ភ្នំពេញ៖ ថ្មីៗ​នេះ​ ក្រុម​វិចិត្រករ​​របស់​​​​អូផេនស្ទូឌីអូ​កម្ពុជា​ (Open Studio Cambodia​​​) ដែល​មាន​មូលដ្ឋាន​នៅ​ឯ​​ខេត្ត​សៀមរាប​ បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​របស់​ខ្លួន​ជា​ថ្មី​ម្តង​​​ទៀត​នៅ​ឯ​វិចិត្រសាល​ Factory Phnom Penh ក្នុង​រាជធានី​​​ភ្នំពេញ​ ក្រោយ​ពី​បាន​ខកខាន​អស់​មួយ​រយៈ​​​ក្នុង​គ្រា​ដែល​បាន​ជួប​​​វិបត្តិ​កូវីដ ១៩​។

ការ​នាំ​យក​ស្នាដៃ​គំនូរ​​​មក​តាំង​ពិព័រណ៍​សា​ឡើង​វិញ​របស់​ក្រុម​​​វិចិត្រករ​​​​​​​អូផេន​ស្ទូឌីអូ​កម្ពុជា​​ ​ដែល​​បើក​​សម្ពោធ​​តាំង​ពី​​​ថ្ងៃ​ទី ​១៩​ ខែ​ ​​កញ្ញា​ ឆ្នាំ ​​២០២០​​ និង​បន្ត​រហូត​ទៅ​​​ដល់​ថ្ងៃ​ទី ​២០ ខែ​ ​​តុលា ឆ្នាំ ​២០២០​ នោះ​ក៏​​ត្រូវ​បាន​​កញ្ញា ឡូរ៉េន អ៊ីអិដា ដែល​ជា​​ស្ថាបនិក​​ Open ​Studio ​​ Cambodia​​ បង្ហើប​​ឲ្យ​ដឹង​ថា៖ «​យើង​​មាន​ស្នាដៃ​ថ្មី​ចំនួន​ ២០ ដែល​ជា​ស្នាដៃ​របស់​​វិចិត្រករ​ខ្មែរ​​មួយ​ចំនួន​​ដូចជា​លោក​ ឡុង ឡាវី មក​​ពី​ភ្នំពេញ​ លោក ម៉ន ជា មក​ពី​ខេត្ត​កំពត កញ្ញា ហ៊ុល កញ្ញា មក​ពី​ខេត្ត​សៀមរាប លោក វ៉ាន់ ឆវ័ន្ត មក​ពី​​ខេត្ត​បាត់ដំបង​ និង​នាង​ខ្ញុំ​ (មក​ពី​ទីក្រុង​ស៊ីថល សហរដ្ឋ​​អាមេរិក)​​​ដែរ។ ​ពួក​យើង​​បាន​បើក​​​​​ពិព័រណ៍​នេះ​ ក្រោម​​​​ចំណង​​ជើង​ថា «ស្អែក​គឺ​ជា​ថ្ងៃ​ថ្មី ​Tomorrow is a New Day» នៅ​​ឯ​វិចិត្រសាល​ថ្មី​ឈ្មោះ​ AIR Gallery នៅ​ក្នុង​វិចិត្រ​សាល​ធំ Factory Phnom Penh នៅ​ភ្នំពេញ»​។

ទេសចរ ចូល​ទស្សនា​ពិព័រណ៍ស្នាដៃគំនូរ​របស់​ក្រុម​វិចិត្រករ Open Studio Cambodia​​។ហុង មិនា

កញ្ញា ឡូរ៉េន អ៊ីអិដា បន្ត​ថា៖ «​​ស្នាដៃ​ពួក​យើង​ដែល​បាន​ដាក់​តាំង​ពិព័រណ៍​ចាប់​ពី​ថ្ងៃទី ​១៩ ខែ​កញ្ញា ដល់​ថ្ងៃទី ​២០ ខែ ​តុលា ឆ្នាំ ​២០២០ មាន​​ស្នាដៃ​សិល្បៈ​បែប​ចម្រុះ ​ដូចជា​​ស្នាដៃ​ប្រភេទ​គំនូរ​គូរ​លើ​ក្រណាត់​អាក្រូលីក គំនូរ​ព្រីន គំនូរ​គូរ​លើ​ក្រដាស​ ​គំនូរ​ឌីជីថល និង​​គំនូរ​ទឹក​​ពណ៌​​ជា​ដើម»។ ​

គ្រា​​ប្រទេស​កម្ពុជា​ និង​​ពិភព​លោក​ទាំង​មូល ​​ជួប​វិបត្តិ​សេដ្ឋកិច្ច​នានា​ ដោយសារ​តែ​ការ​រាតត្បាត​​ជំងឺ​កូវីដ ១៩ នោះ ក្រុម​​វិចិត្រករ​នៅ​​ Open Studio Cambodia ក៏​ជួប​វិបិត្ត​សេដ្ឋកិច្ច​​គ្រួសារ​ដែរ​ ព្រោះ​តែ​ជីវភាព​​អាស្រ័យ​ដោយ​ការ​​លក់​ស្នាដៃ​គំនូរ​​​របស់​ខ្លួន​​​នោះ​​។ ស្ថាបនិក​​ អូផេន​ស្ទូឌីអូ​កម្ពុជា​ កញ្ញា​ ឡូរ៉េន អ៊ីអិដា​ បាន​បញ្ជាក់​ថា៖ «​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​ស្ទះ​កិច្ចការ​ធំ​លើ​វិស័យ​ទេសចរណ៍ និង​​​​ព្រឹត្តិការណ៍​​សាធារណៈ​នានា​។ ជាក់​ស្តែង​វិចិត្រករ​ទាំង ​៩ រូប​ នៅ​អូផេនស្ទូឌីអូ​កម្ពុជា​វិញ​​​ក៏​ដូច្នេះ​ដែរ​ គឺ​ថា​ជីវភាព​ពួក​គាត់​ដែល​ពឹង​អាស្រ័យ​ដោយ​​ការ​លក់​ស្នាដៃ​គំនូរ​នោះ​ បាន​​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​​ពាល់​​ដល់​ដង្ហើម​សេដ្ឋកិច្ច​គ្រួសារ​​យ៉ាង​​​ខ្លាំង​​តែ​ម្តង​។ ​តែ​យើង​ក៏​សង្ឃឹម​ថា ស្ថានភាព​នឹង​ល្អ​ប្រសើរ​​វិញ​ឆាប់ៗ ហើយ​ក៏​អរគុណ​​​ដែរ សម្រាប់​​ឱកាស​​បើក​​តាំង​ពិព័រណ៍​ឡើង​វិញ​ពី​ខាង​​វិចិត្រសាល​ AIR Gallery​ ដែល​​មាន​ការ​គាំទ្រ​ដោយ​ FT Gallery​»៕​

ស្នាដៃ​គំនូរ​​របស់វិចិត្រករ Open Studio Cambodia។ ហុង មិនា