ភ្នំពេញៈ ទោះបីជាបានប្រកាសមុខគូស្នេហ៍ថ្មីបើកចំហ ដែលជាបុរសរូបសង្ហាកូនកាត់ ៣ សាសន៍ អាស៊ី-អាមេរិកនោះ ក៏ពុំទាន់ឃើញបង្ហាញពីឆន្ទៈច្បាស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន និងលោក អេលែន តាន់ ថានឹងត្រូវចូលក្រាបផ្ទឹមរោងជ័យ នៅពេលណាទេ ព្រោះលេចឮថា ពុំទាន់មានគ្រោងរៀបការនៅឡើយដោយតារាចម្រៀងស្រី អូរីជីណល អេដា បន្តពន្យារពេលទៅមុខទៀត គឺរក្សាត្រឹមជាគូស្នេហ៍យល់ចិត្តគ្នាសិនចុះ។

កាលពីទើបតែបានស្គាល់ចិត្តថ្លើមគ្នាប្រមាណជិត ១ឆ្នាំ នោះ ធ្លាប់ឮដំណឹងថា តារាចម្រៀងស្រីអូរីជីណល រាសីឡើងក្រឺតៗអ្នកនាង អេដា គ្រោងនឹងដឹកដៃម្ចាស់បេះដូងទី ២ អេលែន តាន់ ចូលរោងជ័យនៅឆ្នាំ ២០២០ នេះហើយ តែឥឡូវ បែរជាឮថាពន្យារពេលបន្តទៀត កាន់តែបង្កើតនូវភាពងឿងឆ្ងល់ដល់មហាជន។

តារាចម្រៀងស្រី ដែលទទួលបានជោគជ័យទាំងសិល្បៈ និងរឿងស្នេហា អេដា ក៏បកស្រាយព័ត៌មានរហិចរហៀងឆ្ងល់រឿងមិនទាន់កំណត់ថ្ងៃចូលរោងជ័យនោះផងដែរថា៖ «ចំពោះរឿងនេះ ខ្ញុំគិតថា ដូចជាមិនទាន់គិតគូរនោះទេ គឺថាអាចនឹងត្រូវលើកពេលបន្តទៀតសិនហើយ ព្រោះពេលនេះ ម្នាក់ៗសុទ្ធតែរវល់នឹងការងារខ្លាំង។ សម្រាប់នាងខ្ញុំវិញនោះ គឺកាន់តែរវល់ច្រើន មានការងារសិល្បៈផង និងការងាររកស៊ីក្រៅសិល្បៈផង អ៊ីចឹងហើយសុំពេលគិតគូររឿងទាំងនេះសិន ពុំទាន់គិតច្រើនពីរឿងរៀបការ»។

គួររំឭកដែរថា កាលពីឆ្នាំ ២០១៧ តារាចម្រៀងស្រី អេដា បានរៀបចំធ្វើពិធីខួបកំណើតខ្លួនឈានចូលវ័យ ២៧ឆ្នាំ រួមទាំងបានសម្ពោធអាល់ប៊ុមបទចម្រៀងដែលនិពន្ធខ្លួនឯង ជាមួយនឹងវត្តមានចូលរួមលើកទឹកចិត្តពីក្រុមមិត្តសិល្បៈល្បីៗច្រើនកុះករ នៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយ ម្ដុំប្រៃសណីយ៍ ក្នុងទីក្រុងភ្នំពេញ និងបានឆ្លៀតប្រកាសមុខមាត់ពិតគូស្នេហ៍ថ្មីគឺលោក អេលែន តាន់ ផងដែរ ខណៈបច្ចុប្បន្ននេះ នាងមានវ័យ ៣០ ឆ្នាំហើយ។

នាមួយរយៈពេលចុងក្រោយនេះ អេដា មានរាសីឡើងខ្លាំង ខណៈនាងទើបតែក្តាប់តំណែងក្លាយជាគណៈកម្មការផ្តល់ពិន្ទុក្នុងកម្មវិធី «The Melody» នៅប៉ុស្តិ៍ទូរទស្សន៍បាយ័ន និងជាតំណាងទូតសុច្ឆន្ទៈអង្គការស្ទែម របស់ម្ចាស់ចិត្តលោក អេលែន តាន់ ជាស្ថាបនិកអង្គការស្ទែមប្រចាំកម្ពុជា បានទទួលលិខិតសរសើរពីក្រុមហ៊ុន Youtube ជាប្រភេទ Silver Creator Award ទៀតផង៕