ភ្នំពេញ៖ ថ្មីៗ​នេះ​ល្បី​ថា អ្នក​​មេម៉ាយ​ចាយ​រាង តារា​ចម្រៀង​ស្រី​កន្ទ្រឹម មាន​សំឡេង​រដឺន​ពីរោះ​ អ្នកនាង អឿន ស្រីមុំ សុខ​​ចិត្ត​លុប​ចោល​គម្រោង​​កើប​​លុយ​ធំ​នៅ​អាល្លឺម៉ង់ ដែល​មាន​​រយៈពេល ១ ខែ គ្រោង​នឹង​ដឹកដៃ​តារា​ចម្រៀង​ប្រុស ២ ដួង​​លោក ណូយ វណ្ណេត និង​លោក ណូយ វណ្ណា ផង​ដែរ​នោះ ក្រោម​ហេតុ​ផល​ជាប់​មមាញឹក​​នឹង​កម្មវិធី​សិល្បៈ​នៅ​​ក្នុង​ស្រុក​​​ច្រើន​ពេក​មិន​អាច​ដក​ឃ្លា​ទៅ​បាន​។

តារា​ចម្រៀង​ស្រី​​ផុស​ភាព​​ល្បី​ខ្លាំង​តាមរយៈ​ការ​បកស្រាយ​បទ​ចម្រៀង​កន្រ្ទឹម បែប​សំឡេង​រដឺន ​និង​តារា​ចម្រៀង​ប្រុស​ល្បី​បទ​កន្ទ្រឹម​​ដែរ ​គឺ​លោក ចាន់ សម័យ បាន​ប្រកាស​លុប​​ចោល​ការ​ត្រៀម​ហោះហើរ​ឆ្លង​ទ្វីប​នេះ​វិញ​ហើយ ដោយ​បាន​អះអាង​ថា មក​ដល់​ខែ​តុលា​នេះ គឺ​នាង​ជាប់​មមា​ញឹក​ខ្លាំង​នឹង​កម្មវិធី​សិល្បៈ​ក្នុង​ស្រុក​ដក​ខ្លួន​មិន​រួច​ទេ​ អ៊ីចឹង​ក៏​សុខ​ចិត្ត​មិន​​ចេញ​ទៅ​ប្រទេស ​អាល្លឺម៉ង់ ​នោះ​ឡើយ ដោយ​សម្រេច​ជ្រើស​យក​​​ការ​​ច្រៀង​សម្តែង ​ក្នុង​ស្រុក​វិញ ព្រោះ​ថា បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ គឺ​ថា​​​នាង​អាច​រក​​ប្រាក់​ចំណូល​បាន​ចំនួន​​​ប្រហាក់​ប្រហែល​​​​គ្នា​។

អ្នកនាង អឿន ស្រីមុំ ​អះ​អាង​នាពេល​ថ្មីៗ​នេះ​ថា៖ «​ខាង​ ​Sponsor នៅ​ឯ​អាល្លឺម៉ង់់​គាត់​ចង់​​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ច្រៀង​​នៅ​ទី​នោះ​រយៈ​ពេល ១ ខែ ជាមួយ​បង ណូយ វណ្ណេត និង​បង ​ណូយ វណ្ណា ហើយ​យើង​​រង់ចាំ​យូរ​ខែ​ដែរ​​ហើយ​ទើប​បាន​ដំណឹង​​នេះ​។ តែ​គាត់​ឲ្យ​យើង​ចេញ​ទៅ​តាំង​ពី​ខែ​កញ្ញា​មុន​​ហ្នឹង​ម្ល៉េះ អ៊ីចឹង​ខ្ញុំ​ចេញ​ទៅ​មិន​​កើត​ទេ ដោយសារ​តែ​ខែ​នេះ [ខែ​តុលា] ​ចូល​ដល់​ខែ​ដែល​​រវល់​​​ខ្លាំង​ក្នុង​ស្រុក​វិញ​ហើយ​។ តែ​បង ណូយ វណ្ណា គឺ​គាត់​អាច​ចេញ​ទៅ​ម្នាក់​ឯង​​ ហើយ​​​​មើល​ទៅ​ពេល​នេះ»​។

អ្នកនាង ស្រីមុំ បាន​បន្ត​ថា​៖ ​«​ខ្ញុំ​គិត​ថា ខែ​នេះ បើ​ខ្ញុំ​នៅ​ក្នុង​ស្រុក​វិញ​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ ៣ ទៅ ៤ ពាន់​ដុល្លារ​ដែរ​ក្នុង ១ ខែៗ អ៊ីចឹង​បើ​ទៅ​ច្រៀង​ក្រៅ​ប្រទេស ក៏​យើង​នឹង​ទទួល​បាន​ប្រាក់​នៅ​ក្នុង​កម្រិត​ខ្ទង់​ប៉ុណ្ណឹង​ដែរ អ៊ីចឹង​ខ្ញុំ​សម្រេច​​ចិត្ត​ថា អត់​ចេញ​​ទៅ​អាល្លឺម៉ង់​នោះ​ទេ​ឆ្នាំ​នេះ តែ​អាច​ចេញ​​​​ឆ្នាំ​ក្រោយៗ​​ទៀត​​​​វិញ»។

តារា​ស្រី​មេម៉ាយ​ក្តៅ​ស្រួយ នៅ​មិន​ទាន់​មាន​កូន ​១ ខណៈ​លែង​លះ​ប្តី​ដែល​ជា​តន្រី្តករ អ្នកនាង អឿន ស្រមុំ​ បាន​​បន្ត​ថា៖ « ខែ​ភ្លៀង​មិន​សូវ​មមាញឹក​ខ្លាំង​ណាស់​ណា​ទេ គឺ​ទាល់​តែ​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ ទើប​ដក​ឃ្លា​មិន​រួច​តែ​ម្តង។

ដើម​ឆ្នាំ ​២០២០ ខាង​មុខ​នេះ នាង​​ខ្ញុំ​ត្រៀម​ខ្លួន​​ចេញ​ទៅ​ច្រៀង​សម្តែង​​នៅ​សហរដ្ឋ​អាមេរិក រយៈពេល ប្រមាណ​ជា ៣ ខែ​ផង​ដែរ។ ទោះបី​ជា​ទៅ​​ប្រទេស​ណា​ក្តី​ ហើយ​បើ​មាន​គេ​សុំ​ស្រឡាញ់​ក៏​ដោយ ក៏​បេះដូង​របស់​​ខ្ញុំ​នៅ​ក្នុង​ពេល​នេះ គឺ​ថា​ខ្ញុំ​សុំ​បិទ​ទ្វារ បេះដូង​នៅ​​ត្រឹម​​នេះ​សិន​​​ និង​មិន​ចង់​ទទួល​​យក​​ចំណង​​ស្នេហ៍​ថ្មី​អ្វី​នោះ​ឡើយ»​៕