The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ីតាលី​ប្រារឰ​កម្មវិធី​ទិវា​ម្ហូប​កាបូនណារ៉ា​ប្រពៃណី​ បំណងបញ្ចៀស​ការ​បំភាន់​រូបមន្ដ​ដើម​




អ៊ីតាលី​ប្រារឰ​កម្មវិធី​ទិវា​ម្ហូប​កាបូនណារ៉ា​ប្រពៃណី​ បំណងបញ្ចៀស​ការ​បំភាន់​រូបមន្ដ​ដើម​

Content image - Phnom Penh Post

អ៊ីតាលី​ប្រារឰ​កម្មវិធី​ទិវា​ម្ហូប​កាបូនណារ៉ា​ប្រពៃណី​ បំណងបញ្ចៀស​ការ​បំភាន់​រូបមន្ដ​ដើម​

ក្រុង​រ៉ូម៖ ការ​ប្រារឰ​ពិធី​ភ្លក្ស​ម្ហូប​អ៊ីតាលី កាលពី​ថ្ងៃ​អង្គារ ដែល​ផ្ដោត​លើ​អាហារ​ប៉ាស្ដា​​ប្រពៃណី​ប្រចាំ​ប្រទេស​មួយ​មុខ កាបូនណារ៉ា បាន​​បង្ហាញ​សារ​សាមញ្ញ​មួយ​ទៅកាន់​ជន​បរទេស​ថា ចូរ​ធ្វើ​ឱ្យ​ងាយ និង​កុំ​រំលង​ប្រពៃណី។

អ្នក​សារព័ត៌មាន​ម្ហូប​ និង​អ្នក​ជំនាញ​កាបូនណារ៉ា អេឡេអូណូរ៉ា កូសហ្សេលឡា បាន​ប្រាប់ AFP ថា​៖ «​រូបមន្ដ​កាបូនណារ៉ា ដ៏​ឈ្ងុយ​ឆ្ងាញ់​ គឺមិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ដាក់​គ្រឿង​ច្រើន​នោះទេ»។

អ្នក​កាសែត​ស្រី​រូប​នេះ ជជែក​អំពី​កិច្ចការ​បន្ទាប់​បន្សំ​ចំពោះ​ការ​ប្រារឰ​ពិធី​ «​ទិវា​កាបូនណារ៉ា នៃ​ទីក្រុង​រ៉ូម​» ជា​ព្រឹត្ដិការណ៍​ភ្លក្ស​ម្ហូប​កាបូនណារ៉ា ម៉ារ៉ាតុង​មួយ​ឆ្នាំ​ម្ដង​តាម​អនឡាញ​ ដែល​រៀបចំ​ឡើង​ដោយ​សមាគមន៍​អ្នក​ធ្វើ​ប៉ាស្ដា​អុីតាលី។

Content image - Phnom Penh Post

កាបូនណារ៉ា​បែប​ប្រពៃណី​ ជា​អាហារ​ប្រចាំ​ក្រុង​រ៉ូម និង​បរិវេណ​តំបន់​ឡាហ្ស៊ីយ៉ូ ផលិត​ឡើង​ពី​ស៊ុត ថ្ពាល់​ជ្រូក ឈីស​ប៉េកូរីណូ និង​ម្រេច។ ពលរដ្ឋ​អីុតាលី​មិន​សូវ​ចូលចិត្ដ​ ពេល​កាបូនណារ៉ា ត្រូវបាន​បន្ថែម​គ្រឿង​ច្រើន​នោះទេ។

កាល​ពី​ដើម​ឆ្នាំ រូប​មន្ដ «​កាបូនណារ៉ា​ប៉េង​ប៉ោះ​ឆ្អើរ​» នៅ​ក្នុង​ទំព័រ​ម្ហូប​កាសែត New York Times ដែល​បាន​បន្ថែម​ប៉េង​ប៉ោះ ក៏​ដូចជា​​ជំនួស​ថ្ពាល់​ជ្រូក និង​ឈីស​​ប៉េកូរីណូ ជាមួយ​សាច់​ជ្រូក ៣ ​ជាន់ និង​ឈីស​ប៉ាម៉េសាន​ បាន​បង្ក​ជា​ការ​ខឹង​សម្បាល​ពី​សំណាក់​ពលរដ្ឋ​អីុតាលី។

សមាគមន៍​កសិករ Coldiretti បាន​ហៅ​រូបមន្ដ​អាមេរិក​ជា​ «​ការ​បន្ថោកតម្លៃ​អាហារ​ប្រពៃណី​ដ៏​ពេញ​និយម​របស់​អីុតាលី​» និង​បាន​តវ៉ា​ថា កាបូនណារ៉ា គឺជា «​រូបមន្ដ​ម្ហូប​អីុតាលី​ដ៏​វិសេស​បំផុត​មួយ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