ភ្នំពេញៈ ប្លែក​ពី​ស្នាដៃ​និពន្ធ​រឿង​ប្រលោមលោក​បែប​មនោសញ្ចេតនា​នារយៈ​ចុង​ក្រោយ​នេះ អ្នកនិពន្ធ​រឿង​ប្រលោមលោក​ល្បី ម៉ីសន សុធារី កំពុង​ដាក់​បង្ហាញ​ស្នាដៃ​ថ្មី​បែប​មន្តអាគម​អូមអាម​ដ៏ព្រឺព្រួច​រឿង «​អាគមបរព្រៃ​» ដែល​នឹង​ដាក់លក់​នៅក្នុង​ខែ​មេសា​ធ្វើឲ្យ​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​អាន​វណ្ណកម្ម​ថ្មី​នេះ​យ៉ាង​អន្ទះសា​។

អ្នកនាង ម៉ីសន សុធារី កវីនិពន្ធ​រឿង​ប្រលោមលោក​បាន​ប្រាប់​ភ្នំពេញ -ប៉ុស្តិ៍ ពី​មូល​ហេតុ​ដែល​និពន្ធ​រឿង «​អាគម​បរព្រៃ​» នេះ​ឡើង​មក​ថា​៖ «​អ្នកនិពន្ធ​រមែង​តែង​ចង់​បាន​ឲ្យ​អ្នកអាន​យល់ដឹង​កាន់តែ​ច្រើន​អំពី​ចំណេះ និង​បទពិសោធ​នានា​ដែល​មាន​តម្លៃ​ដល់​ការសម្រេចចិត្ត​។ អាគមបរព្រៃ​ក្រោយ​អាន​ចប់​នឹង​ឲ្យ​កាន់តែ​ជឿ​លើ​អំពី​ល្អ ការមិន​បៀតបៀន កេងប្រវ័ញ្ច​លើ​សម្ភារ​លាភសក្ការៈ​ដែល​ពុំ​មែន​ជា​របស់ខ្លួន​ពិត​»​។

អ្នកនិពន្ធ​ប្រលោមលោក​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ទាំង​ទូរទស្សន៍ កាសែត វិទ្យុ ព្រឹត្តិបត្រ និង​អនឡាញ​ព្រម​ទាំង​ជា​ពិធីការិនី​វិទ្យុ និង​ជា​និពន្ធ​នាយក​អស់​រយៈពេល​ ២២ ​ឆ្នាំ​រូប​នេះ​ក៏​បាន​ចែក​ស្នាដៃ​និពន្ធ​របស់​ខ្លួន​ជា​ប្រលោមលោក​ ៣ ​វណ្ណកម្ម​ផ្សេងៗ​គ្នា​រឿង​បែប​មនោសញ្ចេតនា វណ្ណកម្ម​​សុភា​ប្រុស​ជា​រឿង​បែប​ស៊ើបអង្កេត​ជ្រៅៗ និង​ប្រភេទ​ពេជ្រ​បណ្ឌិត​រន្ធត់​ព្រឺព្រួច​ផងដែរ​។

ចំពោះ​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ឆ្នើម ម៉ីសន សុធារី ដែល​បាន​តាក់តែង​និពន្ធ​កន្លង​មក​មាន​ប្រហែលជា ៥០ ​រឿង​មក​ហើយ ដែល​បាន​សម្រិតសម្រាំង​រឿង​ដោយ​អត្ថរស​ថ្មីៗ​មាន​លក្ខណៈ​ទំនើបកម្ម និង​បញ្ចូល​ខ្លឹមសារ​គន្លឹះ​លើក​តម្លៃ​គុណធម៌​នៃ​ការរស់នៅ​តម្កើង​នីតិរដ្ឋ និង​តម្លៃ​នៃ​ជំនឿ​អំពើ​ល្អ​មិន​បៀតបៀន ព្រម​លើក​ទឹកចិត្ត​អ្នកអាន​ឲ្យ​ទទួល​យក​ភាព​បត់បែន​នៃ​ជីវិត ហើយ​ត្រៀម​លក្ខណៈ​ក្នុង​ការឆ្លងកាត់​។

