The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់​លុបចោល​ពិធីបុណ្យ​ស្រាបៀរ​ប្រចាំឆ្នាំ Oktoberfest ជា​លើក​ទី ២




អាល្លឺម៉ង់​លុបចោល​ពិធីបុណ្យ​ស្រាបៀរ​ប្រចាំឆ្នាំ Oktoberfest ជា​លើក​ទី ២

Content image - Phnom Penh Post
កម្មវិធី Oktoberfest បាន​ទាក់ទាញ​ភ្ញៀវ​ប្រមាណ ៦ លាន​នាក់​ក្នុង ១ ឆ្នាំ​មកពី​ជុំវិញ​ពិភពលោក។ AFP

អាល្លឺម៉ង់​លុបចោល​ពិធីបុណ្យ​ស្រាបៀរ​ប្រចាំឆ្នាំ Oktoberfest ជា​លើក​ទី ២

ក្រុងប៊ែរឡាំង៖ អាល្លឺម៉ង់​នឹង​លុបចោល​កម្មវិធី​បុណ្យ​ស្រាបៀរ Oktoberfest ជា​លើក​ទី ២ ដោយសារ​តែ​វិបត្ដិ​កូវីដ។ នេះ​បើ​យោងតាម​អភិបាលរដ្ឋ​បារ៉ារីយ៉ា លោក ម៉ាគូស សែឌ័រ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ។

កម្មវិធី Oktoberfest ដែល​ទាក់ទាញ​ភ្ញៀវ​ប្រមាណ ៦ លាន​នាក់​ក្នុង ១ ឆ្នាំ​មកពី​ជុំវិញ​ពិភពលោក​នា​ចុងខែ​កញ្ញា និង​តុលា​ត្រូវ​បាន​លុបចោល​ក្នុង​ឆ្នាំ ២០២០ ជា​លើកដំបូង​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី២។

លោក សែឌ័រ បាន​និយាយ​ក្រោយ​ជំនួប​ជាមួយ​អភិបាលក្រុង​មុយនិក​លោក ដេធ័រ រ៉ៃធ័រ ថា៖ «ក្នុង​តង់​ស្រាបៀរ​បែប​ប្រពៃណី​នៅ​ពិធីបុណ្យ​ធំៗ ការរក្សា​គម្លាត​សុវត្ថិភាព ការពាក់​ម៉ាស់ និង​វិធានការ​ផ្សេងៗ​មិនអាច​ត្រូវបាន​ដាក់ឱ្យ​អនុវត្ដ​នោះទេ»។

លោក​បន្ដថា៖ «ស្ថានភាព​នេះ​ពិតជា​ផុយស្រួយ​ណាស់។ ចូរ​ស្រមៃ​ថា មាន​រលក​រីករាលដាល​ថ្មី ហើយ​វា​ក្លាយជា​ព្រឹត្ដិការណ៍​ដ៏ខ្លាំង។ កម្មវិធី​នឹងត្រូវ​ខូច​ឈ្មោះ​ជា​រៀងរហូត ហើយ​យើង​មិន​ចង់ឱ្យ​មាន​រឿងនេះ​កើតឡើង​ឡើយ»។

Content image - Phnom Penh Post
រោង​ខ្នាត​ធំ​ដែល​ធ្លាប់តែ​ដាក់​មនុស្ស​រាប់ពាន់នាក់​មក​ក្រេប​ស្រាបៀរ​ប្រែជា​ស្ងាត់ជ្រងំ។

លោក រ៉ៃធ័រ បាន​និយាយថា ការលុបចោល​នេះ​ពិតជា​ស្រណោះស្រណោក​ណាស់​សម្រាប់​អ្នកគាំទ្រ​ពិធីបុណ្យ​ស្រាបៀរ​រាប់លាន​នាក់។ ប៉ុន្ដែ​ទាំង​អភិបាលរដ្ឋ និង​អភិបាលក្រុង បាន​ឱ្យ​ដឹងថា ពួកគេ​សង្ឃឹមថា ពិធីបុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំនេះ ដែល​អាច​រកចំណូល​បាន​ប្រមាណ ១,៤ ពាន់​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ចជាតិ នឹង​វិល​ត្រឡប់​មកវិញ​ក្នុង​ឆ្នាំ ២០២២ ខាងមុខ។

