The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកក្រុងញូវយ៉កអាចទៅលេងសួនកោះសិប្បនិម្មិតទើបសង់រួចក្ដៅៗ ដើម្បីរំសាយអារម្មណ៍តានតឹង




អ្នកក្រុងញូវយ៉កអាចទៅលេងសួនកោះសិប្បនិម្មិតទើបសង់រួចក្ដៅៗ ដើម្បីរំសាយអារម្មណ៍តានតឹង

Content image - Phnom Penh Post

អ្នកក្រុងញូវយ៉កអាចទៅលេងសួនកោះសិប្បនិម្មិតទើបសង់រួចក្ដៅៗ ដើម្បីរំសាយអារម្មណ៍តានតឹង

ក្រុង​ញូវយ៉ក៖ សួន​សាធារណៈ​មួយ​ចំទើត​លើ​សរសរ​បេតុង​ ១៣២​ ដើម​នៃ​​ផ្ទៃ​ទឹក​ដង​ទន្លេ​ហាដសុន បាន​បើក​ទទួល​ភ្ញៀវ​កាល​ពី​ថ្ងៃ​សុក្រ​សម្រាប់​អ្នក​ក្រុង​ញូវយ៉ក ដែល​អន្ទះសា​ចេញ​ឱ្យ​ពី​ការ​បិទខ្ទប់​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ។

កោះ​តូច ដែល​អាច​ដើរ​ឆ្លង​តាម​ស្ពាន​ឥត​គិត​ប្រាក់ បាន​ផ្ដល់​នូវ​ទស្សនីយភាព​រុក្ខជាតិ​បៃ​តង​ស្រស់​ និង​គយ​គន់​សម្រស់​ធម្មជាតិ​នៃភាគ​ខាង​ត្បូង​ទី​ប្រជុំជន​ម៉ាន់ហាតាន់ និង​ញ៉ូវជេស៊ី សម្រាប់​អ្នក​ចង់​ឃើញ​ទិដ្ឋភាព​ប្លែក​ដោយ​មិន​ចាំ​បាច់​ទៅ​ណា​ឆ្ងាយ។

ការ​បើក​ទទួល​មហាជន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្ដឹង​ក្រុង​ញូវយ៉ក​ភាគ​ច្រើន ពេល​មនុស្ស​ជាង ៦០​ ភាគរយ​ចំណោម​ ៨,៤​ លាន​នាក់​ បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​យ៉ាង​តិច​មួយ​ដូស។

Content image - Phnom Penh Post

អ្នកស្រី បាបារ៉ា ឃេនន័រ អាយុ ៦០​ ឆ្នាំ​ធ្លាប់​ជា​នាយក​គ្រប់​គ្រង​ការិយាល័យ​ម្នាក់ ដែល​ឥឡូវ​អត់​ការងារ​ធ្វើបា​ននិយាយថា​៖ «​ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​មក​លេង​ទី​នេះ​ ដោយសារ​ទីក្រុង​ញូវយ៉ក​បាន​រង​​គ្រោះ​ខ្លាំង​ពី​វិបត្ដិ​កូវីដ​សកល​»។

ទីក្រុង​បាន​បាត់​បង់​មនុស្ស​ជាង ៣ ​ម៉ឺន​នាក់​ ខណៈ​អ្នក​ក្រុង​ញូវយ៉ក​ត្រូវបាន​បង្ខំ​ឱ្យ​នៅតែ​ក្នុង​ផ្ទះ​ និង​កំហិត​ការ​ធ្វើ​ដំណើរ​ទៅកាន់​ហាងទំនិញ​​ កន្លែង​ហាត់​ប្រាណ ហាង​ធ្វើ​សក់​ និង​ការិយាល័យ។

