ភ្នំពេញ: ពី​កាយវិការ​មមាញឹក​តែ​នឹង​ជំនួញ​លក់​សម្លៀក​បំពាក់​តាម​អន​ឡាញ ស្រី​ស្រស់ អែន ជី ឈ្មោះ​ជា​តារា​ចម្រៀង​នៅ​ទ្រនំ​សាន់ដេ ពេល​នេះ​បាន​បង្ហើប​ថា៖ «ខ្ញុំ​មាន​គូជីវិត​ហើយ ហើយ​ក៏​ត្រៀម​នឹង​បញ្ចប់​ឈ្មោះ​ជា​គូ​ដណ្តឹង​នៅ​ក្នុង​អំឡុង​ខែ​ឧសភា ខាងមុខ​ឆាប់ៗ​នេះ​ហើយ»។

ការ​បង្ហើប​របស់​តារាចម្រៀង ដែល​មិនសូវ​ចេញចូល​បន្ទប់​ថត​សំឡេង​របស់​សាន់ដេ តែ​ក៏​នៅ​អះអាង​ថា រូបនាង​នៅ​តែ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ ហើយ​ក៏​មិន​អើពើ​នឹង​ការ​ច្រៀង​រាំ​តាម​ឆាក​តន្ដ្រី របស់​កញ្ញា គង់ សុកញ្ញា ហៅ អែន ជី នេះ​ក៏​ស្រប​ពេល​ដែល​តារា​ល្បីៗ​ជា​ច្រើន​កំពុងតែ​ប្រជែង​គ្នា​សម្រុក​កើប​លុយ​នៅ​រដូវ​ប្រាំង​នេះ។

ជាមួយនឹង​ដំណឹង​នេះដែរ​ក៏មាន​មតិ​ជាច្រើន​នាំគ្នា​ជជែក​ថា កញ្ញា អែន ជី ត្រូវ​គូ​ដណ្ដឹង​ហួងហែង និង​ខ្លះ​ទៀត​ថា នាង​លែង​ចង់​ល្បី​ពី​អាជីព​សិល្បៈ​ទៀត​ហើយ ព្រោះ​តែ​ពេល​នេះ​កំពុង​តែ​បន្ទុំ​ស្បែក​ត្រៀម​ចូល​រោង​ការ​នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ហើយ។

ក្នុងជំនួប​ជាមួយ​អ្នកកាសែត តារា​ចម្រៀង អែន ជី នៅតែ​អះអាង​ក្នុង​ភាព​ម៉ឺងម៉ាត់​ថា៖ «ពេល​នេះ​ខ្ញុំ​នៅ​តែ​ជា​អ្នក​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ»។

ក្នុងជំនួប​នោះ តារា​ចម្រៀង ដែល​មិនសូវ​ខ្វល់ខ្វាយ​ចេញ​បទ​ចម្រៀង​ប្រកួត​ប្រជែង​ទីផ្សារ ក្រៅ​តែ​ពី​ខំ​មិន​គិត​យប់​ថ្ងៃ​ផ្សាយ​វីដេអូ​លក់​ផលិតផល និង​សម្លៀក​បំពាក់​នៅ​ក្នុង​បណ្តាញ​សង្គម កញ្ញា អែន​ជី បាន​ប្រាប់​ថា៖ «គ្រាន់​តែ​ថា ពេល​ណា​មាន​បទ​ចម្រៀង ទើប​ទៅ​ថត ហើយ​ទោះ​ជា​បាត់​មុខ​មួយរយៈ​មែន តែ​មាន​បណ្ដា​ទូរទស្សន៍​ផ្សេងៗ​ហៅ​ខ្ញុំ​ច្រៀង អ៊ីចឹង​គ្រាន់​តែ​ខ្ញុំ​មិន​មាន​បទ​ថ្មី ចឹង​ក៏​មិន​ទាន់​ទទួល»។

ដោយឡែក​ចំពោះ​ដំណឹង​ថា នាង​នឹង​ចូល​រោងការ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៨ នេះ អែន ជី ក៏​ទទួល​ស្គាល់​ថា​ពិត​ដែរ។

បន្ថែម​ពី​សម្តី​ដែល​សាទរ​ថ្ងៃ​ដ៏​ពិសិដ្ឋ​ពិតជា​ស្ថិត​ក្នុង​គម្រោង​ជីវិត​នោះ នាង​ក៏បាន​អះអាង​ទៀតថា៖ «ប្រសិន​បើ​គ្មាន​អ្វី​ត្រូវ​ផ្លាស់ប្ដូរ​ទេ​នោះ ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​នឹង​គូ​ដណ្តឹង​នៅ​ខែ​ឧសភា ក្រោយ​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នោះ​ក៏​នឹង​ប្រព្រឹត្ត​តាម​គម្រោង​ហើយ»។

កញ្ញា អែន​ជី ម្ចាស់​បទ «កំដរ​បង​ត្រឹម​ជាតិ​នេះ» រវល់​ការ​រកស៊ី​លក់​សម្លៀក​បំពាក់​ច្រើន​ជាង​បទ​ចម្រៀង​ហើយ​ជា​រៀងរាល់​ខែ​នាង និង​គូ​ដណ្ដឹង​តែងតែ​ទៅ​យក​អីវ៉ាន់​នៅ​ប្រទេស​ថៃ និង​កូរ៉េ​ផង​ដែរ​ដើម្បី​ផ្គត់ផ្គង់​ហាង​ផ្ទាល់​ខ្លួន ហើយ​នាង​បញ្ជាក់​ថា ពេល​ទំនិញ​មក​ដល់​នាង Live លក់​ភ្លាមៗ​តែ​ម្ដង។

តារាចម្រៀង អែន ជី ក៏បាន​បញ្ជាក់ថា ៖ «គិតថា ទោះ​រវល់​យ៉ាង​ណា ក៏ត្រូវ​គិត​ពី​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នេះ​ដែរ។ សព្វថ្ងៃ​បងប្អូន​ប្រាកដ​ជា​ដឹងថា ខ្ញុំ​មមាញឹក​ប៉ុនណា មិន​ថា​យប់​ថ្ងៃ ខ្ញុំ​លក់​ផលិតផល​តាម​អន​ឡាញ ខ្ញុំ​នៅ​តែ​បម្រើ​អតិថិជន ហើយ​ពេល​នេះ​ខ្ញុំ និង​គូ​ដណ្តឹង​ក៏​ចុះ​ឡើង​ក្រៅ​ប្រទេស​ញឹកញាប់​ដែរ ដើម្បី​យក​ផលិតផល​មក​លក់»។

ប៉ុន្តែ ទោះបីជា​យ៉ាងណា អែន ជី ក៏​នៅ​មិនទាន់​បង្ហាញ​ពី​ទីតាំង ដែល​នាង និង​គូ​ដណ្តឹង​របស់​នាង​រៀបចំ​ទទួល​ភ្ញៀវ​សាទរ​ថ្ងៃ​ពិសេស​នោះ​ដែរ ដោយ​នាង​ថា ៖ «ការ​អញ្ជើញ​ភ្ញៀវ​ក៏​យើង​មិន​ទាន់​កំណត់​ថា អញ្ជើញ​ប៉ុន្មាន​ដែរ ហើយ​ទីតាំង​ក៏​ដូចគ្នា ព្រោះ​ពេល​នេះ​កំពុង​គិត និង​ពិភាក្សា​គ្នា​អំពី​រឿង​នេះ»៕