ភ្នំពេញៈ ក្រោយ​បញ្ចប់​កិច្ចការ​លើ​រង​ដំណាំ​ដំឡូង យុវជន​ស្រុក​កូន​មុំ​ម្នាក់ បាន​រៀបចំ​សៀវភៅ​តាម​លំដាប់​ប្រភេទ​នីមួយៗ​រួច​បញ្ឆេះ​ម៉ូតូ​រ៉ឺម៉ក​បរ​ចូល​ជ្រក​ម្លប់​ក្នុង​ទីប្រជុំជន ដើម្បី​រង់ចាំ​អ្នក​ចូលចិត្ដ​អាន​សៀវភៅ​ដែល​កំពុង​ទន្ទឹង​រង់ចាំ​វត្ដមាន​បណ្ណាល័យ​ចល័ត​។ ម៉ោង ៣ រសៀល​ថ្ងៃ​ព្រហស្បតិ៍ បណ្ណាល័យ​លើ​រ៉ឺម៉ក​លោកតា​ប៉ងនុយ​ទទួល​អតិថិជន​អ្នក​និយម​អាន​សៀវភៅ​ជា​សិស្សសាលា​តូចធំ និង​អ្នកភូមិ​ជិត ២០​ ​នាក់​អង្គុយ​តម្រៀប​គ្នា​ដៃ​កាន់​សៀវភៅ​តាម​ចំណូល​ចិត្ដ​រៀងៗ​ខ្លួន​។

បម្រើ​ការងារ​ជា​អ្នក​ដឹក​បណ្ណាល័យ​ចល័ត​ជិត​ ១ ​ឆ្នាំ​លោក​ នុយ អាយុ​ ២៣ ឆ្នាំ​បាន​ចល័ត​រ៉ឺម៉ក ​១ ​ថ្ងៃ​ ១ ​ភូមិ​ក្នុង​ឃុំ​តាអង ស្រុក​កូន​មុំ ខេត្ដ​រតនគិរី​ជាមួយ​សៀវភៅ​ជាង ៩០០ ក្បាល​។

យុវជន​ដែល​ស្រឡាញ់​ការងារ​ជា​អ្នក​ដឹកជញ្ជូន​ចំណេះវិជ្ជា​ដល់​មូលដ្ឋាន​រូបនេះ​បាន​និយាយ​ថា​៖ «​ក្មេងៗ​រៀន​ថ្នាក់​ទី ៣ ​ឡើង​គេ​អាន ហើយ​ក្មេង​តូច​គេ​អត់​ចេះ​អាន​ទេ​។ គេ​មក​លេង​ដាក់​រូបភាព​»​។

បណ្ណាល័យ​ចល័ត​ជា​កម្មវិធី​មួយ​ផ្នែក​ពី​គម្រោង​ពង្រឹង និង​ពង្រីក​គុណភាព​ការអប់រំ​របស់​អង្គការ អេដ អេអាក់ស្យុង​កម្ពុជា (AEA) ដែល​ចាប់​ដៃគូ​ជាមួយ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​កុមារ​ខ្វះ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ដូច​កុមារ​ដទៃ​។

អេដ អេ អាក់ស្យុង ជា​អង្គការ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​អឺរ៉ុប​ក្នុង​បេសកកម្ម​លើ​វិស័យ​អប់រំ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទាំង​អាស៊ី អឺរ៉ុប អាហ្វ្រិក និង​អាមេរិក​ឡាទីន​។

លោក វ៉ន សំភាស់ នាយក​កម្មវិធី​ប្រចាំ​ប្រទេស​។ រូបថត Yousos Apdoulrashim

លោក វន សំភាស់ នាយក​កម្មវិធី​ប្រចាំ​ប្រទេស​នៃ​អង្គការ​អេដអេ អាក់ស្យុង​កម្ពុជា​ (AEA) ប្រាប់​ថា​៖ «​នៅ​កម្ពុជា អង្គការ​ត្រូវ​បាន​បើក​សម្ពោធ​ក្នុង​ឆ្នាំ​ ២០០២ ដែល​ផ្ដោត​លើ​ការពង្រឹង និង​ពង្រីក​គុណភាព​នៃ​ការអប់រំ ទាំង​ការរៀន និង​ការបង្រៀន​ចំណោម​សហគមន៍​ក្រីក្រ ដើម្បី​ជួយ​ដល់​កុមារ​ក្រៅ​សាលា ដែល​ជួប​ការលំបាក​»​។

