ភ្នំពេញៈ ថ្មីៗនេះ​មានការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង​នឹង​រឿង​តារា​សម្តែង​ស្រី​សាច់​សខ្ចី ចូល​ចិត្ត​បង្ហាញ​ដើម​ទ្រូង​សិច​ស៊ី​កញ្ញា​ពេជ្រ អាវីហ្សា ខណៈ​នាង​ក្លាយជា​អតិថិជន​ខ្មែរ​មុន​គេ​បាន​ទិញ​ទូរស័ព្ទ​ស្មាត​ហ្វូន​ស៊េរី​ថ្មី Iphone Xs Max តែ​សាមី​ខ្លួន​បែរ​ជា​មិន​សប្បាយ​ចិត្ត​ទៅ​វិញ។

គ្រាន់តែ​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​ហើយ​ថត​បង្ហោះ​ស្វាគមន៍​នឹង​របស់​ជាទី​ស្រឡាញ់​តាម​បណ្តាញ​សង្គម​ភ្លាម ក៏មាន​គេ​ចូល​ទៅ Like & Comment ឡើង​ព្រោង​ព្រាត​តែ​ម្តង ដោយ​មាន​ទាំង​អ្នក​សរសើរ និង​អ្នក​បន្តុះ​បង្អាប់​នាង​ថា រឿង​អ្នក​សម្ភារ​និយម​នោះ​វា​មធ្យម ងំ​មាន​អ្នក​ចោទ​ថា នាង​មាន​អ្នក​ទិញ​ឲ្យ។

លើសពីនេះ​ក៏មាន​អ្នក​ថា​ឲ្យ​នាង ដោយ​រំឭក​រឿង​ចាស់​ពេល​នាង​ធ្លាប់​មានរឿង​បើករថយន្ត​ប៉ះពារ​គេ ហើយ​គ្មាន​ប្រាក់​សង​គេ​នោះ​ថា៖ «អីយ៉ា!​ពេល​មុន​ក្រែង​ថា អត់​ប្រាក់​សង​គេ​រឿង​ប៉ះពារ​ឡាន​សោះ​នោះ ពេល​នេះ​គ្រាន់​តែ​ទូរស័ព្ទ​ស៊េរី​ថ្មី Iphone Xs ចេញ​ភ្លាម​ជះ​លុយ​ទិញ​ភ្លែត​ហ្មង បាន​លុយ​ពី​ណា​មក​ហ្នឹង?» ចំណែក​អ្នក​ខ្លះ​ឌឺដង​ថា៖ «អាវីហ្សា ទិញ​ទូរស័ព្ទ​ថ្មី Iphone Xs មុន​គេ ដើម្បី​បន្សាប​កំហឹង​ដែល​ក្រសួង​វប្បធម៌​ហៅ​ទៅ​ណែនាំ​រឿង​ថត​សិច​ស៊ី​មែន?»។

តារា​ស្រី​ល្បី​ក្នុង​ពិភព​ថត​សម្តែង​ជា MV ឲ្យ​ផលិតកម្ម​ចម្រៀង​មួយ​សឹងតែ​មិនដែល​បាត់​មុខ​នាង​គឺ​ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ អាវីហ្សា បង្ហើប​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ទាំង​ដែល​ខ្លួន​នៅ​ពុំទាន់​អស់​ចិត្ត​នឹង​ដំណឹង​ចែក​ផ្សាយ​ព្រោង​ព្រាត​រឿង​ខ្លួន​គ្រាន់​តែ​ទិញ​ទូរស័ព្ទ​ថា៖ «នាង​ខ្ញុំ​ពិត​ជា​មិន​យល់​ទាល់​តែ​សោះ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ទើស​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ណាស់!​គ្រាន់​តែ​នាង​ខ្ញុំ​ស្រឡាញ់​របស់​ប្រើប្រាស់ ហើយ​បាន​កក់​ទិញ​មុន​គេ​សោះ ខុស​ដែរ​ឬ?»។

តែ​ទោះបីជា​យ៉ាងណា កញ្ញា ពេជ្រ អា​វី​ហ្សា តារា​ស្រី​ទើបត្រូវ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ហៅ​ទៅ​ណែនាំ​រឿង​ការ​សម្តែង​សិច​ស៊ី ក្រោយ​ពី​ឮ​ដំណឹង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ជាមួយ​នឹង​តារា​ប្រុស​ស្រី​ផ្សេងៗ​ទៀត​បន្ត​ថា៖ «ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ក៏​មិន​ហ៊ាន​ថា អី​ដល់​ក្រុម​ដែល​ចូលចិត្ត​ទើស​ទាំង​នោះ​ដែរ គ្រាន់​តែ​ចង់​សំណូមពរ​ខ្លះៗ​ថា សុំ​មេត្តា​កុំ​ចូល​ចិត្ត​វាយ​តម្លៃ​មក​លើ​មនុស្ស ដោយ​មិន​បាន​ដឹង​រឿង​ច្បាស់​លាស់​នោះ​អី ហើយ​សូម​មេត្តា​ផ្តល់​តម្លៃ​ដល់​អ្នក​សិល្បៈ​ផង!»។

តារា​សម្តែង​ស្រី​ឆ្លង​ផុត​នូវ​ព្យុះ​រលក​ជីវិត​អតីត​គូស្នេហ៍​ជា​គូកម្ម​ដែលជា​សាច់ញាតិ​ឧកញ៉ា​ល្បី​ឈ្មោះ​វាយ​យ៉ាង​ដំណំ​ខណៈ​សម្រស់​បាន​វិល​មករក​សភាព​ធម្មតា​វិញ ក៏​ព្រលយ​រឿង​រអា​ចិត្ត​ខ្លួន​ចង់​ដូរ​រថយន្ត និង​ចង់​ទិញ​ផ្ទះ​ដែរ​ថា៖ «គ្រាន់​តែ​ខ្ញុំ​ទិញ​ទូរស័ព្ទ ថ្មី Iphone Xs តម្លៃ ១៧០០ ដុល្លារ សោះ​ក៏មាន​គេ​ទើស​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​បើ​នាង​ខ្ញុំ​ចង់​ដូរ​ឡាន ឬ​ទិញ​ផ្ទះ ហើយ​ថតរូប​បង្ហោះ​នោះ មិន​ដឹង​ជា​មាន​គេ​ថា​ឲ្យ​ខ្ញុំ​យ៉ាង​ម៉េច​ទេ?»៕