តម្លៃ​ប្រមាណ ១៨០ ដុល្លារ ខណៈ​កៅអី​ជំនួញ​មាន​តម្លៃ ២៨៨ ដុល្លារ​។

China Airlines ចំណាយ​ពេល ២ ម៉ោង និង​ហោះ​ទៅ​កាន់​​អាកាសយានដ្ឋាន​ជប៉ុន​មុន​ពេល​វិល​មក​កាន់​ឆ្នេរ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់​វិញ​។

គម្រោង​ហោះហើរ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ហើយ​​ទាំង Eva និង​ China Airlines បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​លក់​សំបុត្រ​ដាច់​។

អ្នក​និយម​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ត្រូវ​បាន​បញ្ចុះបញ្ចូល​ថា វា​មិន​សូវ​ប្រឈម​ហានិភ័យ​​ឆ្លង​រោគ​តិច​តួច​។

កោះ​តៃវ៉ាន់​ ដែល​បាន​ទទួល​បទពិសោធ​ពី​ជំងឺ​ SAR ឆ្នាំ ​២០០៣ ​​មាន​សមត្ថភាព​គ្រប់គ្រង​ការ​រីក​រាល​ដាល​វីរុស​បាន​យ៉ាង​ល្អ​។

ដែន​កោះ​នេះ​ក៏​​​បិទ​ព្រំដែន​ ដោយ​ទីតាំង​ភូមិសាស្ដ្រ​កោះ​នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​៕ AFP/HR

អ្នកបម្រើ​លើយន្ដហោះអាជីពបង្រៀនកុមារពី​អាជីពការងារ​របស់​ខ្លួន។ AFP