វិចិត្រកររស់នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកលោក ហ្គ្រីហ្គូរី ក្លឿន (Gregory Kloehn) បានប្រើជំនាញផ្នែកសិល្បៈ និងការកែច្នៃខាងសំណង់របស់ខ្លួនក្នុងការជួយសាងសង់លំនៅឋានតូចៗ ដ៏គួរឲ្យស្រឡាញ់ដោយយកធុងសំរាមចាស់ៗមកជួសជុលកែច្នៃបន្ថែមសម្រាប់ទុកឲ្យក្រុមជនអនាថាគ្មានផ្ទះសម្បែងស្នាក់នៅ។
លោក ហ្គ្រីហ្គូរី ក្លឿន តែងបានប្រមូលយកធុងសំរាមចាស់ៗដែលគេចោលមកជួសជុល និងកែច្នៃដាក់គ្រឿងបន្លាស់បន្ថែមត្រង់កន្លែងខូចខាតហើយដាក់ គ្រែដេកមួយឆ្នាំងដាំស្ល ធុងទឹកលាងចានឆ្នាំង ធ្នើរដាក់របស់របរ ទូទឹកកក សាឡុង និងបង្គន់បង្កប់នៅក្រោមរនាប ដើម្បីសម្រួលដល់ជនអនាថាគ្មានជម្រកបានរស់នៅបានសមរម្យ។
គំនិត ជួយអ្នកក្រីក្រដែលខ្វះលំនៅឋានរបស់វិចិត្រកររូបនេះពិតជាកម្រ នឹងឃើញមាននិងគួរឲ្យកោតសរសើរមែនខណៈលោកក៏គ្រោងបង្កើតផ្ទះខ្ទម តូចចល័តតាមរយៈគម្រោងHomeless Homes Projectជាច្រើនផងដែរ។
លោក ហ្គ្រីហ្គូរី ក្លឿននិងក្រុមការងារសាងសង់ខ្ទមតូចរបស់លោករមែងទៅរកប្រមែប្រមូលធុងសំរាមចាស់ដែលគេទុកចោល ឬបន្ទះឈើនានាយកមកធ្វើជាជញ្ជាំង ដំបូល ទ្វារ និងបង្អួចដែលអាចចាក់សោដូចផ្ទះធំៗបានដែរ។
រហូតមកដល់ពេលនេះ លោក និងក្រុមការងារលោកបានសាងសង់ផ្ទះខ្ទមតូចៗបានចំនួន១០ផ្ទះ និងដោយថែមទាំងរកឃើញជនទុរគតធ្វើជាម្ចាស់របស់វាផងដែរ។ សព្វថ្ងៃលោកកំពុងមមាញឹកខ្លាំងណាស់ក្នុងការកសាងផ្ទះខ្ទម តូចៗ មានពណ៌ចម្រុះគួរឲ្យស្រឡាញ់សម្រាប់បរិច្ចាគឲ្យជនក្រីក្រ និងលក់ឲ្យបណ្ដាអ្នកមានធនធានផងដែរ៕