ក្រុងព្រះវិហារ៖ ខណៈ​វត្ដ​អារាម​ជា​ច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់​ផ្ដើម​បើក​សាលា​ឆាន់​ទទួល​ចង្ហាន់​ពី​ពុទ្ធបរិស័ទ​ដែល​គោរព​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ ពី​ថ្ងៃទី ​១៤ ដល់​ថ្ងៃទី ២៨ ខែ​កញ្ញា​ អារាម​មួយ​ស្ថិត​នៅ​ចុង​ផុត​ភាគ​ខាង​លិច​នៃ​ភ្នំ​ត្បែង​បែរ​មិន​ធ្លាប់​ទទួល​ចង្ហាន់ ​សូម្បី​តែ​មួយ​ចាន​ពី​ពុទ្ធ​បរិស័ទ​ក្នុង​រដូវ​បុណ្យ​ទាន​។

ព្រះ​តេជគុណ ​ប៉ែន សន ជា​ព្រះ​ចៅ​អធិការ​វត្ដ​ និង​ជា​ស្ថាបនិក​អារាម​លើ​ភ្នំ​ត្បែង​នេះ មាន​សង្ឃ​ដីកា​ថា​៖ «​អត់​ទេ​! ក្នុង​ការ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ មាន​តែ​ពួក​យើង [ភ្ញៀវ​ទេសចរ​] នាំ​យក​បច្ច័យ​ជួយ​កសាង​អារាម​។ ប៉ុន្ដែ​ចំពោះ​អ្នក​ស្រុក​នេះ ពួក​គេ​មិន​ដែល​យក​បាយ​មក​ប្រគេន​មួយ​ចាន​ទេ»។​

ព្រះ​គ្រូ​ធម្មាចារ្យ បាន​ប្រាប់​ពី​មូលហេតុ​ថា វា​មិន​មែន​ពួក​គេ​មិន​ជឿ​សាសនា​នោះ​ទេ តែ​ពួក​គេ​មាន​ជីវភាព​ខ្សត់ខ្សោយ​ ហើយ​ណា​មួយ​នៅ​អារាម​ក៏​មាន​កូន​សេក្ខ​លោក​អាច​ធ្វើ​បាយ​សម្ល​សម្រាប់​ប្រគេន​លោក​ស្រាប់​ហើយ​។

ស្ត្រី​ចំណាស់​ត្រដុសខ្លួន​នឹង​ថ្ម​ដែលល្បី​ព្យាបាលជំងឺ​​។ រូបថត ហុង មិនា

ពុទ្ធបរិស័ទ​​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ទិដ្ឋភាព​ និង​សំណង់​អារាម​​ជុំ​វរាហំង្សី រអាង​ថ្មបីដុំ​ ដែល​សូម្បី​តែ​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំ​ក៏​មាន​ការ​លំបាក​ខ្លាំង​ តែ​វត្ដ​ព្រះពុទ្ធ​សាសនា​មួយ​​នេះ​បែរ​ឈរ​យ៉ាង​ស្កឹមស្កៃ​ជាមួយ​វត្ដមាន​ព្រះវិហារ សាលា​ឆាន់ កុដិ ទីឋាន​សក្ការៈ​ថ្ម ៣ ដុំ ព្រម​ទាំង​ការដ្ឋាន​សំណង់​ប្រាសាទ​អដ្ឋង្គិកមគ្គ​តម្កល់​ព្រះពុទ្ធ​រូប​ដ៏​ល្អ​ស្អាត​ថែម​ទៀត​។

ទីឋាន​សក្ការៈ​ដ៏​ខ្ពស់​នៃ​ភ្នំ​ត្បែង​​ ត្រូវ​បាន​ព្រះ​គ្រូ​ធម្មាចារ្យ​ ប៉ែន សន និមន្ត​មក​​​ដល់​ក្នុង​បំណង​ស្វែងរក​ភាព​ស្ងប់ស្ងាត់​ និង​បង្រៀន​ចាស់​ព្រឹទ្ធាចារ្យ​សំណាក់​ធម៌​។