លោក​បន្ដ​ថា​កុមារ​ក្រៅ​សាលា​រួមមាន កុមារ​ពិការ​ទាំង​អវយវៈ និង​សតិបញ្ញា កុមារ​ជនជាតិ​ភាគតិច កុមារ​ក្រីក្រ​រស់នៅ​តាម​ចិញ្ចើមថ្នល់​ដោយ​មាន​កិច្ចសហការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ដូចជា ក្រសួង​អប់រំ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដើម្បី​កសាង​សាលា កែលម្អ​ថ្នាក់រៀន​ផ្ដល់​អាហារូបករណ៍ ផលិត​សម្ភារ​បង្រៀន និង​រៀន​បណ្ដុះបណ្ដាល​ដល់​ក្រុមប្រឹក្សា​ស្រុក ឃុំ និង​គណៈកម្មការ​ទ្រទ្រង់​សាលា​។

នៅក្នុង​បន្ទប់រៀន​មួយ​ដែល​បញ្ចូល​សិស្ស​ពីរ​ថ្នាក់​រួម​គ្នា​គឺ​ថ្នាក់​ទី​ ៣ និង ទី ៤ នៃ​សាលាបឋមសិក្សា​ទុសភូមិទុស ឃុំ​តាអង ស្រុក​កូនមុំ ខេត្ដ​រតនគិរី អ្នកគ្រូ ញឹម ចាន់តឿង និយាយ​ថា​សាលារៀន​ដែល​មាន​ ២ ​បន្ទប់ ១ ​បន្ទប់​មាន​ ២ ​ថ្នាក់​មាន​សិស្ស​សរុប​ ៧១ ​នាក់ ហើយ​ពាក់កណ្ដាល​នៃ​ចំនួន​នេះ​ជា​សិស្ស​ក្រីក្រ​។

អ្នកស្រី ចាន់តឿង បង្រៀន​តាំងពី​ឆ្នាំ​ ២០០៩ បាន​ឲ្យ​ដឹងថា​៖ «​ពួកគេ​ជាច្រើន​អត់​មាន​កាតាប និង​សម្លៀកបំពាក់​ជា​សិស្ស​សមរម្យ​នោះ​ទេ​។ ក្រៅពី​ការសិក្សា​ពួកគាត់​ចេញ​ទៅ​ជួយ​កិច្ចការ​គាស់​ដំឡូង និង​ខ្វេះ​គ្រាប់​ស្វាយចន្ទី​»​។

កុមារ​ក្នុង​សហគមន៍​ក្រីក្រ​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​ចូលរួម​កម្មវិធី​អប់រំ​។ រូបថត សហការី

ក្រោម​កិច្ចសហការ​រវាង​អង្គការ AEA ជាមួយ​ក្រសួង​អប់រំ និង​ស្ថាប័ន ២៣ ​ទៀត​គម្រោង​ជួយ​កុមារ​ក្រៅ​សាលា​បង្កើតឡើង ៣ ​ឆ្នាំ​ចុងក្រោយ​ដែល​មក​ទល់​ពេល​នេះ​ប្រតិបត្ដិការ​ជាង ១៣០០ ​សាលារៀន​ចំណោម​ជាង ៧ ពាន់​សាលា​ទូទាំង​ប្រទេស​ដោយ​ជួយ​លើ​កុមារ​ខ្វះ​លទ្ធភាព​ចំនួន​ជាង ៦ ​ម៉ឺន​នាក់ បាន​ផ្ដោត​លើ​ការបណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​សហគមន៍ និង​សាលារៀន​ដើម្បី​ស្វែងរក​កុមារ​អត់​បាន​ចូលរៀន​ដែល​បោះបង់ ឬ​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ឱកាស​ការសិក្សា​។