អ្នកនិពន្ធ ម៉ីសន សុធារី ម្ចាស់​ស្នាដៃ​រឿង «​អាគម​បរព្រៃ​»​។ រូបថត សហការី

អ្នកនិពន្ធ​ដែល​ត្រូវ​បាន​ការទទួល​ស្គាល់​ថា​មាន​ស្នាដៃ​ល្អ​ក្នុង​ការតែង​និពន្ធ​រឿង​ប្រលោមលោក​ពី​សង្គម​អ្នកនាង ម៉ីសន សុធារី ​ក៏​បាន​ប្រាប់​ពី​គំនិត​អប់រំ​ក្នុង​រឿង​អាគម​បរព្រៃ​ដូច្នេះ​ថា​៖ «​មាន​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​យើង​ប្រកាន់​ត្រណម​តឹងរ៉ឹង​ណាស់​មុនពេល​រំកឹល​ឈើ​សង់ផ្ទះ ឬ​រាន​ចម្ការ​។ អាគម​បរព្រៃ ជា​របៀន​មួយ​យូរលង់​ណាស់​មក​ហើយ ថ្ងៃមួយ​ខ្ញុំ​បាន​អង្គុយ​ស្តាប់​ចៃដន្យ​ពី​ម្តាយក្មេក​ខ្ញុំ​អំពី​រឿង​ជំនឿ​លើ​អាគម​នេះ ខ្ញុំ​ក៏​ស្វែងយល់​រក​ជជែក​ជជីក​សួរ​ចាស់ៗ​មួយ​​ចំនួន​ទៀត ហើយ​ខ្ញុំ​សរសេរ​សៀវភៅ​នេះ​ឡើង ដើម្បី​ការអប់រំ​ចិត្ត​ដល់​អ្នកអាន​បំបាត់​សេចក្តី​លោភលន់ និង​ការបំពាន​លើ​ធនធាន​ធម្មជាតិ​»​។

សម្រាប់​អ្នកនិពន្ធ ម៉ីសន សុធារី សុភមង្គល​របស់​អ្នកនាង​គឺជា​ការសរសេរ​បាន​ល្អ​ជាង​មុន ដោយ​អ្នកនាង​សង្កេត​ឃើញ​ស្នាដៃ​ខ្លួន​ពី​មុន​មាន​ចំណុច​ខ្សោយ​ច្រើន​។ បំណងប្រាថ្នា​ក្នុង​ថ្ងៃ​អនាគត​ក្នុង​អាជីព​ជា​អ្នកនិពន្ធ​អ្នកនាង ម៉ីសន សុធារី ចង់​ក្លាយ​ជា​អ្នក​ប្រឹក្សា​ដល់​ផ្នែក​សំខាន់ៗ​នៃ​ភាពយន្ត និង​ទីផ្សារ​បោះពុម្ព​។

អ្នកនាង​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​អាច​ធ្វើឲ្យ​ការលក់​សៀវភៅ​មាន​ទាំង​បរិមាណ និង​គុណភាព តែ​ខ្ញុំ​មិន​ដែល​មាន​គម្រោង​បង្កើត​ហាង​លក់​សៀវភៅ​ឡើយ​។ កម្មវិធី​អាន​តាម​ទូរស័ព្ទ​ជា​គម្រោង​ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​ទីបំផុត ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​អាច​បង្កើត​វា​ឡើង​ប្រកប​ដោយ​ភាពងាយស្រួល និង​មាន​ផ្ទុក​នូវ​សៀវភៅ​ដែល​មាន​គុណភាព​មិន​ឲ្យ​អ្នក​អាន​ស្តាយ​លុយ​សូម្បី​មួយ​សេន​»៕