ព្រះ​តេជគុណ​ដែល​និមន្ដ​មក​ពី​វត្ដ​ស្ទឹង​មាន​ជ័យ មាន​សង្ឃ​ដីកា​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ថា​៖ «​ពេល​អាត្មា​មក​ទីនេះ​ដំបូង​ក្នុង​ឆ្នាំ ​១៩៨២ តំបន់​នេះ​មិន​​​ទាន់​មាន​អ្វី​ទាំង​អស់​ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ពិត​ជា​លំបាក​ខ្លាំង។ អាត្មា​នាំ​ដូន​ជី​ជាង ១០០ នាក់ ​មក​សំណាក់​ធម៌​លើ​ភ្នំ​នេះ​»។

ព្រះវិហារ​ដែល​ចុះបឋមសិលា​កាល​ឆ្នាំ២០១៥ ​កំពុង​បន្ត​​​កសាងដោយ​ការ​​លីគ្រឿង​សំណង់​ឡើង​ជណ្ដើរ​ពាន់កាំ​​។ រូបថត ហុង មិនា

ឈរ​គង់​ក្បែរ​អគារ​ព្រះវិហារ​ដ៏​ធំ​ស្កឹមស្កៃ​ ព្រះតេជគុណ​​ព្រះ​ជន្ម ៩៩ វស្សា ៩ ខែ​ និង​ជា​ព្រះសង្ឃ​​តែ​មួយ​អង្គ​ឯង​គត់​លើ​អារាម​នេះ មាន​សង្ឃ​ដីកា​ថា​៖ «ការ​កសាង​អារាម​នេះ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ ជាពិសេស​ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង់​។ គ្រាន់​តែ​លី​ស៊ីម៉ងត៍​ឡើង​ភ្នំ​នេះ យើង​ត្រូវ​ជួល​អ្នក​ភូមិ​ ២ ម៉ឺន​រៀល​មួយ​បាវ​ និង​ដឹក​ជញ្ជូន​តាម​គោយន្ដ​ពី​វត្ដ​ភ្នំ​ត្បែង​មក​ទី​នេះ​​មាន​តម្លៃ ១០ ម៉ឺន​រៀល ​មួយ​គោ​យន្ដ​»​។

អ្នក​ដំណើរ​បាន​ឃើញ​សំណង់​សាសនា​​ទាំង​នេះ​ហើយ ច្បាស់​ជា​​នឹក​ស្ងើច​​ពី​ការ​ដឹក​​ជញ្ជូន​​សម្ភារ​សំណង់​ត្រូវ​ឆ្លង​កាត់​ជណ្ដើរ​បេតុង ​១ ៣៤៥ កាំ និង​ប្រើ​គោយន្ដ​ឆ្លង​កាត់​ផ្លូវ​ដ៏​សែន​លំបាក​ចម្ងាយ​ ៨ គីឡូម៉ែត្រ​ទៀត។​

ថ្លែង​ពី​បទពិសោធ​នៃ​ការ​លី​សែង​សម្ភារ និង​អីវ៉ាន់​ឡើង​ភ្នំ​ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ លោក នូ ធី​ អាយុ ៣២ ឆ្នាំ បាន​និយាយ​ពេល​សម្រាក​ពី​ការ​លី​ស័ង្កសី​ទម្ងន់​លើស​ពី ៥០ គីឡូ​ក្រាម ​ថា​៖ «​មួយ​ថ្ងៃ​ ខ្ញុំ​អាច​លី​អីវ៉ាន់​ឡើង​ភ្នំ​ ៤-៥ ជើង​ បើ​ថ្ងៃ​ណា​ខ្ជិល​ បាន​ត្រឹម​តែ ៣ ​ជើង​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​ច្បាស់​ថា លោក​តា​នឹង​ឲ្យ​កម្រៃ​ប៉ុន្មាន​ទេ ពី​ព្រោះ​ស័ង្កសី​នេះ​ជា​របស់​វត្ដ​ ស្រេច​តែ​លោក​តា​ឲ្យ​ចុះ​។ ធម្មតា​ លោក​ឲ្យ​មួយ​ជើង ២ ម៉ឺន​រៀល​»។

