ភ្នំពេញៈ ទីបំផុត​តារាចម្រៀង​សាន់ដេ កញ្ញា អេនជី ដែល​មាន​ឈ្មោះ​ពិត​ថា គង់ សុកញ្ញា ដែល​បាន​បាត់​មុខ​ពី​ផលិតកម្ម​មួយ​រយៈ​នោះ នឹង​បញ្ចប់​ភាព​នៅ​លីវ នៅ​ត្រឹម​ថ្ងៃ​ទី ២៧ មេសា ឆ្នាំ ២០១៨ ខាង​មុខ ដោយ​បាន​សម្រេច​ចិត្ត​ដឹក​ដៃគូ​ស្នេហ៍​យល់​ចិត្ត​គ្នា​ជាង ៥ ឆ្នាំ ចូល​ក្រាប​ផ្ទឹម​រោង​ជ័យ ដើម្បី​បំពេញ​មុខ​មាត់​មេបា​ទាំង​សង​ខាង តាម​ប្រពៃ​ណី​ខ្មែរ និង​ត្រៀម​ទទួល​ភ្ញៀវ​មាន​ចំនួន​ជាង ៧០ តុ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។

តារាចម្រៀង​ស្រី​ដែល​បច្ចុប្បន្ន​មាន​វ័យ​ជាង ២០ ឆ្នាំ ខណៈ​ប្រិយមិត្ត​គាំទ្រ​ខាន​បាន​ឃើញ​មុខ​របស់​នាង​នៅ​តាម​ឆាក​តន្ត្រី​ប៉ុស្តិ៍​ទូរទស្សន៍​នានា និង​កម្មវិធី​ផ្សេងៗ របស់​ផលិតកម្ម​សាន់ដេ កញ្ញា គង់ សុកញ្ញា ហៅ​កញ្ញា អេនជី នឹង​ចូល​រោង​ជ័យ​ជា​មួយ​កូន​កំលោះ​មាន​ឈ្មោះ​ថា លោក គង់ សុខឡេង ដែល​គេ​ស្គាល់​ថា ជា​ពាណិជ្ជករ​ទ្រព្យ​ស្តុក​ម្នាក់​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០១៨ នេះ​ហើយ ក្រោយ​ពី​ពួកគេ បាន​សាង​ស្នេហ៍ និង​បាន​សិក្សា​ស្វែង​យល់​ចិត្ត​គ្នា​បាន​រយៈពេល​ប្រមាណ​ជាង ៥ ឆ្នាំ​មក​នោះ។ ទោះ​ជា​យ៉ាង​ណា គេ​ក៏​មិន​អាច​ដឹង​បាន​ឡើយ​ថា តារា​ចម្រៀង​ស្រី​មាន​រាង​តូច​ច្រឡឹង ស្រស់​សោភា​រូប​នេះ បាន​ទទួល​ថ្លៃ​បណ្ណាការ ឬ​ថ្លៃ​ទឹក​ដោះ​ពី​ខាង​អនាគត​ស្វាមី ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​ម៉ឺន ឬ​លាន ដុល្លារ នោះ​ឡើយ ខណៈ​គេ​គ្រាន់​តែ​បាន​ជ្រាប​ថា នឹង​រៀបចំ​ទទួល​ភ្ញៀវ​កិត្តិយស​មាន​ទាំង​មិត្តភក្តិ និង​ទាំង​មិត្ត​ជា​អ្នក​សិល្បៈ​មាន​ចំនួន​សរុប​គឺ​ជាង ៧០ តុ ហើយ​រៀប​ចំ​ទទួល​ភ្ញៀវ​នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ​លំដាប់​ផ្កាយ។

កញ្ញា អេ​ន​ជី បញ្ជាក់ថា៖ «ខ្ញុំ​សុំទោស​ផង ដែល​ពួកយើង​បាន​សម្រេចចិត្ត​ថា នឹង​មិន​បង្ហើប​រឿង​ថ្លៃ​បណ្ណាការ​នោះ​ឡើយ សម្រាប់​ការ​រៀបចំ​ពិធី​មង្គលការ​របស់​យើង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ដោយ​ឡែក​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​វិញ​នោះ​គឺ​មាន​គម្រោង​ជាង ៧០ តុ រៀបចំ​ទទួល​នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ជា​ការ​អញ្ជើញ​ដោយ​រាប់​ទាំង​មិត្ត​អ្នក​សិល្បៈ​ផង​ដែរ»។

ក្រៅពីនេះ តារាចម្រៀង​ស្រី​នៅ​សាន់​ដេ ដែល​ហាក់ដូចជា​បាន​រយាល​ពេល​យូរ​គ្រាន់បើ និង​ខាន​ចេញ​បទ​ចម្រៀង​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​គាំទ្រ​យូរ កញ្ញា អេនជី ក៏​បង្ហើប​ឲ្យ​ដឹង​ពី​ការ​បាត់​មុខ​កន្លង​មក និង​រឿង​ការងារ​អាជីព​សិល្បៈ នា​ពេល​អនាគត ក្រោយ​ពី​បាន​ចូល​រោងការ​ផងដែរ​ថា៖ «ចំពោះ​ការងារ​សិល្បៈ​ចម្រៀង​នេះ នាង​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ទាំង​ស្រុង​ឡើយ តែ​គ្រាន់​តែ​បន្ថយ​ពេល​ច្រើន​ជាង​មុន ដោយ​សារ​តែ​នឹង​ត្រូវ​ចំណាយ​ពេល​ទៅ​មើល​ការងារ​រក​ស៊ី​ផ្ទាល់​ខ្លួន ដែល​ស្វាមី​បាន​ប្រគល់​ឲ្យ ហើយ​កាល​ដែល​នាង​ខ្ញុំ បាត់​មុខ​នា​ពេល​ប្រមាណ​ជិត ២ ឆ្នាំ ចុង​ក្រោយ​នេះ ក៏​ព្រោះ​តែ​រឿង​គិតគូរ​រឿង​រៀបការ និង​រកស៊ី​នេះ​ផង​ដែរ ទើប​បាន​ជា​មិន​សូវ​មាន​ពេល​ទៅ​ប្រឡួក​នៅ​ក្នុង​វិស័យ​សិល្បៈ។ ដូច្នេះ​ចំពោះ​រឿង​ការងារ​សិល្បៈ​ចម្រៀង​នៅ​ផលិតកម្ម​សាន់ដេ នាង​ខ្ញុំ នឹង​អាច​មាន​ពេល​ប្រមាណ​ជា ២០ ភាគរយ ខណៈ​ថ្មីៗ​នេះ ខាង​ផលិតកម្ម​ក៏បាន​ទាក់​ទង​សួរ​នាំ មក​នាង​ខ្ញុំ​ផង​ដែរ​ពី​ពេល​វេលា​សម្រាប់​ការ​ថត​បទ​ចម្រៀង»៕