ភ្នំពេញ៖ ទី​បំផុត​ដើម​ឆ្នាំ ២០២០ នេះ ​អតីត​តារា​ចម្រៀង​ស្រី​ ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​លើ​វិថី​សិល្បៈ​ជ្រក​ទ្រនំ​សាន់ដេ មាន​​ឈ្មោះ​ពិត អ្នកនាង គង់ សុកញ្ញា ហៅ​ អេនជី និង​ស្វាមី បាន​​សម្រេច​ក្តី​ប្រាថ្នា​ធំ ដើម្បី​រឹត​បន្តឹង​ចំណង​ស្នេហ៍​ ក្រោយ​ពី​រៀបការ​ជិត​ ២ ឆ្នាំ​មក​នោះ។

អតីត​តារា​ចម្រៀង​អ្នកនាង អេន ជី សម្រេច​ចូល​​រោងការ​​នឹង​ស្វាមី ​គឺ​លោក គង់ សុខអេង ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្អូន​ប្រុស​បង្កើត​​ម្ចាស់​ហាង​​លក់​សម្លៀក​បំពាក់​ឈ្មោះ «រ៉ាយុទ្ធ» កាល​ពី​ថ្ងៃទី ២៨ ខែ ​មេសា ឆ្នាំ ២០១៨ យ៉ាង​អធិកអធម​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ មាន​រយៈពេល​ជិត ២ ឆ្នាំ ​អ្នក​ទាំង ២ ក៏​​​បាន​រួម​គ្នា​កសាង​គ្រួសារ​ពោរ​ពេញ​​ដោយ​សុ​ភមង្គល និង​កំពុង​​តែ​ត្រៀម​​ទទួល​សមាជិក​ថ្មី​ម្នាក់​ទៀត​ផង​ដែរ។

ចេញ​ពី​ហ្វេសប៊ុក​របស់​អតីត​តារា​ចម្រៀង​នៅ​ផលិតកម្ម​សាន់ដេ អ្នកនាង អេនជី បង្ហោះសារ​​រៀបរាប់​ស្តែង​ពី​អារម្មណ៍​សប្បាយ​ចិត្ត​ថា៖ «ស្វាគមន៍​សមាជិក​ថ្មី កាដូ​ធំ​សម្រាប់​ប្ដី​ឆ្នាំ​ថ្មី ​២០២០ Ly En ចេះ​​តែ​ឈឺ​នេះ ឈឺ​នោះ មិន​ដឹង​មុខ ពេល​នេះ រក​ឃើញ​​ហើយ តាម​ការ​ពិត​កូន Mommy ធ្វើ​ទុក្ខ​សោះ​សូម​ឲ្យ​​​ឆ្នាំ​ថ្មី ជីវិត​គ្រួសារ ខ្ញុំ​ជួប​​​តែ​សេចក្ដីសុខ​ រក​ស៊ី​មាន​បាន​ ជួប​តែ​មនុស្ស​​ល្អ»។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​​នោះ​ទេ​ថា កូន​ដំបូង​របស់ អេនជី និង​ស្វាមី ជា​កូន​ប្រុស ឬ​កូន​ស្រី​នៅ​ឡើយ​នោះ​ទេ ព្រោះ​ថា​អ្នក​ទាំង ​២ កំពុង​តែ​រង់ចាំ​មើល​លទ្ធផល​កូន​ដំបូង​នេះ​ដូច​គ្នា​ដែរ ហើយ​​ក៏​មិន​បាន​ដឹង​ថា បុត្រ​ក្នុង​ផ្ទៃ​មាន​រយៈពេល​​​ប៉ុន្មាន​សប្តាហ៍ ឬ​ខែ​នោះ​ដែរ ដោយសារ​ខាង​ភ្នំពេញប៉ុស្តិ៍ ក៏​មិន​អាច​ទំនាក់ទំនង​អ្នកនាង​តាម​ទូរស័ព្ទ​បាន​ដែរ។

យ៉ាង​ណា​ដំណឹង​មាន​បុត្រ​ដំបូង​​​របស់​អតីត​ជា​តារា​​ចម្រៀង​​ស្រី​នៅ​ទ្រនំ​សាន់ដេ​​អ្នកនាង អេនជី និង​ស្វាមី នេះ​ក៏​មាន​ការ​ចូលរួម​អបអរ​សាទរ យ៉ាង​ច្រើន​ដែរ​ពី​សំណាក់​មិត្ត​រួម​អាជីព ក៏​ដូច​ជា​​អ្នក​គាំទ្រ​ដោយ​អ្នក​ទាំង ​២ បាន​សម្រេច​​បំណង​ប្រាថ្នា​ដ៏​ធំ ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជិត ២ ឆ្នាំ និង​ដើម្បី​បន្ថែម​ការ​រឹត​បន្តឹង​​ចំណង​ស្នេហ៍​ពួក​គេ។ ​ជា​ការ​កត់​សម្គាល់​ក្រៅ​ពី​មាន​ជីវ​ភាព​ហ៊ឺហា​ជាង​មុន ហើយ​​អ្នកនាង​ អេនជី​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​នារី​សំណាង​ណាស់ ដែល​បាន​ស្វាមី​ចេះ​​ផ្ដល់​សុភមង្គល ថ្នាក់ថ្នម និង​យល់​ចិត្ត​ហើយ​បាន​ទិញ​កាដូ ​គឺ​សុទ្ធ​តែ​ជា​​របស់​របរ​ដែល​ថ្លៃៗ​​ជូន​​​​​ប្រពន្ធ​ជា​និច្ច​ក្នុង​​​ឱកាស​ពិសេស។

ជាក់​​ស្ដែង​នោះ​ នា​ពេល​ឆាប់ៗ​នេះ ជា​​ពិធី​បុណ្យ​​សែន​ចូល​ឆ្នាំ​ចិន​នៅ​ឆ្នាំ ​២០២០ ​​​កន្លង​មក​​នេះ​​ ស្វាមី​របស់​តារា​​ស្រី​រូប​នេះ បាន​កាដូ​អាំង​ប៉ាវ​ដ៏​​មាន​តម្លៃ ​គឺ​ជា​​នាឡិកា​ដៃ​មាន​ពណ៌​​ក្រហម​ដាំ​ពេជ្រ​ភ្លឺ​​ចែងចាំង​មាន​តម្លៃ​ទៅ​ដល់ ៧ ២០០ ដុល្លារ​ឯណោះ៕​