ភ្នំពេញៈ ខណៈ​​​រដូវកាល​បុណ្យ​ភ្ជំបិណ្ឌ​​របស់​ខ្មែរ​​កាន់​តែ​ជិត​មក​ដល់​នោះ ស្រាប់​​តែ​​ឃើញ​មាន​​សារ​បង្ហាញ​ឈ្មោះ​តារា​ចម្រៀង​​​ប្រុស-ស្រី ​មួយ​​​ចំនួន​​យ៉ាង​ហោច​ណាស់​មក​ពី​ទ្រនំ​ផលិតកម្ម​​ធំ ​៣ គឺ​ផលិតកម្ម​ហង្សមាស ថោន និង​សាន់ដេ ចេញ​ពី​គណនី​​ហ្វេសប៊ុក​របស់​លោក យឹម តាស្រង់ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថ្មី​គឺ ​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា ប្រកាស​ត្រៀម​​វត្តមាន​ទៅ​សម្តែង​នៅ​ឯ​​ប្រទេស ​កូរ៉េ​ខាង​ត្បូង នា​ពេល​ឆាប់ៗ​នេះ​​។

តារា​ចម្រៀង​ប្រុស-ស្រី​ទាំង​នោះ​រួម​មាន​លោក ព្រាប សុវត្ថិ រួម​ទាំង​កូន​​ប្រុស​ទាំង ​៣ នៅ​ផលិតកម្ម​ហង្សមាស លោក ខេម លោក Tempo Tris និង​​លោក គូម៉ា តារា​ចម្រៀង​របស់​ទ្រនំ​ថោន​ និង​កញ្ញា អ៊ីវ៉ា មក​ពី​ទ្រនំ​ផលិតកម្ម​​សាន់ដេ ព្រម​ទាំង​​​មាន​ក្រុម​ភ្លេង​ចចក​​សមុទ្រ​​ផង​ដែរ​នោះ​ ពួក​គេ​នឹង​មាន​វត្តមាន​ទៅ​សម្តែង​នៅ​ក្នុង​កម្ម​វិធី​តន្រ្តី​បុរី​ឡេងណាវ៉ាត្រា​។

តែ​សម្រាប់​តារា​ចម្រៀង​ស្រី​ដែល​​​ល្បី​ថា មាន​ផលិតកម្ម​ធំ ២ គឺ​ហង្សមាស និង​ថោន កំពុង​តែ​ចាំ​​ត្រង​យក​តារា​ចម្រៀង​ស្រី​ស្រស់​សោភា សាច់​សខ្ចី រាង​ស្ល៊ីម កញ្ញា អ៊ីវ៉ា ក្រោយ​ពី​នាង​​បាន​ផុត​កុងត្រា​ពី​ទ្រនំ​ចាស់​ផលិតកម្ម​សាន់ដេ តាំង​​ពី​​​នៅ​ឆ្នាំ​ ២០១៨ ​មក តែ​ចុង​ក្រោយ​នាង​បាន​សម្រេច​​បន្ត​នៅ​ផលិតកម្ម​ចាស់​ដដែល​​​នោះ ហាក់​ដូច​​ជា​មិន​ទាន់​ច្បាស់​ពី​វត្តមាន​របស់​ខ្លួន​​នៅ​ឡើយ​ទេ​ សម្រាប់​ឱកាស​កើប​ប្រាក់​ដុំ​ក្រៅ​ប្រទេស​មួយ​នេះ​។​

តារា​ចម្រៀង​ស្រី​មាន​សំឡេង​​ពីរោះ​ជា​ទី​ពេញ​និយម​​នៃ​យុវវ័យ​មាន​ឈ្មោះ​​ពិត ឃីន ស្រីនាថ ហៅ​​កញ្ញា អ៊ីវ៉ា បង្ហើប​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​​ល្ងាច​ម្សិលមិញ​ថា៖ ​«​​ចាស​បង! ​​​ខ្ញុំ​ពិត​ជា​​ត្រូវ​​បាន​ខាង​អ្នក​រៀបចំ​​ការ​សម្តែង​តន្រ្តី​នៅ​កូរ៉េ​ អញ្ជើញ​មែន! ​តែ​ពេល​​​​​នេះ​ នាង​ខ្ញុំ​នៅ​មិន​​ទាន់​​ច្បាស់​នៅ​​​ឡើយ​ដែរ​ទេ ​ថា​តើ​អាច​បាន​ទៅ​ចូលរួម​​​សម្តែង​មួយ​នេះ ព្រោះ​​​នាង​​ខ្ញុំ​នៅ​រង់ចាំ​ពេលវេលា​សម្រេច​​​ចិត្ត​​ជា​ចុង​ក្រោយ​មួយ​ទៀត​ក្នុង​រយៈពេល​ ​១ ឬ ​២ ថ្ងៃ​ខាង​មុខ​នេះ​សិន​ គឺ​ដោយសារ​មាន​ពាក់ព័ន្ធ​នឹង​កាល​វិភាគ​នៃ​ការ​​សម្តែង​សិល្បៈ​របស់​នាង​ខ្ញុំ​នៅ​ក្នុង​ស្រុក​តែ​ម្តង​»។​

ដោយ​ឡែក​តារា​ចម្រៀង​ស្រី​ កាន់​តែ​ល្បី​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ​នៃ​ស្រទាប់​យុវវ័យ​កញ្ញា អ៊ីវ៉ា កាល​ពី​មុន​​នេះ ក៏​មាន​លេច​ឮ​ថា នាង​បាន​ត្រៀម​​​ខ្លួន​ចេញទៅ​រក​ទ្រនំ​ថ្មី ក្រោយ​ពី​បាន​ផុត​កុងត្រា​​​នឹង​ទ្រនំ​​ចាស់​សាន់ដេ​មក តែ​ជា​ចុង​ក្រោយ​ទំនង​ជា​មាន​ការ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ទើប​បាន​​ធ្វើ​ឲ្យ​ស្រីស្រស់​ អ៊ីវ៉ា តារា​​ចម្រៀង​ស្រី​​​​មក​ពី​ខេត្ត​កំពង់ស្ពឺ​នោះ​ សម្រេច​ចិត្ត​បន្ត​​លើ​ទ្រនំ​ផលិតកម្ម​​ដដែល​វិញ​​​។

កន្លង​មក​កញ្ញា អ៊ីវ៉ា ក៏​បាន​​​​បញ្ជាក់​​ពី​ចំណាប់​​អារម្មណ៍​ដែរ​ថា៖ «​ដូច​​ជា​​​បង​បាន​ដឹង​ស្រាប់​ហើយ ផលិតកម្ម​ចម្រៀង​ធំៗ​ក្រៅ​​ពី​កន្លែង​ចាស់​នាង​​​​​ខ្ញុំ គឺ​មាន​តែ ២ ទេ តែ​ទោះ​យ៉ាង​ណា នាង​ខ្ញុំ​​​ពិត​ជា​នៅ​ពុំ​ទាន់​​​បាន​​សម្រេច​ចិត្ត​​មែន​​នៅ​ក្នុង​ការ​ជ្រើស​​​​ព្រោះ​ចាំ​មើល​សិន»៕​