ព្រឹត្ដិការណ៍​ដែល​អ្នក​ទទួលទាន​ស្រាបៀរ​គ្រង​ឈុត​ប្រពៃណី និង​រាំរែក​នៅ​តុ​អង្គុយ​តាម​តន្ដ្រី​ប្រពៃណី​អាល្លឺម៉ង់ ត្រូវ​បាន​ខកខាន​កាលពី​ឆ្នាំមុន​ ដោយសារ​តែ​ការផ្ទុះ​ជំងឺ​ឆ្លង​សកល។

ប្រទេស​នេះ ធ្លាប់​ជួប​ហេតុការណ៍​អាក្រក់​ចំពោះ​វិបត្ដិ​ជំងឺឆ្លង​ដែល​ធ្វើឱ្យ​តង់​ស្រាបៀរ​គ្មាន​មនុស្ស​ចូល​អំឡុង​ឆ្នាំ ១៨៥៤ និង​ឆ្នាំ ១៨៧៣។ ក្នុង​ប្រវត្ដិសាស្ដ្រ ២១១ ឆ្នាំ ពិធីបុណ្យ​ស្រាបៀរ​ដែល​ក្រៅពី​ប្រធានបទ​ចម្បង​ជា​ស្រាបៀរ​ហើយ​នោះ​ក៏​នៅមាន​អាល់ម៉ុន និង​នំ​ពពុះ​ស្ករ ត្រូវ​បាន​លុបចោល​សរុប ២៦ ដង​រួចមក​ហើយ​ដែរ។

Content image - Phnom Penh Post
ជំនាញ​ពិសេស​របស់​អ្នក​កាន់​កែវស្រា​បៀរ​អាច​លើក​កែវធំៗ​បាន​ជាង ១០ កែវ​ក្នុងពេល​តែមួយ។

រដ្ឋមន្ដ្រី​សេដ្ឋកិច្ច អូឡាហ្វ ស្កូលហ្ស៍ ក៏​ធ្លាប់បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Funke ថា នៅ​មិនទាន់​អាច​ហ៊ាន​និយាយ​ពី​លទ្ធភាព​នៃ​ការរៀបចំ​ព្រឹត្ដិការណ៍​ធំៗ ដូចជា បុណ្យ​ស្រាបៀរ Oktoberfest នេះ​ទេ បើទោះបី​ជា​ការរឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ​យ៉ាងណា​ក៏ដោយ។

លោក​និយាយថា៖ «យើង​គួរតែ​ផ្អាក​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ក្នុង​បរិវេណ​បិទ​ជិត​មួយរយៈ​ទៀត​សិន»។

កាលពី​ថ្ងៃ​ចន្ទ អាល្លឺម៉ង់​បាន​កត់ត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៩ ១៦០ ករណី និង​ស្លាប់ ៨៤ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សុខភាព​នៃ​វិទ្យាស្ថាន​រ៉ូប៊ឺត កុច ដោយ​អត្រា​ហានិភ័យ​ជាតិ ១៤៦,៩៕ HR

Content image - Phnom Penh Post
កម្មវិធី Oktoberfest ប្រចាំឆ្នាំ​ចាប់ផ្ដើម​ធ្វើ​ចាប់ពី​កញ្ញា រហូត​ដល់​ខែតុលា។

Content image - Phnom Penh Post
មុន​វិបត្តិ​កូវីដ​ស្រាបៀរ​រាប់ពាន់​លីត្រ​ត្រូវ​បាន​ក្រេប​ក្នុង​កម្មវិធី Oktoberfest ប្រចាំឆ្នាំ។

អត្ថបទគួរចាប់អារម្មណ៍