ភ្នំពេញ៖ តារាចម្រៀងស្រីរាងស្ល៊ីម សំឡេងធ្ងន់ជ្រកក្រោមទ្រនំសាន់ដេ មានឈ្មោះពិតថា ឃិន ស្រីនាថ ហៅកញ្ញា អ៊ីវ៉ា ហាក់មិនបានសម្តែងអារម្មណ៍ខ្លាចត្រូវផ្ទាំងស៊ីបគេបាញ់ចំអន់លេងថា ជាគណៈកម្មការឥតគូសម្រាប់វត្តមាននៅថ្ងៃបើកសម្ពោធកម្មវិធីទូរទស្សន៍ NiceTV ឈ្មោះថា «កូនក្រមុំឆ្នើម» នោះឡើយ ។
នេះបើតាមសម្តីអះអាងថា មិនមានការព្រួយបារម្ភ និងរអែងចិត្តខ្លាចត្រូវគេចំអន់លេងពីជីវិតគូទេ ពីតារាចម្រៀងស្រីសាន់ដេ ខណៈបង្ហាញខ្លួនក្នុងឈុតពណ៌មាស សមសួននឹងសាច់សដូចជាបណ្តូលចេក ដែលកាន់តំណែងជាគណៈកម្មការ ១ រូប នៃកម្មវិធីថ្មីរបស់ទូរទស្សន៍ Nice TV «កូនក្រមុំឆ្នើម» បានសម្ពោធកាលពីថ្ងៃទី ៧ ខែ កញ្ញា ចុងសប្តាហ៍កន្លងមកនៅអគារព្រីនស៍ហូធីងគ្រុប កោះពេជ្រ។
តំណែងគណៈកម្មការដាក់ពិន្ទុឲ្យគូស្នេហ៍ចំនួន ១០ គូ ដែលចុងក្រោយជ្រើសរើសយកតែ ១ គូ សម្រាប់ម្ចាស់ជយលាភីនៃកម្មវិធី «កូនក្រមុំឆ្នើម» នោះមានសមាជិកចំនួន ៥ រូបគឺតារាសម្តែងប្តីប្រពន្ធអ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គីម សីហា អ្នកនិពន្ធភាពយន្តល្បីលោកស្រី សក្តិ សាកេត និងពិធីករប្រចាំប៉ុស្តិ៍ទូរទស្សន័បាយ័ន ជា វណ្ណរិទ្ធ។

ចំណោមគណៈកម្មការទាំងអស់ គឺសុទ្ធតែបានរៀបការរួចមកហើយ ស្គាល់រសជាតិនៃជីវិតគូ លើកលែងតារាចម្រៀងស្រីកញ្ញា អ៊ីវ៉ា ដែលអះអាងថា មិនទាន់មានគូនាពេលបច្ចុប្បន្ន។
ជំនួបថ្ងៃសម្ពោធកម្មវិធី «កូនក្រមុំឆ្នើម» តារាចម្រៀងស្រីដែលធ្លាប់ល្បីថា សម្បូរស្នេហ៍កញ្ញា អ៊ីវ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ពីមុនធ្លាប់តែមកច្រៀង តែឥឡូវនេះ មកធ្វើជាគណៈកម្មការអ៊ីចឹង ខ្ញុំមានអារម្មណ៍ថាប្លែកដែរ ប៉ុន្តែសប្បាយព្រោះថា កម្មវិធីហ្នឹងល្អ! គេផ្តោតសំខាន់ទៅលើជីវិតគូ ដែលមានកូនក្រមុំ និងកូនកំលោះបានរៀបការហើយ និងបង្ហាញពីជីវិតគ្រួសារ ដែលពួកគាត់មើលថែគ្នាបានល្អ»។
ស្រីស្រស់កញ្ញា អ៊ីវ៉ា ក៏បន្តទៀតថា៖ «ចូលក្នុងកម្មវិធី ដែលសុទ្ធតែអ្នកមានគូអ៊ីចឹង គឺខ្ញុំក៏មានអារម្មណ៍ថា ដូចជានៅតែឯងៗដែរហ្នឹង! ប៉ុន្តែក៏មិនជាបញ្ហាអ្វីដែរទេ ព្រោះថាយើងមកនេះ ធ្វើជាគណៈកម្មការ។ ឃើញគេមានគូដូច្នេះ ក៏អត់ច្រណែនអ្វីទេ គឺរំភើបជំនួសពួកគាត់វិញ»។
គួរបញ្ជាក់ដែរថា សម្រាប់កម្មវិធីថ្មី «កូនក្រមុំឆ្នើម» របស់ទូរទស្សន៍ Nice TV ឧបត្ថម្ភធំពីមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ មានគូស្នេហ៍ប្រកួតចំនួន ៣០ គូ ចូលរួមចែករំលែកពីបទពិសោធស្នេហា ក្នុងរយៈពេល ១២ សប្តាហ៍ ទើបជ្រើសកូនក្រមុំឆ្នើមមួយរូប។ គូស្នេហ៍ជាម្ចាស់ជយលាភី នឹងទទួលបានការរៀបចំពិធីជប់លៀងមង្គលការដ៏រ៉ូមេនទិកបំផុត និងបន្ទប់ស្នាក់នៅលំដាប់ VIP ដោយឥតគិតថ្លៃ៕