ភ្នំពេញៈ ឆ្នាំ​ថ្មី​នេះ​រាសី​របស់​តារាចម្រៀង​ស្រី​អូ​រី​ជីណ​ល អេ​ដា ឡើង​ស្រឺតៗ​តែ​ម្តង ខណៈ ទើប​ក្តាប់​បាន​តំណែង​ជា​គណៈ​កម្មការ​ផ្តល់​ពិន្ទុ​ក្នុង​កម្មវិធី​ថ្មី​ឈ្មោះ «The Melody» នៅ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន និង​ជា​តំណាង​ទូត​សុច្ឆន្ទៈ​អង្គការ​ស្ទែម​សោះ ក៏​ស្រាប់​ទទួល​បាន​លិខិត​សរសើរ​ពី​ក្រុមហ៊ុន Youtube បន្ថែម​ទៀត។

តារាចម្រៀង​ស្រី​ដែល​ទើប​វិលត្រឡប់​មកកាន់​វិស័យ​សិល្បៈ​វិញ បន្ទាប់ពី​បាន​បាត់​មុខ​មួយរយៈ​ធំ និង​បាន​នាំ​បទ​ចម្រៀង​អូរីជីណល​ថ្មីៗ​មួយ​ចំនួន ដែល​ស្រូប​អ្នក​គាំទ្រ​យ៉ាង​ច្រើន​រួម​មាន​បទ «ទីនេះ​មាន​មនុស្ស​ខូចចិត្ត» បទ «ភ្លើង» និង​បទ «ពីរ​នាក់​បាន​ហើយ» របស់​តារា​ស្រី​ឈ្មោះ​ពិត​ថា ក្រូច ចរិយា ហៅ អេដា តែ​ក្នុង​ពេល​ជិត ២ ឆ្នាំ​សោះ បង្ហោះ​តាម Channel ខ្លួន​ទៅ Youtube ក៏​ទទួល​បាន​លិខិត​សរសើរ​ពី​ក្រុមហ៊ុន​នេះ ចំពោះ​សមិទ្ធផល​មាន​អ្នក​ចូល Subscribe ប្រមាណ​ជាង ១០០ ០០០ (១០០K) ឯណោះ ។

តារាចម្រៀង​ស្រី​អូ​រី​ជីណ​ល​ចេះ​ទាំង​លេង​ហ្គី​តា និង​ចេះ​និពន្ធ​បទ​ចម្រៀង​ខ្លួនឯង អេ​ដា ខណៈ​ទើប​បាន​ឱកាស​ដំបូង​មួយ​ក្នុង​តំណែង​ជា​គណៈ​កម្មការ​ផ្តល់​ពិន្ទុ​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព ៣ រូប​នៃ​កម្មវិធី «The Melody» របស់​ទូរទស្សន៍​បាយ័ន ដែល​បាន​ចាប់​ផ្តើម​រដូវ​កាល​ទី ១ ជិត​ដល់​វគ្គ Live Show ហើយ និង​ក៏​ក្លាយជា​តំណាង​ទូត​សុច្ឆន្ទៈ​អង្គការ​ស្ទែម​របស់​គូ​ស្នេហ៍​ថ្មី​កូន​កាត់ ៣ សាសន៍​ឈ្មោះ លោក​អេលែន តាន់ គឺជា​ស្ថាបនិក​អង្គការ​ប្រចាំ​កម្ពុជា​នា​ពេល​ថ្មីៗ​កន្លង​មក ក៏មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ខ្លួន​ឯង​ដែរ។ អ្នក​នាង អេដា ក៏​ឆ្លៀត​ឱកាស​ថ្លែង​អំណរ​គុណ​ដល់​ប្រិយមិត្ត​គាំទ្រ​ស្នាដៃ​បទ​ចម្រៀង​ខ្លួន​ផង​ដែរ​ថា៖ «សប្បាយ​ចិត្ត​ខ្លាំង​ចំពោះ​សមិទ្ធផល​នេះ ហើយ​នាង​ខ្ញុំ​ក៏​សុំ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រិយមិត្ត​គាំទ្រ​ផងដែរ​ថា គឺ​យើង​រួម​ធ្វើ​ទាំង​អស់​គ្នា ទើប​បាន​ចំនួន Subscribers ប្រមាណ ១០០K នេះ»។

ពាក់ព័ន្ធ​នឹង​ការ​បាន​លិខិតសរសើរ​ពី​ក្រុមហ៊ុន​Youtube ជា​ប្រភេទ Silver Creator Award នេះ មិន​មាន​ការ​បក​ស្រាយ​ពី​តារា​ចម្រៀង​ស្រី អេដា ដែល​ជោគ​ជ័យ​ទាំង​ការងារ​សិល្បៈ និង​បេះដូង ដោយ​រក​បាន​ម្ចាស់​ស្នេហ៍​ថ្មី លោក​អេលែន តាន់​ទេ។

តែ​កញ្ញា អេ​ម៉ា ជា​ជំនួយការ​ផ្ទាល់ អេ​ដា ប្រាប់ថា៖ «លក្ខខណ្ឌ​លម្អិត​យ៉ាងណា​របស់​ក្រុមហ៊ុន Youtube យើង​មិន​ដឹង​ច្បាស់​ទេ តែ​គ្រាន់​តែ​យើង​បង្កើត Channel ផ្ទាល់​ខ្លួន ហើយ​ក៏​បង្ហោះ​បទ​ចម្រៀង​ប៉ុន្មាន​បទ​រួម​មាន​បទ «ទីនេះ​មាន​មនុស្ស​ខូច​ចិត្ត» បទ «ភ្លើង» និង​បទ «ពីរ​នាក់​បាន​ហើយ» ជាដើម។ ដោយសារ​មាន​ចំនួន Subscribers ច្រើន​ជាង ១០០ K ទើប ខាង​ក្រុមហ៊ុន​ចេញ​លិខិត​មួយ​មក​ឲ្យ​គាត់»៕