ក្រុងវីយែន៖ ឧបករណ៍​តេស្ដ​វីរុស​កូរ៉ូណា​សណ្ឋាន​ស្រដៀង​ស្ករ​គ្រាប់​ដោត​ឈើ​អភិវឌ្ឍន៍​ថ្មី ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​នៅតាម​សាលា​មតេយ្យ​សិក្សា​មួយចំនួន​ក្នុង​ប្រទេស​អូទ្រីស ជា​ជម្រើស​សម្រាប់​កុមារតូចៗ ដែល​ខា្លច​រអា​ចំពោះ​ការរុក​បំពង់ក និង​ច្រមុះ។

សិស្ស​តូចៗ​ដែល​អៀនប្រៀន ឈរ​តម្រង់​ជួរ​នៅ​សាលាមត្តេយ្យ​សិក្សា​មួយ​ក្នុង​ទីក្រុង​វីយែន ដើម្បី​រង់ចាំ​ធ្វើតេស្ដ​រក​វីរុស​នា​សប្ដាហ៍​នេះ ដោយ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​ផងដែរ។

ថ្វីដ្បិតតែ​កុមារ​ត្រូវបាន​លើកលែង​ពី​វិធានការ​រឹតត្បិត​ជាច្រើន​យ៉ាងណា​ក៏ដោយ តែ​ការបើកទ្វារ​សាលារៀន និង​មតេយ្យ​ឡើងវិញ​គឺជា​ក្ដីកង្វល់​មួយ ដោយ​វីរុស​បំប្លែង​ខ្លួន​ថ្មី​មកពី​ចក្រភព​អង់គ្លេស និង​តំបន់​អឺរ៉ុប​ជាច្រើន​ទៀត អាច​រីក​រាលដាល​ក្នុង​ចំណោម​យុវជន និង​កុមារតូច។

នេះ​អាច​ចូលរួម​ចំណែក​ឱ្យ​វីរុស​សាយភាយ​កាន់តែខ្លាំង និង​គំរាមកំហែង​ដល់​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង។ ដើម្បី​ទប់ស្កាត់​ការចម្លង និង​ផ្ដល់​ជម្រើស​ផ្សេងៗ​ក្នុង​ការធ្វើតេស្ដ​រក​វីរុស ខេត្ដ​ប៊ឺហ្គេនលេន របស់​អូទ្រីស បាន​កុម្ម៉ង់​ស្ករ​គ្រាប់​តេស្ដ​វីរុស ៣៥ ០០០ ឈុត​រួចហើយ។ នេះ​បើ​យោងតាម​រដ្ឋាភិបាល​តំបន់​បាន​ប្រាប់ AFP។

សិស្សតូចៗ​ដែល​អៀនប្រៀន ឈរ​តម្រង់​ជួរ​ចាំ​ស្ករ​គ្រាប់​ដោត​ឈើ​ដែលជា​ឧបករណ៍​តេស្ដ​រក​វីរុស​កូរ៉ូណា។ AFP

វា​ជា​វិធានការ​មួយ​បន្ទាប់ពី​គម្រោង​ធំ​អនុវត្ដ​ជាមួយ​កុមារ​នៅតាម​មត្តេយ្យ​សិក្សា និង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ទទួល​ជោគជ័យ។ លិខិត​ជាច្រើន​ត្រូវបាន​ផ្ញើ​ទៅកាន់​ឪពុកម្ដាយ​ដោយ​ជម្រាបជូន​ថា រដ្ឋ​ប៊ឺហ្គេនលេន នឹង​ផ្ដល់ឱ្យ​កុមារ​នូវ​តេស្ដ​រក​វីរុស​ចំនួន ៣ ដោយ​ឥតគិតថ្លៃ​នា​សប្ដាហ៍​នេះ។

សេចក្ដី​ណែនាំ​បានបង្ហាញ​ថា៖ «ដាក់​ឧបករណ៍​តេស្ដ​ក្នុង​មាត់​ជញ្ជក់​វា ៩០ វិនាទី ដាក់​ឧបករណ៍​ក្នុង​ប្រអប់​រង់ចាំ ១៥ នាទី រួច​ឆែក​មើល​លទ្ធផល»។

ក្រោយពី​ទទួលបាន​ការឆ្លើយតប​ដ៏ខកចិត្ដ​ដែល​ឧបករណ៍​ធ្វើតេស្ដ​ខ្វះ​ពណ៌​ស្រស់​ឆើត​សម្រាប់​ទាក់ទាញ និង​រសជាតិ​ពិតប្រាកដ​នៃ​ស្ករ​គ្រាប់ ជំនួស​ដោយ​ឧបករណ៍​តេស្ដ​កូ​តុងធំៗ អ្នក​ឌីហ្សាញ និង​ជា​ឪពុក​ម្នាក់ លោក ដូមីនិក ក្រូតស្កេក បាន​និយាយថា កូន​អាយុ ៣ ឆ្នាំ​របស់​លោក ពេលនេះ​ទទួល​ការធ្វើ​តេស្ដ​យ៉ាង​ស្រួល។

ក្រូតស្កេក បាន​ប្រាប់ AFP ថា៖ «វា​គ្មាន​បញ្ហា​អ្វី​ទេ យើង​គ្រាន់តែ​ធ្វើ​វា​ម្ដងទៀត ហើយ​វា​ដំណើរការ​ល្អ​ណាស់»៕ HR

គ្រូពេទ្យ​ប្រមូល​សំណាក​ពី​កុមារ​តាមរយៈ​ឧបករណ៍​តេស្ត​ដែល​មាន​រូបរាង​ជា​ស្ករ​គ្រាប់​ដោត​ឈើ។ AFP