ក្រុងរីយ៉ូ: Neymar ជាតារាបាល់ទាត់ល្បីចំពោះជំនាញញាក់បាល់ តែរដូវព្រឹត្ដិការណ៍បាល់ទាត់ពិភពលោក World Cup ម៉ូដសក់របស់លោកធ្វើឲ្យអ្នកគាំទ្រប្រេស៊ីលជជែកមិនដាច់ពីមាត់កាលពីថ្ងៃអង្គារ។
តារាបាល់ទាត់តម្លៃខ្លួនខ្ពស់បំផុតក្នុងលោករូបនេះ មិនអាចជួយឲ្យក្រុមជម្រើសជាតិខ្លួនឈ្នះក្រុមស្វ៊ីសនៅថ្ងៃបើកឆាកដំបូង ដោយត្រឹមតែស្មើ ១-១ ប៉ុណ្ណោះ។
សក់របស់ Neymar មានម៉ូដកោរជើងសក់ និងលាបថ្នាំទឹកមាសហាយឡាយ គឺមិនច្រឡំគេ។ ម៉ូដសក់នេះបានរំលេចនូវរូបរាងម៉ាស៊ីនបណ្ដើរបាល់រូបនេះបោះពួយយ៉ាងលឿនស្លេវ ដែលប្រដូច Neymar ទៅនឹងសត្វឡាម៉ា សរសៃមី Pot Noodle ឬសរសៃមីប៉ាស្ដាជាដើម។
កាសែត Meia Hora បានសរសេរនៅទំព័រមុខថា៖ «តារាបាល់ទាត់ប្រេស៊ីលរូបនេះបានដើរចូលទីលានប្រកួត មើលពណ៌ដូចសត្វសេក»។ មានសំណួរជាច្រើនបានចោទសួរថា តើ Neymar មិនសូវខ្វល់នឹងការបញ្ចេញសមត្ថភាពលេងបាល់ដោយរវុលគិតចង់លេងម៉ូដសក់លេចធ្លោរ។
ដូច្នេះ វាមានលក្ខណៈប្រសើរវិញពេលតារាបាល់ទាត់រូបនេះត្រូវបានថតរូបភាពផ្លាស់ប្ដូរម៉ូដសក់ពេលកំពុងហ្វឹក់ហាត់នៅ Sochi។ វេបសាយតារាល្បី popzone.tv បានសរសេរថា៖ «ក្រោយមានការរិះគន់ Neymar ក៏ឆាប់ប្ដូរម៉ូដសក់ភ្លាម»។
វេបសាយដដែលបានបន្ដថា៖ «វាអាចជាអបិយជំនឿ ឬគ្រាន់តែចៃដន្យ តែ Neymar បានសម្រេចចិត្ដផ្លាស់ប្ដូរម៉ូដសក់ក្រោយស្មើ ១-១»។ ប៉ុន្ដែប្រហែលជានៅមានអ្វីគួរឲ្យភ្ញាក់ផ្អើលបន្ដទៀត។
កាសែត Estadao បានរាយការណ៍ថា Neymar បាននាំជាងកាត់សក់ពីរនាក់មករុស្ស៊ី ដោយម្នាក់ឈ្មោះ Nariko ជំនាញកាត់ និងWagner Tenorio ជំនាញលាបពណ៌៕ AFP/HR