ក្រុងប៉េកាំង៖ អាផាតមិនប្រណីត ២ ក្នុងក្រុងប៉េកាំង ដែលត្រូវបានរឹបអូសពីតារាភាពយន្ដល្បី ជេកគី ចាន់ នឹងត្រូវដាក់លក់ដេញថ្លៃសម្រាប់តម្លៃប្រមាណ ១០ លានដុល្លារ ដោយសារបញ្ហាជម្លោះកម្មសិទ្ធិ។ នេះបើយោងតាមឯកសារតុលាការដែលទីភ្នាក់ងារ AFP ទទួលបាន។
តារាវាយតប់ វ័យ ៦៦ ឆ្នាំ ដែលល្បីឈ្មោះ ឈិន ឡុង ជាមួយប្រជាប្រិយភាពក្នុងរឿង «Rush Hour» និង «Police Story» បានបង្កបញ្ហាចម្រូងចម្រាសក្នុងឆ្នាំ ២០១៣ នៅពេលលោកបានចូលរួមក្នុងអង្គភាពប្រឹក្សាយោបល់នយោបាយកំពូលរបស់ចិន ខណៈលោកមានកំណើតនៅក្រុងហុងកុង និងលោកបានសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺដល់ក្រុងប៉េកាំង។
លោក ចាន់ និងភរិយា ចូន លីន និងកូនប្រុស ចាយស៊ី ចាន់ បានរស់នៅក្នុងភូមិគ្រឹះប្រណីតៗនេះតាំងពី ២០០៧។ ប៉ុន្ដែជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនអចលនទ្រព្យ ២ បានធ្វើឲ្យអគារនេះត្រូវបានរឹបអូសសម្រាប់ប្រើក្នុងវិស័យយោធា រួចដាក់លក់ដេញថ្លៃ ទោះបីជា ឈិន ឡុង បានប្ដឹងឧទ្ធរណ៍យ៉ាងណាក៏ដោយ។
ឈិន ឡុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Yujia Real Estate ក្នុងឆ្នាំ ២០០៦ ដើម្បីទិញអាផាតមិនចំនួន ២ ដែលមានផ្ទៃដីជាង ១ ២០០ ម៉ែត្រការ៉េ។ នេះបើយោងតាមសាលក្រមតុលាការចេញផ្សាយក្នុងខែកក្កដា។
យោងតាមការចុះបញ្ជីឈ្មោះលើអនឡាញដែល AFP ទទួលបានតម្លៃសម្រាប់អាផាតមិនទាំង ២ របស់ ឈិន ឡុង មានតម្លៃយ៉ាងតិច ៧១,៩ លានយន់ (១០,៥ លានដុល្លារ) ដោយការដេញថ្លៃចាប់ផ្ដើមនៅដើមខែក្រោយ។
យោងតាមបញ្ជីដេញថ្លៃបានឲ្យដឹងថា អចលនទ្រព្យទាំងនោះពេលនេះត្រូវបានវាយតម្លៃជាង ១០០ លានយន់៕ AFP/HR