សូម្បី​តែ​ម៉ូតូ​ ដែល​បើកបរ​នៅ​លើ​ភ្នំ ពលរដ្ឋ​ត្រូវ​ដោះ​វា​ជា ៣បំណែក រួច​ស្ពាយ​ឡើង​ និង​ផ្គុំ​វិញ​នៅ​ខាង​លើ​។ មិន​ខុស​គ្នា​ទេ គោយន្ដ​ដែល​បច្ចុប្បន្ន​មាន​តែ​មួយ​គ្រឿង​គត់​នៅ​លើ​ភ្នំ​ត្បែង ក៏​ត្រូវ​បាន​ដោះ​ជា​ច្រើន​បំណែក​មុន​ពេល​ពលរដ្ឋ​ស្ពាយ​ឡើង​ភ្នំ​ផង​ដែរ​។

ព្រះតេជគុណ ប៉ែន សន​​។ រូបថត ហុង មិនា

ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​កសាង​អារាម​លើ​កំពូល​ភ្នំ​ត្បែង​នេះ ដែល​មាន​ការ​ចំណាយ​ខ្ពស់​នេះ ព្រះ​ចៅ​អធិការ​​បាន​បង្កើត​ទីតាំង​សមរម្យ​នៅ​ទីឋាន​សក្ការៈ និង​ផ្ដល់​ជា​ទីកន្លែង​ស្នាក់​អាស្រ័យ​ដល់​ពុទ្ធ​សាសនិក និង​អ្នក​មាន​ជំនឿ​ផង​ដែរ​។

អ្នកស្រី អ៊ុំ​ សួន អាយុ​ជាង ៦០ ឆ្នាំ មក​ពី​ស្រុក​កំពង់​ក្ដី ខេត្ដ​កំពង់​ធំ ជាមួយ​ស្ដ្រី​វ័យ​ចន្លោះ​ពី ៤៥ ទៅ ៦០ ឆ្នាំ​​ បាន​ប្រាប់​ថា​៖ «យើង​មក​បែរបន់​សុំ​​សេចក្ដី​សុខ និង​បួងសួង​ថ្ម ៣ ដុំ ​ស័ក្ដិសិទ្ធិ​ជួយ​ព្យាបាល​ជំងឺ​ចេញ​ពី​រាង​កាយ​»។

ស្ដ្រី​ដែល​ខិតខំ​ធ្វើ​ដំណើរ​ឡើង​ទាំង​នេះ​បាន​ចំណាយ​ពេល​ស្នាក់​អាស្រ័យ​នៅ​អារាម​​ជុំ​វរាហំង្សី រអាង​ថ្ម​បី​ដុំ​ មួយ​យប់​មុន​ពេល​ធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។

ថ្ម​ភ្នំ​ ៣ ដុំ​ ក្នុង​ចំណោម ៤ ដុំ ស្ថិត​នៅ​ជ្រលង​ភ្នំ​ដ៏​ជ្រៅ​បាន​ក្លាយ​ជា​ទីឋាន​សក្ការៈ​ដែល​​អ្នក​មាន​ជំនឿ​បាន​បួង​សួង​សុំ​សេចក្ដីសុខ និង​យក​សារពាង្គកាយ​ដែល​ឈឺ​ចាប់​ដោយសារ​ជំងឺ​ទៅ​ត្រដុស​ស្រាលៗ​លើ​ថ្ម​ ដើម្បី​សុំ​បារមី​ថ្ម ៣ ដុំ​ ជួយ​ព្យាបាល​អាការ​ឈឺ​ចាប់​របស់​ពួក​គេ។​

ព្រះ​គ្រូ​ធម្មាចារ្យ​ ប៉ែន សន មាន​សង្ឃ​ដីកា​ថា​៖ «អាត្មា​​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ថ្ម ៣ ដុំ​នេះ​ស័ក្ដិសិទ្ធិ​នោះ​ទេ​ ពី​ព្រោះ​ទី​នេះ​ជា​កន្លែង​អស្ចារ្យ​។ យើង​និយាយ​មិន​បាន​ទេ​ពី​ព្រោះ​វា​ស័ក្ដិសិទ្ធិ​តាំង​ពី​បរម​បុរាណ​មក​តែ​ម្ដង​។ មិន​ដឹង​ពី​រជ្ជកាល​ណា​មក​ទេ​»៕

ការ​ស្ថាបនា​សំណង់ ត្រូវ​ការជួល​កម្លាំង​​លីសែង​​​។ រូបថត ហុង មិនា