លោក សំភាស់ ឲ្យ​ដឹង​ថា​៖ «​យើង​សហការ​ជាមួយ​សហគមន៍ និង​ឪពុកម្ដាយ ដើម្បី​ឲ្យ​កូន​ពួកគាត់​បាន​ចូល​រៀន​យ៉ាងតិច​ក៏​ចប់​ត្រឹម​បឋមសិក្សា​។ ស្វែងរក​តម្រូវការ​លោកគ្រូ អ្នកគ្រូ ក្នុង​ការពង្រឹង និង​ពង្រីក​សមត្ថភាព​ពួកគាត់​បំពាក់​សម្ភារ​បង្រៀន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រូ​កិច្ចសន្យា ឬ​គ្រូ​ស្ម័គ្រចិត្ដ​សហគមន៍​ដើម្បី​ឲ្យ​សហគមន៍​​ក្រីក្រ​ទាំងអស់​មាន​សាលារៀន​»​។

ចំពោះ​ការ​ផ្ដោត​លើ​គុណភាព​ការរៀន និង​ការបង្រៀន អង្គការ​បាន​អនុវត្ដ​នៅក្នុង ៨ ​ខេត្ដ​ដែល​ដាក់​ឲ្យ​ដំណើរការ​បណ្ណាល័យ​មាន​សៀវភៅ​អម្បូរ​បែប ទូរទស្សន៍​ចេះ​អាន​សៀវភៅ​ឲ្យ​កុមារ​ស្ដាប់ បណ្ណាល័យ​ចល័ត​ដោយ​ការកែលម្អ​រ៉ឺម៉ឺក​ធ្វើការ​ចល័ត​ក្នុង​ ១ ​សប្ដាហ៍ ១៤ ​ភូមិ សម្រាប់​ឲ្យ​កុមារ យុវជន និង​ឪពុកម្ដាយ​ក្នុង​សហគមន៍​មក​អាន និង​អាច​ខ្ចី​សៀវភៅ​ទៅ​ផ្ទះ​ព្រម​ទាំង​កម្មវិធី​លើ​ទូរស័ព្ទ Mobile App ផង​ដែរ​។

អេដ អេ អាក់ស្យុង ជួយ​ទាំង​កុមារ​ក្រីក្រ និង​ផ្ដល់​សម្ភារ​សិក្សា​ដល់​សាលា​។ រូបថត សហការី

លោក សំភាស់ ថា​៖ «​គោល​គំនិត​របស់​យើង​ចង់​ឲ្យ​ឃើញ​ថា​អំណាន​មាន​សារៈសំខាន់ ហើយ​ការអាន​មាន​គ្រប់​ទីកន្លែង​ទាំង​ក្នុង​សាលា បណ្ណាល័យ សហគមន៍ ភូមិ ឃុំ ទូរទស្សន៍ ថេប្ល៊ិត និង​ទូរស័ព្ទដៃ​ផង​ដែរ​»​។

អង្គការ​ប្រតិបត្ដិ​លើ​វិស័យ​អប់រំ​មួយ​នេះ​បន្ដ​សហការ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ដ ស្រុក ឃុំ និង​សាងសង់​សាលា​មត្តេយ្យ​សហគមន៍ មតេ្តយ្យ​រដ្ឋ ដើម្បី​កសាង​មូលដ្ឋាន​មួយ​ដែល​កុមារ​តូចៗ​ពី​អាយុ ៣ ទៅ ៦ ​ឆ្នាំ​ទទួល​បាន​ឱកាស និង​ភាពស៊ាំង​ជាមួយ​ការងារ​អប់រំ​ឲ្យ​ចេះ​ស្រឡាញ់​សាលា លោកគ្រូ​អ្នកគ្រូ ស្រឡាញ់​សៀវភៅ​ក៏​ដូចជា បង្កើត​ទម្លាប់​ស្រឡាញ់​ការរៀន​តាំងពី​កុមារភាព​។

លោក​បញ្ជាក់​ថា​៖ «​យើង​រំពឹង​ថា​ទោះ​ពួកគាត់​ជួប​ការលំបាក​ក៏​ពួកគាត់​ពុះពារ​បន្ដ​សិក្សា​បញ្ចប់​ការសិក្សា​ឲ្យ​ក្លាយ​ជា​ធនធាន​។ ដូច្នេះ​យើង​នៅ​តែ​បន្ដ​ពង្រីក​កម្មវិធី​ទាំង​មតេ្តយ្យ បឋម និង​កសាង​ភាព​ជា​ដៃគូ​បន្ថែម​ដើម្បី​ជួយ​គ្នា​អភិវឌ្ឍ​ធនធាន​មនុស្ស​»៕

វីដេអូ៖