ភ្នំពេញៈ ថ្មីៗ​នេះ​បង្ក​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ខណៈ​ឃើញ​គូស្នេហ៍​អ្នកសិល្បៈ ២ ​គូ​ដែល​យល់ចិត្ត​យល់​ថ្លើម​គ្នា​កំពុង​តែ​រុញ​ដាក់​គ្នា​ទៅវិញ​ទៅមក​ចំពោះ​វេលា​កំណត់​ថ្ងៃ​ចូល​រោង​ជ័យ ក្រោយ​ពី​បាន​ទៅ​ចូលរួម​មង្គលការ​តារាចម្រៀង​ស្រី​កំពូល​ហង្សមាស​អ្នកនាង ឱក សុគន្ធកញ្ញា កាលពី​សប្តាហ៍​មុន​មក​នោះ​។

២ ​គូ ជា​អ្នកសិល្បៈ​ដែល​ប្រើ​ពាក្យសម្តី​បែប​ឌឺដង​ដាក់​គ្នា​រឿង​បង្ហាញ​ចេតនា​រក​វេលា​រៀបការ​ដែរ​នោះ​គឺ​គូស្នេហ៍​អ្នកនាង អេដា និង​លោក អេលែន តាន់ និង​គូស្នេហ៍​តារាចម្រៀង​ទាំង ២ ​លោក ងួន ចាន់ដេវីត និង​កញ្ញា ទេព បូព្រឹក្ស​។

គេ​ឃើញ​អ្នកនាង អេដា បន្លឺ​សារ​ថា​៖ « ថ្ងៃនេះ​ការ​គេ​ហើយ​ថ្ងៃ​ណា​បាន​ការ​ខ្ញុំ​? ជូនពរ​គូ​ស្វាមីភរិយា​ថ្មី​ឲ្យ​ស្រឡាញ់​គ្នា​ដល់​ចាស់ ខាំ​ចេក​របូត ខាំ​ពោត​របេះ ហើយ​ចុះ​គូ​ណា​បន្ទាប់​ទៅ​?»​។ នៅ​ក្រោយ​មក​ឃើញ​មាន​សារ​ជំរុញ​ពី​លោក ងួន ចាន់ដេវីត តប​ថា​៖ « ចែ​!​អញ្ជើញ​មុន​ចុះ​!»​។

ក្រោយពី​បាន​ប្រកាស​មុខមាត់​ពិត​គូស្នេហ៍​ថ្មី​បុរស​កូនកាត់ ៣ ​សាសន៍​ឈ្មោះ អេលែន តាន់ និង​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នាច្រើន​ឆ្នាំ​មក​នោះ តារាចម្រៀង​ស្រី​អូរីជីណល​កំពុង​តែ​មាន​រាសី​ឡើង​អ្នកនាង អេដា ល្បី​ថា​ក៏​គ្រោង​ដឹក​ដៃ​ម្ចាស់​បេះដូង​ទី​ ២ ចូល​រោង​ជ័យ​ដែរ តែ​ចាំ​ដល់​ឆ្នាំ ២០២១ ឯណោះ​។

អ្នកនាង អេដា ដែល​ទទួល​បាន​ភាពជោគជ័យ​ទាំង​ការងារ​សិល្បៈ ការប្រកប​អាជីវកម្ម​ក្រៅ​សិល្បៈ និង​រឿង​ស្នេហា​នោះ​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ថា​៖ «​តាមពិត​ទៅ​!​ចំពោះ​រឿង​សម្ព័ន្ធភាព​ពួកយើង​គឺ​ត្រូវ​គ្នា​ល្អ​ណាស់ ដោយ​មិន​ចាំបាច់​ត្រូវការ​ពេល​មើល​ចិត្តថ្លើម​គ្នា​បន្ត​ទេ​។ ដោយសារ​ភាព​ចាំបាច់​ខ្លះ​ត្រូវ​រង់ចាំ​សិន​ដែរ គឺ​ម្យ៉ាង​មកពី​ពួកយើង​សុទ្ធតែ​ជាប់​រវល់​ការងារ​ខ្លាំង​ដូចគ្នា និង​មួយទៀត​ខ្ញុំ ត្រូវការ​ពេល​រកប្រាក់​ដើម្បី​បង្ហើយការ​សង់ផ្ទះ​ខ្ញុំ​សិន​ដែរ​។ ដូច្នេះ​ក៏ត្រូវ​ទុក​ពេល​រឿង​រៀបការ​នោះ​យ៉ាង​ឆាប់​បំផុត​គឺ​ឆ្នាំ​ ២០២១»​។

តារាចម្រៀង​ស្រី ឈ្មោះ​ពិត ក្រូច ចរិយា ហៅ អេដា បាន​វិលត្រឡប់​មកកាន់​វិស័យ​សិល្បៈ​ចម្រៀង​វិញ បន្ទាប់ពី​បាត់​មុខ​មួយរយៈ និង​បាន​នាំ​បទចម្រៀង​ប្រភេទ​អូរីជីណល​ថ្មីៗ​មួយ​ចំនួន​ដែល​ស្រូប​អ្នក​គាំទ្រ​យ៉ាងច្រើន​រួមមាន​ដូចជា​បទ «​នៅ​ទីនេះ​មាន​មនុស្ស​ខូចចិត្ត​» បទ «​ភ្លើង​» និង​បទ «​ពីរ​នាក់​បាន​ហើយ​» និង​បទចម្រៀង​ចុងក្រោយ​គឺ​បទ «​មាន​អ្នក​ថែ​ឬ​នៅ​?» ក្រោយពី​បែក​គ្នា​ពី​ស្វាមី​។

ចាប់​តាំងពី​ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ជា​ពេល​រៀបចំ​ធ្វើ​ពិធី​ខួប​កំណើត​វ័យ ២៧ ឆ្នាំ និង​សម្ពោធ​នូវ​អាល់ប៊ុម​នៃ​បទចម្រៀង​ជា​ស្នាដៃ​តែង​និពន្ធ​ខ្លួនឯង ដែល​ចូលរួម​លើកទឹកចិត្ត​ពី​តារា​សិល្បៈ​ល្បី​យ៉ាង​ច្រើន​កុះករ​នោះ នាង​ក៏​ឆ្លៀត​ប្រកាស​នូវ​មុខមាត់​ពិត​គូស្នេហ៍​ថ្មី​ខ្លួន​គឺ​លោក អេលែន តាន់ ផង​ដែរ​៕