The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់​បង្កើត​បច្ចេកវិទ្យា​ស្រោប​ស្បែក​ឆ្លាម​លើ​យន្ដហោះ​កាត់បន្ថយ​ការចំណាយ និង​ជាតិពុល




អាល្លឺម៉ង់​បង្កើត​បច្ចេកវិទ្យា​ស្រោប​ស្បែក​ឆ្លាម​លើ​យន្ដហោះ​កាត់បន្ថយ​ការចំណាយ និង​ជាតិពុល

Content image - Phnom Penh Post
សម្ព័ន្ធ​អាកាសចរណ៍​អាល្លឺម៉ង់ Lufthansa គ្រោង​ស្រោប​ស្បែក​លើ​យន្ដហោះ​ដឹកទំនិញ ដែល​យក​លំនាំ​តាម​គំរូ​ស្បែក​ឆ្លាម។

អាល្លឺម៉ង់​បង្កើត​បច្ចេកវិទ្យា​ស្រោប​ស្បែក​ឆ្លាម​លើ​យន្ដហោះ​កាត់បន្ថយ​ការចំណាយ និង​ជាតិពុល

ក្រុងប៊ែរឡាំង៖ សម្ព័ន្ធ​អាកាសចរណ៍​អាល្លឺម៉ង់ Lufthansa កាលពី​ថ្ងៃ​ចន្ទ បានឱ្យដឹងថា ខ្លួន​គ្រោង​ស្រោប​ស្បែក​លើ​យន្ដហោះ​ដឹកទំនិញ ដែល​យក​លំនាំ​តាម​គំរូ​ស្បែក​ឆ្លាម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​សាំង និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបោន។

ក្នុង​គម្រោង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​យក្ស​គីមី​អាល្លឺម៉ង់ BASF ក្រុមហ៊ុន Lufthansa នឹង​បំពាក់​យន្ដហោះ​ដឹកជញ្ជូន​របស់ខ្លួន​ម៉ូដែល Boeing 777 ចំនួន ១០ គ្រឿង​ជាមួយ​ស្បែក​អភិវឌ្ឍន៍​ថ្មី​ដែល​ហៅថា AeroSHARK ចាប់ពី​ឆ្នាំ ២០២២ ដែលមាន​អានុភាព​កាត់បន្ថយ​សំណឹក​លើសពី ១ ភាគរយ។

ក្រុមហ៊ុន​បានឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ជា​លទ្ធផល វា​នឹង​អាច​សន្សំសំចៃ​ប្រេង​ប្រចាំ​ឆ្នាំ​ប្រមាណ ៣ ៧០០ តោន និង​កាត់បន្ថយ​ការបញ្ចេញ​កាបោន​ជិត ១១ ៧០០ តោន។ វា​ស្មើនឹង​ការហោះហើរ​ឯកជន ៤៨ ជើង​ពី​ក្រុង​ហ្វ្រេងហ្វឺត​ទៅ​កាន់​ទីក្រុង​ស៊ាងហៃ។

ស្បែក​ឆ្លាម​ត្រូវបាន​ស្រោប​ដោយ​ស្រទាប់​តូចៗ​ដែល​កាត់បន្ថយ​សំណឹក​ខ្យល់ និង​របាំង​រាំងមុខ​ខ្យល់ ពេល​វា​ហោះ​បោះពួយ​ទៅមុខ។ បាតុភូត​នេះ​ត្រូវបាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​របស់​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ដែលមាន​សុទិដ្ឋិនិយម​សម្រាប់​ការប្រើប្រាស់​ច្រើនយ៉ាង​ចាប់ពី​សម្ភារ​ទាហាន​រហូតដល់​អវកាសយាន និង​ការផលិត​យន្ដហោះ រហូត​ដល់​បច្ចេកវិទ្យា​ឈុត​ហែល​ទឹក​ជាដើម។

Content image - Phnom Penh Post
លំនាំ​តាម​គំរូ​ស្បែក​ឆ្លាម អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​សាំង និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបោន​ពី​យន្តហោះ។

ឌឺក ប្រេម ប្រធាន​ផ្នែក​បរិក្ខារ​ស្បែក​ឆ្លាម​របស់​ក្រុមហ៊ុន BASF បាន​និយាយថា៖ «បច្ចេកវិទ្យា​ស្បែក​ឆ្លាម​អភិវឌ្ឍន៍​ថ្មី​អនុញ្ញាត​ឱ្យ​យើង​ជួយ​ដល់ Lufthansa សម្រេច​គោលដៅ​ចីរភាព និង​ធ្វើឱ្យ​ឧស្សាហកម្ម​អាកាសចរណ៍​កាន់តែ​ស្ទួយ​ដល់​បរិស្ថាន»។

ផលប៉ះពាល់​ភ្លាមៗ​លើ​ការបញ្ចេញ​សារធាតុ​កាបោន​របស់ Lufthansa នឹង​ទំនងជា​មាន​ការធ្លាក់ចុះ​ច្រើន តែ​ក៏​គួរឱ្យ​កត់សម្គាល់ថា LufthansaCargo បញ្ចេញ​ឧស្ម័ន​ជិត ៤ លាន​តោន​ក្នុង​ឆ្នាំ ២០២០។

សម្ព័ន្ធ Lufthansa គ្រប់​មែកធាង​របស់ខ្លួន​នឹង​កាត់បន្ថយ​ការបញ្ចេញ​កាបោន​ពាក់កណ្ដាល​នៅត្រឹម​ឆ្នាំ ២០៣០ បើ​ធៀប​នឹង​កម្រិត​នៃ​ឆ្នាំ​ ២០១៩។

សម្ព័ន្ធ​បាន​បញ្ចេញ​កាបោន​ឌីអុកស៊ីដ​ច្រើនជាង ១១​ លាន​តោន​ជាទូទៅ​ក្នុង​ឆ្នាំ ២០២០ ដែល​ធ្លាក់ចុះ ៣៣ លាន​តោន ក្នុង​ឆ្នាំ ២០១៩ មុនពេល​វិបត្ដិ​កូវីដ​ចូល​យាយី​ឧស្សាហកម្ម​អាកាសចរណ៍៕ HR

អត្ថបទគួរចាប់អារម្មណ៍