ក្រុងឡុងប៊ិក​ : ស្ងាត់​ៗ កំពូល​តារាហូលីវូដ អ្នក​នាង អេនជើលីណា ជោលី មក​ពញ្ញាក់​អារម្មណ៍​ដោយ​បាន​ចូលរួម​មហោស្រព​ភាពយន្ដ​ក្រុង​កម្ពុជា (Cambodia Town Film Festiva)l កាល​ពីថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​ ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​ព្រឹត្ដិ​ការណ៍​ ដែល​ក្រុម​អ្នក​រៀបចំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ជំរុញ​ប្រជា​ប្រិយ​ភាព​ចំពោះ​ប្រជាជន​ខ្មែរ និង​ខ្មែរ​អាមេរិកាំង​។

លោក ប្រាជ្ញ លី សហ​ស្ថាបនិក​ និង​សហ​ប្រធាន​ព្រឹត្ដិការណ៍​មហោស្រព​ ត្រូវបាន Long Beach Post ដក​ស្រង់​សម្ដីយ៉ាង​ដូច្នេះ​​ថា​៖ «​វា​មាន​អត្ថ​ន័យ​មហា​ធំ​ធែង​ចំពោះ​យើង​ ដែល​តារា​ហូលីវូដ​ល្បី​រូប​នេះ មក​ចូលរួម​ និង​ថ្លែង​សន្ទរកថា​នៅ​ទី​នេះ​»។

កាល​ពី​ឆ្នាំ​មុន ភាពយន្ដ​រឿង «​មុន​ដំបូង គេ​សម្លាប់​លោក​ប៉ា​ខ្ញុំ​» ដែល​ អ្នកនាង ​ជោលី ដឹក​នាំ​រឿង​ និង​បាន​បញ្ចាំង​នៅ​មហោស្រព​នេះ​។ នាង​ក៏​បាន​បង្ហាញ​មុខ​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ផ្សព្វ​ផ្សាយ​ភាពយន្ដ​នោះ​។

លោក លី បន្ដប្រាប់​ Long Beach Post ថា ឆ្នាំ​នេះ អ្នកនាង ​ជោលី ត្រឡប់​មក​ទី​នេះ​ម្ដង​ទៀត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ព្រឹត្ដិ​ការណ៍​នេះ​ទៀត​។ វា​ជា​ការ​ពញ្ញាក់​អារម្មណ៍​មហាជន​ ដែល​បាន​និយាយ​ថា មាន​តែ​សមាជិក​រៀបចំ​ព្រឹត្ដិ​ការណ៍​មហាស្រព​ដែល​បាន​ដឹង​ថា ជោលី មក​កាន់​ទី​នេះ​។

លោក បាន​បន្ថែម​ថា ជោលី ក៏​ត្រូវបាន​តែងតាំង​ជា​អ្ន​កតំណាង​ព្រឹត្ដិការណ៍​មហោស្រព​ភាពយន្ដ​ក្រុង​កម្ពុជា​ជាថ្មី​ផង​ដែរ​។

អំឡុង​ពេល​ថ្លែង​សន្ទរកថា​ខ្លី ជោលី បាន​គ្រង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិក​ ដោយ​សម្អាង​ការ Khmer Bridal លើ​ហាយវ៉េ ឆ្នេរ​ប៉ាស៊ីហ្វិក​។

ជោលី ថត​អនុស្សាវរីយ៍​ជាមួយខ្មែរ​នៅក្រុងឡុងប៊ិក។ រូបថត Facebook/Cambodia Town Film Festival

អ្នកនាង ​ជោលី មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​កម្ពុជា​ ខណៈ​កូន​ប្រុស​ ម៉ាកដុក ប្រសូត​ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ ប្រវត្ដិ​ម្ចាស់​ពាន​អូស្កា​ អាយុ ៤៣ ឆ្នាំ​រូប​នេះ ជាមួយ​ប្រទេស​កម្ពុជា​ ចាប់​ផ្ដើម​តាំងពី​ឆ្នាំ​២០០០ ពេល​នាង​បាន​ថត​ភាពយន្ដ​ល្បី Tomb Raider នៅ​ប្រាង្គ​ប្រាសាទ​បុរាណ​។

នាង​បាន​វិល​ទៅ​កាន់​ទី​នោះ​ម្ដង​ទៀត​នៅ​រយៈ​ពេល ២ ឆ្នាំ​ក្រោយ ​​ដើម្បី​សុំ​​ ម៉ាកដុក មក​ចិញ្ចឹម ដែល​ពេល​នេះ​បាន​ចម្រើន​វ័យ​​អាយុ ១៧ ឆ្នាំ​ហើយ​។

នៅ​ប្រទេស​កម្ពុជា អ្នកនាង ជោលី បាន​បង្កើត​អង្កការ​មូលនិធិ​មួយ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​វា​មាន​ឈ្មោះ​ថា «អង្គការ​មូលនិធិ ​ម៉ាដុក ជោលី-ភីត​ ឬ ​Maddox Jolie-Pitt Foundation»​ ដើម្បី​ធ្វើសកម្មភាពមនុស្សធម៌ផង​ដែរ​​៕ HR

ជោលី ស្លៀក​សំពត់ហូលខ្មែរ​យ៉ាង​សមសួន ទៅចូលរួម​មហោស្រព។ រូបថត Facebook/Cambodia Town Film Festival

នាង​ក៏បាន​ឡើង​ថ្លែង​សុន្ទរកថា​ កាលពីចុងសប្ដាហ៍ផង​ដែរ។ រូបថត Facebook/Cambodia Town Film Festival

អេនជើលីណា ជោលី នៅតែ​បន្ត​គាំទ្រ​វិស័យ​ភាព​យន្ត​កម្ពុជា។ រូបថត Facebook/Cambodia Town Film Festival

បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​ផ្ដល់​ការ​ទទួល​រាក់ទាក់​យ៉ា​ងកក់ក្ដៅដល់ ជោលី។ រូបថត Facebook/Cambodia Town Film Festival