ក្រុងម៉ិកស៊ីកូ៖ អាជ្ញាធរ​​ម៉ិកស៊ិក​បាន​និយាយ​ថា ​ពួក​គេ​បាន​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​គ្រាវ​​​​ខ្លាឃ្មុំ​ខ្មៅ ​១ ​ក្បាល ​ដែល​មាន​ភាព​ល្បីល្បាញ​បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​​រូបភាព​សែលហ្វ៊ី​​ ដែល​ថត​ដោយ​​អ្នក​ឡើង​​ភ្នំ​ចិត្ត​សឿង​​។

សត្វ​ខ្លាឃ្មុំ​បាន​ល្បី​លើ​ឆាក​អន្ដរជាតិ​ ​នៅ​ពេល​​ស្ត្រី​ម្នាក់​​ថត​សែលហ្វ៊ី​ពេល​វា​នៅ​ពី​ក្រោយ​​ឈរ​យ៉ាង​ប្រកៀក​បំផុត​​ នៅ​ឯ​ឧទ្យាន​អេកូឡូស៊ី​មួយ​នៅ​ភាគ​ខាង​ជើង​ម៉ិកស៊ិក​។

បន្ទាប់​មក ​សត្វ​ខ្លា​ឃ្មុំ​ទម្ងន់​ ៩៦ គីឡូក្រាម​​នេះ​ ដើរ​ចេញ​យឺតៗ​ ដោយ​​មិន​​ធ្វើ​​ឲ្យ​នារី​រូប​នោះ​​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​​។ វា​ក៏​បាន​ទៅ​រក​ស្ត្រី​ម្នាក់​ទៀត​នៅ​ក្បែរ​នោះ​ តែ​​មិន​ធ្វើ​បាប​​​ដូច​គ្នា​។

សត្វ​ខ្លាឃ្មុំ​នេះ​ត្រូវ​បាន​គេ​ចាប់​​​កាល​ពី​សប្តាហ៍​មុន ​ខណៈ​​​​ដេក​នៅ​ខាង​ក្រៅ​ផ្ទះ​មួយ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​​ពេទ្យ​សត្វ​នៅ​សាកលវិទ្យាល័យ​មួយ​​ឯ​ភាគ​ខាង​ជើង​នៃ​រដ្ឋ Nuevo Leon ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​​សុខភាព​។

អាជ្ញាធរ​អភិរក្ស​​សត្វ​ព្រៃ​របស់​ Profepa បាន​​ឲ្យ​ដឹង​​​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​​ថ្ងៃ​អាទិត្យ​ថា​ ​ពេល​ទៅ​ដល់​​ទីនោះ ​មន្ទីរ​ពិសោធន៍​សត្វ​ព្រៃ​នៅ​​មហាវិទ្យាល័យ​បាន​​សម្រេច​គ្រាវ​​​ខ្លាឃ្មុំ​ខ្មៅ​នោះ​ ដោយសារ​តែ​ឥរិយាបថ​ខុស​ប្រក្រតី​របស់​វា​។​ គេ​បាន​និយាយ​ថា​ ខ្លា​ឃ្មុំ​កំពុង​តែ​រក​ស៊ី​ចំណី​នៅ​ក្នុង​ទីក្រុង​។

ការ​គ្រាវ​សត្វ​នេះ​​ត្រូវ​បាន​អនុញ្ញាត​ដោយ​មន្រ្តី​ជាន់​ខ្ពស់ Profepa ​ដែល​យល់​ថា ​វា​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រយុទ្ធ​គ្នា​របស់​សត្វ​ជាមួយ​សត្វ​ខ្លាឃ្មុំ​ដទៃ​ទៀត ​និង​ដើម្បី​ចៀសវាង​ការ​បន្ត​ពូជ​​សត្វ​​ខុស​គ្នា​។

Profepa​ ដែល​កំពុង​ត្រួត​ពិនិត្យ​ការ​ស៊ើប​អង្កេត​នោះ ​បាន​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​អាទិត្យ​ថា ​ខ្លួន​បាន​ស្នើសុំ​ថត​​ឯកសារ ​ដើម្បី​បង្ហាញ​អំពី​ប្រតិបត្តិការ​វះ​កាត់​នៅ​លើ​ខ្លាឃ្មុំ​ ដែល​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​នៅ​ភាគ​ខាង​ជើង​ម៉ិកស៊ិក៕ AFP/RS