ក្រុង​រីយ៉ាដ៖ អារ៉ាប៊ី សាអ៊ូឌីត បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​​អនុញ្ញាត​ឲ្យ​គូស្នេហ៍​​ជន​បរទេស​អត់​ទាន់​រៀប​ការ​ជួល​បន្ទប់​សណ្ឋាគារ​ស្នាក់នៅ​រួម​គ្នា​ ខណៈ​រាជាណាចក្រ​​​កំពូល​អភិរក្ស​ប្រពៃណី​នេះ​​​ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ទេសចរណ៍​ជា​លើក​ដំបូង​។

អាជ្ញាធរ​ទេសចរណ៍ បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ផ្សាយ​លើ Twitter ថា ស្ដ្រី​អារ៉ាប៊ី ​សាអ៊ូឌីត ដែល​​ធ្វើ​ដំណើរ​តែ​ឯង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ដោយ​ប្រើ​អត្ដសញ្ញាណ​ប័ណ្ណ​មាន​សុពលភាព​។

កាល​ពី​មុន គូស្នេហ៍​ដែល​ចង់​ស្នាក់នៅ​​បន្ទប់​សណ្ឋាគារ​រួម​គ្នា​ត្រូវ​បញ្ជាក់​ថា ពួក​គេ​បាន​រៀប​ការ​រួច​ត្រឹម​ត្រូវ​។

សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ដ​ថា​៖ «ភ្ញៀវ​ទេសចរ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​បង្ហាញ​អេតាស៊ីវិល​ឡើយ​»។

អារ៉ាប៊ី សាអ៊ូឌីត បាន​ប្រកាស​កាល​ពី​ថ្ងៃទី ២៧ ខែ ​កញ្ញា ​ថា ខ្លួន​បើក​ទ្វារ​ប្រទេស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ក្នុង​បំណង​បង្កើន​ចំណូល​បន្ថែម​ក្រៅ​ពី​សេដ្ឋកិច្ច​ប្រេង​របស់​ខ្លួន​។

រាជាណាចក្រ​នេះ​ធ្លាប់​តែ​ផ្ដល់​ទិដ្ឋាការ​ដល់​អ្នក​ចូលរួម​ធម្មយាត្រា​សាសនា​ កម្មករ​បរទេស និង​ថ្មីៗ​នេះ​​​អ្នក​ទស្សនា​​ព្រឹត្ដិការណ៍​កីឡា និង​វប្បធម៌​ផ្សេងៗ​ប៉ុណ្ណោះ​។ ការ​បើក​ទ្វារ​ស្វាគមន៍​ទេសចរ ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ចម្បង​មួយ​នៃ​ចក្ខុវិស័យ​ឆ្នាំ ​២០៣០ ​របស់​ព្រះ​អង្គ​ម្ចាស់​ស្នង​រាជ​ មូហាមេដ ប៊ីន សាល់មេន ដែល​ធ្វើ​ការ​កំណែ​ទម្រង់​កម្មវិធី​រៀបចំ​សេដ្ឋកិច្ច​អារ៉ាប់​ដ៏​ធំ​បំផុត​សម្រាប់​សម័យ​ក្រោយ​អស់​ប្រេង​។

ទន្ទឹម​នឹង​ការ​ផ្ដល់​​ទិដ្ឋាការ​អេឡិចត្រូនិក​ ឬ​ទិដ្ឋាការ​ពេល​មក​ដល់​​ ដល់ ៤៩ ប្រទេស​ អាជ្ញាធរ​ក៏​បាន​ក្រើន​រំឭក​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​ដែល​បំពាន​លើ​ច្បាប់ «​អត្ដចរិត​សាធារណៈ» រួម​ទាំង​ការ​ស្លៀកពាក់​មិន​សមរម្យ​ និង​ការ​បង្ហាញ​សកម្មភាព​ល្អូក​ល្អិន​គ្នា​តាម​ទី​សាធារណៈ​ នឹង​នៅ​តែ​ជា​កម្មបទ​ជាប់​ទោស​៕ AFP/HR