ភ្នំពេញៈ ​ខណៈ​មហាជន​ហាក់ដូច​មិនសូវ​ឃើញ​បទថ្មី​តារាចម្រៀង​ស្រី​អូរីជីណល​ អេដា ក្រោយពី​បាន​ផ្លែផ្កា​ខ្លាំង​ក្នុង​អាជីព​ឆ្នាំងបាយ​ចាស់​នៅលើ​វិថី​សិល្បៈ​ចម្រៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។

ស្រាប់តែ​មាន​បទថ្មី​ចំណងជើង​ថា «​ជា​អ្វី​នឹង​គ្នា​» របស់​តារាចម្រៀង​ស្រី​រូបនេះ ចេញមក​បំពេ​អារម្មណ៍​ប្រិយមិត្ត​មុន​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិនារី ៨ មីនា ឆ្នាំ​ ២០២០ ដែល​បង្កើត​ការចាប់អារម្មណ៍​សាជាថ្មី​។

នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​តារាចម្រៀង​ស្រី​អូរីជីណល អេដា មាន​រាសី​ឡើង​ស្រឺតៗ ខណៈ​នាង​ទើបតែ​ក្តាប់​តំណែង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​ក្នុង​កម្មវិធី «The Melody» នៅ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន និង​ជា​តំណាង​ទូត​សុច្ឆន្ទៈ​អង្គការ​ស្ទែម របស់​ម្ចាស់​ចិត្ត​ជា​កូនកាត់ ៣ សាសន៍​លោក​ អេលែន តាន់ ជា​ស្ថាបនិក​អង្គការ​ស្ទែម​ប្រចាំ​កម្ពុជា ព្រមទាំង​បាន​ទទួល​លិខិត​សរសើរ​ពី​ក្រុមហ៊ុន Youtube ជា​ប្រភេទ Silver Creator Award ផងដែរ​។

តារាចម្រៀង​ស្រី​ដែល​ត្រឡប់​មកកាន់​វិស័យ​សិល្បៈ​វិញ បន្ទាប់ពី​បាន​បាត់​មុខ​មួយរយៈ​ធំ និង​បាន​នាំ​បទចម្រៀង​អូរីជីណល​ថ្មីៗ​មួយចំនួន​ដែល​ស្រូប​អ្នកគាំទ្រ​យ៉ាងច្រើន​រួមមាន​បទ «​ទីនេះ​មាន​មនុស្ស​ខូចចិត្ត​» បទ «​ភ្លើង​» និង​បទ «​ពីរ​នាក់​បាន​ហើយ​» របស់​តារា​ស្រី​ឈ្មោះ​ពិត​ថា ក្រូច ចរិយា ហៅ អេដា តែ​ក្នុង​ពេល​ជិត ២ ​ឆ្នាំ​សោះ​បង្ហោះ​តាម Channel ខ្លួន​ទៅ Youtube ក៏​ទទួល​បាន​លិខិត​សរសើរ​ពី​ក្រុមហ៊ុន​នេះ ចំពោះ​សមិទ្ធផល​មាន​អ្នក​ចូល Subscribe ប្រមាណ​ជាង ១០០ ០០០ (១០០K) ឯណោះ​។

ដោយឡែក​បទថ្មី «​ជា​អ្វី​នឹង​គ្នា​» មិនមែន​ជា​ការតែង​និពន្ធ​ច្រៀង និង​ទំនុកភ្លេង​របស់​តារាចម្រៀង​ស្រី​អូរីជីណល​ចេះ​ទាំង​លេង​ហ្គីតា និង​ចេះ​និពន្ធ​បទចម្រៀង​ខ្លួនឯង អេដា ឡើយ ដោយសារ​តែ​ភាព​មមាញឹក​ច្រើន​មុខ​របស់​នាង​ទាំង​ការងារ​សិល្បៈ និង​ការបើក​អាជីវកម្ម​ក្រៅ​សិល្បៈ​ទើប​គ្មាន​ពេល​តែងខ្លួនឯង គឺ​នាង​បាន​សុំ​ទិញ​សិទ្ធិ​ដូរ​ទំនុក​ច្រៀង​ស្រី​ពី​បទ​របស់​តារាចម្រៀង​ប្រុស​អូរីជីណល​លោក ថេណា​។

អេដា បាន​បញ្ជាក់ថា​៖ «​បទ​នេះ​នាង​ខ្ញុំ​បានទទួល​ការទិញ​សិទ្ធិ​ពី​លោក ថេណា ដោយ​ក្រុម​គាត់​ជា​អ្នកនិពន្ធ​ទាំង​ទំនុក​ច្រៀង និង​ភ្លេង​មួយ​កំប្លេ​។ ដោយសារ​បទ​នេះ​កាល​ជា​ទំនុកច្រៀង​ប្រុស ខ្ញុំ​ស្តាប់​ទាក់ទាញ​ចំណាប់​អារម្មណ៍​នោះ ក៏​ប្រាប់​ឲ្យ​លោក ថេណា សម្រួល​មកជា​បទ​ស្រី​មួយ​ទៀត​ទៅ​។ យ៉ាងណា​ការចេញ​បទថ្មី​នេះ នាង​ខ្ញុំ​មិនបាន​រំពឹងថា​នឹង​មាន​ការផ្ទុះ​នូវ​ការគាំទ្រ​ឡើយ ដោយសារ​បច្ចុប្បន្ន​យើង​សម្បូរ​ធនធាន​អ្នកសិល្បៈ​ល្អៗ​ច្រើន ដូច្នេះ​គ្រាន់តែ​ឆ្លៀត​ចេញ​បទថ្មី ដើម្បី​កុំ​ឲ្យ​គេ​ថា​គ្មាន​បទថ្មី​»៕