ក្រុងញូវយ៉ក៖ នៅពីក្រោមផ្ទាំងប៉ាណូ និងអគារខ្ពស់ៗដ៏ភ្លើងចិញ្ចាចនានា អ្នកស្រី ម៉ារៀ បេហ្គា ដើរកាត់ហ្វូងមហាជនក្នុងអារម្មណ៍សែនរំភើបនៅ Times Square ដោយគ្រងឈុតព្រះនាង អានណា ក្នុងគំនូរជីវចល Disney រឿង Frozen។
ស្ដ្រីប៉េរូ អាយុ ៣២ ឆ្នាំ ស្ថិតក្នុងចំណោមបុគ្គលតិចតួច ភាគច្រើនមកពីអាមេរិកឡាទីន ព្យាយាមស្វែងរកចំណូលកាក់ល្អិតពីការស្លៀកសម្លៀកបំពាក់ជាតួអង្គក្នុងភាពយន្ដនៅទីប្រជុំជនសំខាន់នៃក្រុងញូវយ៉ក។
គ្រងឈុតជា Elmo ក្នុងភាពយន្ដ Sesame Street និងCookie Monster ព្រមទាំងកំពូលវីរបុរស ដូចជា Batman និង Hulk ពួកគេថតរូបជាមួយភ្ញៀវទេសចរជាថ្នូរនឹងប្រាក់ធីប ហើយនៅមានស្ដ្រីរំលេចថ្នាំពណ៌សិល្បៈលើរាងកាយអាក្រាតល្វែងលើ និងតួខូវប៊យលេងហ្គីតាអាក្រាតពាក់កណ្ដាលផងដែរ។
សម្រាប់ភ្ញៀវទេសចរជាច្រើន តួអង្គតំណាងក្នុងភាពយន្ដល្បីៗ គឺជាផ្នែកមួយនៃការកម្សាន្ដពេញនិយម តែចំពោះអ្នកក្រុងញូវយ៉កមួយចំនួន ពួកគេចាត់ទុកពន្លឺភ្លើងពណ៌ជាអ្វីដែលមិនគួរនៅបៀត។
តួអង្គភាពយន្ដទាំងនោះបានក្លាយជាប្រធានបទតវ៉ាជាហូរហែ។ ពលរដ្ឋក្នុងរដ្ឋឃេនទួគី ដេវ ឌុក ដែលបានថតរូបភរិយាជាមួយតួអង្គតំណាងរូបសំណាកសេរីភាព បាននិយាយថា៖ «ខ្លះមានអាកប្បកិរិយាច្រឡើសបើស តែភាគច្រើនពួកគេសុទ្ធតែល្អៗ»។
ប៉ុន្ដែសម្រាប់អ្នកស្រី បេហ្គា ស្ថានភាពជីវិតពិតកាន់តែយ៉ាប់ថែមទៀត។ អ្នកស្រីនិយាយថា ជួនកាលរកប្រាក់ ១ ថ្ងៃបានតែ ២០ ដុល្លារ។
មនុស្សរហូតដល់ ៤៥ ម៉ឺននាក់ ត្រូវបានប៉ាន់ប្រមាណថា ដើរឆ្លងកាត់វិថីប្រសព្វ Times Square រៀងរាល់ថ្ងៃ តែអ្នកស្រី បេហ្គា បាននិយាយថា៖ «ខ្ញុំមិនដឹងថា យើងអាចបន្ដដល់ពេលណាឡើយ»៕ AFP/HR