ភ្នំពេញ៖ ទើបតែបានបង្ហើបប្រាប់មហាជនពីរឿងពន្យារពេលនៃការដឹកដៃម្ចាស់ស្នេហ៍ ដែលជាបុរសអាណិកជនកូនកាត់ ៣ សាសន៍លោក អេលែន តាន់ ចូលរោងជ័យដែលហាក់នៅស្រពេចស្រពិល អាចរៀបចំក្នុងឆ្នាំ ២០២១ ឬឆ្នាំ ២០២២ ស្រាប់តារាចម្រៀងស្រីអូរីជីណល អេដា បង្ហោះរូបថតរថយន្តទំនើបដ៏ថ្មីសន្លាងមួយគ្រឿងស៊េរីឆ្នាំ ២០២០ ម៉ាក KIA Grand Carnival 2020 នៅតាមបណ្តាញសង្គមអ៊ីនស្តាក្រាម។
តារាចម្រៀងស្រី ដែលត្រឡប់មករកសិល្បៈឡើងវិញ ដោយនាំយកបទចម្រៀងអូរីជីណលថ្មីៗមួយចំនួន ដែលស្រូបអ្នកគាំទ្រយ៉ាងច្រើនរួមមានបទ «ទីនេះមានមនុស្សខូចចិត្ត» បទ «ភ្លើង» និងបទ «២ នាក់បានហើយ» របស់ អេដា តែក្នុងពេលជិត ២ ឆ្នាំ សោះនោះ ក្រោយពីបានបង្ហោះតាម Channel ខ្លួនទៅ YouTube ក៏ទទួលបានលិខិតសរសើរពីក្រុមហ៊ុននេះ ចំពោះសមិទ្ធផលមានអ្នកចូលទៅ Subscribe ប្រមាណជាង ១០០ K ឯណោះ គឺជារង្វាន់ប្រភេទ Silver Creator Award។
បើតាមការសង្កេតនាពេលបច្ចុប្បន្ននេះ គឺមានតារាចម្រៀងប្រុសស្រីភាគច្រើន បានអភិវឌ្ឍខ្លួនពីតារាចម្រៀងក្លាយទៅជាតារាសម្តែង ឬពីតារាម៉ូដែល ទៅជាតារាសម្តែង ដើម្បីពង្រីកទីផ្សារសិល្បៈរបស់ពួកគេ ឬបន្ថែមប្រាក់ចំណូលពីអាជីពសិល្បៈ។ ក៏ប៉ុន្តែតារាចម្រៀងស្រី អេដា ហាក់មានភាពខុសប្លែកពីគេទៅវិញ គឺនាងមិនចង់ក្លាយជាតារាសម្តែងឡើយ។
តែហើយរាសីរបស់ អេដា ហក់ស្ទុះឡើងខ្លាំង ដោយក្តាប់បានតំណែងជាគណៈកម្មការផ្តល់ពិន្ទុនៅក្នុងកម្មវិធី «The Melody» នៅប៉ុស្តិ៍ទូរទស្សន៍បាយ័ន និងក្លាយជាទូតសុច្ឆន្ទៈនៃអង្គការស្ទែម របស់ម្ចាស់ចិត្តជាកូនកាត់ ៣ សាសន៍គឺ លោក អេលែន តាន់ និងបានបង្កើតមុខរបរអាជីវកម្មក្រៅសិល្បៈជាហូរហែទៀតផង។
លុះដល់ពេលជាងពាក់កណ្តាលឆ្នាំ ២០២០ នេះ តារាចម្រៀងស្រី ដែលមានឈ្មោះពិត ក្រូច ចរិយា ហៅ អេដា ក៏បង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងជាមួយការសម្ញែងសម្ភារនិយមជាមួយនឹងរថយន្តទំនើបថ្មីម៉ាក KIA Grand Carnival 2020 ដែលទំនងជាមានតម្លៃចន្លោះពី ៥ ទៅ ៦ ម៉ឺនដុល្លារ ដល់ប្រិយមិត្តគាំទ្រ។
ហាក់ដូចជាការត្រៀមទុកជាមុនតែម្តងពីសំណាក់តារាចម្រៀងស្រី អេដា នៅក្នុងការបង្ការនឹងសំណួររបស់មជ្ឈដ្ឋានមហាជន ក៏ដូចបណ្តាញសារព័ត៌មាននានា ដែលទំនងជានឹងធ្វើការដេញដោលសួរនាំថា តើរថយន្តទំនើបថ្មីនេះ គឺជាកាដូភ្ជាប់និស្ស័យបេះដូងរបស់គូស្នេហ៍ថ្មី ជាបុរសកូនកាត់ ៣ សាសន៍លោក អេលែន តាន់ បានស្គាល់ចិត្តថ្លើមគ្នាប្រមាណជិត ៣ ឆ្នាំ ទិញជូនដើម្បីបញ្ជាក់ភក្តីភាពស្នេហ៍ទេដឹង?
តារាចម្រៀងស្រីរាសីឡើងក្រឺតៗដែលទទួលបានភាពជោគជ័យទាំងការងារសិល្បៈ និងរឿងស្នេហា អេដា បានសរសេរសារបញ្ជាក់ភ្លែតដែរថា៖ «ឆ្នាំនេះ មានសមត្ថភាព upgrade បានត្រឹមតែប៉ុណ្ណឹងទេ ចាំឆ្នាំក្រោយ ចាំគិតទៀត ស្រឡាញ់អ្វីដែលយើងមាន ព្រោះវាជារបស់យើងពិតប្រាកដ អរគុណទាំងអស់គ្នា អរគុណខ្លួនឯង! #KiaGrandCarnival2020។ No Deal! No Offer! No Sponsor! No Thanks! No Money! No Problem!»៕