ក្រុងគីតូ៖ ខណៈពលរដ្ឋអេក្វាទ័រជាច្រើនត្រូវនៅតែផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណា ក្រុមអ្នកវិទ្យាសាស្ដ្រចាកចេញពីប្រជុំកោះ ហ្គាឡាប៉ាហ្គូស ដែលជាប់គាំងសកម្មភាពស្រាវជ្រាវ រួមទាំងវិស័យទេសចរណ៍លើដែនកោះប៉ាស៊ីហ្វិកនេះដាំក្បាលចុះផងដែរ។
អាជ្ញាធរមានក្ដីសង្ឃឹមចំពោះការស្ទុះងើបឡើងវិញនូវវិស័យទេសចរណ៍ដ៏សំខាន់ ដែលជាស្នូលនៃសេដ្ឋកិច្ចជាតិ នៅពេលទេសចរត្រូវបានអនុញ្ញាតឲ្យហោះមកជាថ្មីចាប់ពីថ្ងៃទី ១ ខែកក្កដា ខាងមុខ។
អាជ្ញាធរមូលដ្ឋាននិយាយថា ពួកគេលួចចម្លងស្ទីលពីអ្នកធម្មជាតិនិយមអង់គ្លេស លោក ឆាលស៍ ដាវីន និងកែសម្រួលឲ្យមានភាពទាក់ទាញ។
លោក ដាវីន ផ្ដោតសំខាន់លើទ្រឹស្ដីវិវឌ្ឍនិយមចំពោះការសិក្សាពីជីវិតរុក្ខជាតិដ៏ល្អឯកប្រចាំកោះ។ ប៉ុន្ដែអ្នកស្រាវជ្រាវ ១ ក្រុមដែលដើរតាមលំនាំលោក ត្រូវចាកចេញមុនពេលបិទជើងហោះហើរ។
ដាយអេហ្គោ ឃ្វីរ៉ូហ្គា មកពីសាកលវិទ្យាល័យ San Francisco ក្រុងគីតូ ប្រាប់ AFP ថា៖ «ត្រូវតែបញ្ឈប់រាល់កិច្ចការវិទ្យាសាស្ដ្រទាំងឡាយនៅលើដែនកោះ ហ្គាឡាប៉ាហ្គូស»។
អេក្វាទ័រ មានប្រជាជន ១៧ លាននាក់ មានអ្នកឆ្លងវីរុសកូរ៉ូណាជាង ៤ ម៉ឺននាក់ និងស្លាប់ ៣ ៥០០ នាក់។ ដែនកោះ ហ្គាឡាប៉ាហ្គូស ជាដែនដីរងផលប៉ះពាល់តិចតួចបំផុត ដោយមានពលរដ្ឋតិចជាង ៨០ នាក់ឆ្លងមេរោគចំណោមប្រជាជន ៣ ម៉ឺននាក់។
ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ដ្រហ្គាឡាប៉ាហ្គូស លោក កាឡូស មេណា បាននិយាយថា លោកមិនជឿថា «មូលនិធិស្រាវជ្រាវវិទ្យាសាស្ដ្រត្រូវបានកាត់បន្ថយនោះទេ តែច្បាស់ណាស់ វាត្រូវបានយកទៅប្រើលើវិស័យផ្សេង ដូចជាការស្ដារសេដ្ឋកិច្ច ឬការសិក្សាអំពីជំងឺ និងជំងឺឆ្លងនានា»។
លោក មេណា និយាយថា វាបានធ្វើឲ្យប្រទេសជាតិខាតបង់រាប់លានដុល្លារសម្រាប់ឆ្នាំ ២០២០ នេះ។ លោកបន្ដថា៖ «វិទ្យាសាស្ដ្របង្កើតចំណូល។ វាមិនធំដូចវិស័យទេសចរណ៍ទេ តែក៏ជាចំណូលដែរ»។
អំឡុងពេលរឹតត្បិតដោយសារកូវីដចន្លោះខែមីនាដល់ខែឧសភា កោះហ្គាឡាប៉ាហ្គូស ដែលមានភ្ញៀវជាង ២៧ ម៉ឺននាក់ កាលពីឆ្នាំមុន បានខាតបង់ប្រាក់លើវិស័យទេសចរណ៍ ២០០ លានដុល្លារ។
នាយកឧទ្យានលោក អេនត្រេស អូដូណេស បាននិយាយថា៖ «ចំណូលគឺសូន្យ។ អត់មានភ្ញៀវ អត់មានចំណូលលក់សំបុត្រ សេដ្ឋកិច្ចដាំក្បាល»។
លោកថា៖ «កោះហ្គាឡាប៉ាហ្គូស តែងតែត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍សិក្សាអំពីការវិវឌ្ឍនៃពូជអម្បូរនានាសម្រាប់ការកសាងវិស័យទេសចរណ៍ ឬជាគំរូក្នុងសង្គម»៕ AFP/HR