អ្នក​ឌីហ្សាញ​ផ្នែក​ទេសភាព​ Signe Nielsen ដែល​ទទួល​បន្ទុក​ឌីហ្សាញ​រុក្ខជាតិ​ធំៗ ដែល​មាន​ផ្កាភ្ញី​​ ព្រមទាំង​ដើម​ឈើ​តូច​ធំ​ជាង​ ៣៥០ ​ប្រភេទ​ ចង់​ឱ្យ​អ្នក​ដំណើរ​ចាក​ចេញ​ពី​ទីក្រុងចរាចរណ៍​កក​ស្ទះដោយ​មក​លេង​កោះ​តូច​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល។

Content image - Phnom Penh Post

អ្នកស្រី បាបារ៉ា បាន​ប្រាប់ AFP ថា​៖ «​សង្ឃឹម​ថា ពេល​បញ្ចប់​ការ​ដើរ​កម្សាន្ដ ឬ​រត់​ ឬ​អ្វីក៏​បាន ពួកគេ​ចាក​ចេញ​ទៅ​ដោយ​ភាព​ស្ងប់​សុខ រីករាយ​ជាង​ពេល​ពួកគេ​ទើប​ចូល​មក​ដល់​»។

សរសរ​ទ្រ​កោះ​បេតុង​ ដែល​មាន​ទម្ងន់​ប្រមាណ ៧៥​ តោន​មួយ​ដើម ត្រូវបាន​ផលិត​ឡើង​នៅ​លើ​​​ដីគោក​​ក្រុង​ញូវយ៉ក​ និង​បណ្ដែត​តាម​ដង​ទន្លេ​ហាដសុន​ ចម្ងាយ​ ២១០​ គីឡូម៉ែត្រ មុន​ស្ទូច​បញ្ឈរ​ឲ្យ​ខ្ពស់​ផុត​ផ្ទៃ​ដី។

កោះ​សិប្បនិម្មិត​ ដែល​ចំណាយ​ប្រាក់​សង់​អស់ប្រមាណ ២៦០​ លាន​ដុល្លារ ត្រុវបាន​ផ្ដល់​មូលនិធិ​ភាគច្រើន​ដោយ​សហគ្រិន​មហាសេដ្ឋី បាររី ឌីលល័រ និង​ភរិយា ឌីយ៉ាន វ៉ុន ហ្វឺស្ដេនប៊ឺក ជា​អ្នក​បង្កើត​គម្រោង​នេះ​ឡើង។

Content image - Phnom Penh Post

លោក ឌីលល័រ បាន​ប្រាប់ The New York Times ថា​ លោក​នឹង​ចំណាយ​ប្រាក់​សម្រាប់​ការ​ថែទាំ​សួន​នេះ​រយៈ​ពេល ២០ ​ឆ្នាំ​ដំបូង។

ការ​ចូលរួម​ចំណែក​របស់​លោក​អាច​ចំណាយ​ទឹក​ប្រាក់​សរុប ៣៨០​ លាន​ដុល្លារ ជា​ការ​ចូលរួម​ចំណែក​ដ៏​ច្រើន​លើស​លប់​សម្រាប់​ការ​បរិច្ចាគ​បែប​ឯកជន​ចំពោះ​ការ​កសាង​សួន​សាធារណៈ។

គម្រោង​កោះ​សិប្បនិម្មិត​ស្ទើរ​តែ​មិន​អាច​ចេញ​ជារូប​រាង​ ដោយសារ​វាត្រូវបាន​ពន្យា​ពេល​ពី​បញ្ហា​ផ្លូវ​ច្បាប់​ជា​ហូរហែររហូត​ដល់​អភិបាល​ក្រុង​ញូវយ៉ក អេនដ្រូ ឃ្យូម៉ូ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ឆ្នាំ​ ២០១៧។

អ្នកស្រី ឡូរ៉េន​ មូនហ្រ្វាស័រ អាយុ ៣៣ ​ឆ្នាំដែល​មក​ដើរ​សំដិល​ថ្ងៃ​ជាមួយ​កូនតូច​​ឈ្មោះលូកាបាន​និយាយថា​៖ «​ពិត​ជា​កន្លែង​ល្អ​មែន​ទែន​ ដែល​ត្រូវបាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​ទីក្រុងជាពិសេសទី​ប្រជុំជន​»៕ AFP/HR

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