ភ្នំពេញៈ គំនូរ​លើ​ជញ្ជាំង​កំពុងតែ​ទទួល​បាន​ការពេញនិយម​ពី​អាជីវករ​ជាច្រើន​ក្នុង​ការលម្អ​ក្នុង​ហាង​ថ្មី​ដែល​មាន​ក្បាច់រចនា​ល្អ​វិចិត្រ និង​អាច​តម្រូវ​តាម​ដែល​ចង់​បាន​ជា​លក្ខណៈ 3D និង 2D ដោយ​ក្រុម​ជំនាញ​គូរគំនូរ​មាន​បទពិសោធ​ជាង​ ១ ​ទសវត្សរ៍​។

ដៃ​មាន​កាន់​ថាស​លាយ​ទឹកថ្នាំ​ចម្រុះ​ពណ៌ និង​ជក់​សម្រាប់​គូសវាស​នៅ​លើ​ផ្ទៃ​ជញ្ជាំង​ជាង​គំនូរ​វ័យក្មេង​បាន​ធ្វើឲ្យ​ចុង​ជក់​ប្រែ​ក្លាយ​ជញ្ជាំង​ដែល​មាន​គំនូស​ដីស​ជា​គំរូ​រួចស្រេច រំលេច​ជា​ទិដ្ឋភាព​ដ៏ស្រស់ត្រកាល​។

ក្នុង​សម្លៀកបំពាក់​ប្រឡាក់​ទឹក​ថ្នាំ​លេង​ម៉ូដ​សក់វែង​ពាក់​វ៉ែនតា លោក ហ៊ែល ធុច វ័យ ២៩ ​ឆ្នាំ​ជា​អ្នកដឹកនាំ​ក្រុម​គូរគំនូរ​មាន​ឧបនិស្ស័យ​សិល្បៈ​នេះ​តាំងពី​តូច​ដោយ​ឪពុក​លោក​ជា​អ្នក​គូរគំនូរ​ស្រាប់​។

ជាង​គំនូរ​ជញ្ជាំង​រូបនេះ​បាន​រៀបរាប់​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ទៀត​ថា​៖ «​ពេល​ខ្ញុំ​អាយុ ៦ ​ឆ្នាំ​ខ្ញុំ​ក៏​សុំ​គាត់​រៀន ប៉ុន្តែ​គាត់​មិន​ទាន់​បង្រៀន​នោះ​ទេ ដោយសារ​ខ្ញុំ​នៅ​តូច​ពេក​រហូត​ដល់​ខ្ញុំ​មាន​អាយុ ១០ ​ឆ្នាំ​ទើប​គាត់​ចាប់ផ្តើម​បង្រៀន​ខ្ញុំ​»​។

ចូល​ដល់​វ័យ​អាយុ ២០ ​ឆ្នាំ​លោក ហ៊ែល ធុច ក៏​បាន​ចាប់ផ្តើម​ចេញ​ក្រៅ​រៀន​ជាមួយ​ជនជាតិ​បរទេស រៀន​ជាមួយ​មិត្តភក្តិ​ដោយ​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញ​ទៅមក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

អ្នកគំនូរ​អាជីព លោក ហ៊ែល ធុច អាយុ ២៩ ​ឆ្នាំ​មាន​ឧបនិស្ស័យ​សិល្បៈ​តាំងពី​ក្មេង​។ ហេង ជីវ័ន

វិចិត្រករ​រំលេច​ស្នាម​សាក់​លើ​កំភួនដៃ​រូបនេះ​ឲ្យ​ដឹង​ទៀត​ថា​៖ «​បាន​ដោយ​ចាប់ផ្តើម​ដំបូង​ខ្ញុំ​មាន​ជំនាញ​ខាង​គូរគំនូរ​នៅ​លើ​ស៊ុម​ក្រណាត់​ធម្មតា​ទេ​។ រហូត​ដល់​ឆ្នាំ​ ២០១៥ ទើប​ខ្ញុំ​ចាប់ផ្តើម​គូរ​នៅ​លើ​ជញ្ជាំង​ដោយ​មាន​មិត្តភក្តិ​ខ្ញុំ​ម្នាក់​បាន​ណែនាំ​។ វា​ក៏​បាន​ផ្តល់​ផលលំបាក​ឲ្យ​ខ្ញុំ​ដែរ​»​។

យោង​តាម​លោក ហ៊ែល ធុច សិល្បៈ​គំនូរ​លើ​ជញ្ជាំង​បាន​​រីកដុះដាល​ឡើង​តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដោយ​គំនូរ​ត្រូវបាន​គូរ​នៅ​ក្នុង​ហាង​ទៅ​តាម​ការស្រឡាញ់ និង​ការចូលចិត្ត​របស់​ម្ចាស់​ហាង ឬ​អតិថិជន​នីមួយៗ ។

ជាង​គំនូរ​តាម​ជញ្ជាំង​រូបនេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​មាន​ភ្ញៀវ​ខ្លះ​ទទួល​បាន​ការណែនាំ​ពី​មិត្តភក្តិ​ក្នុង​ការគូរគំនូរ​នៅ​ក្នុង​ហាង ដែល​មក​ដល់​សព្វថ្ងៃ​មាន​កំណើន​រហូត​ដល់ ៨០ ភាគរយ​នៃ​ការនិយម​ប្រើ​គំនូរ​នៅក្នុង​ហាង​នេះ​»​។

គំនូរ​លើ​ជញ្ជាំង​មាន​តម្លៃ​ចាប់ពី ៣០០ ​ដុល្លារ​ទៅ​ដល់​ជាង ១០០០ ​ដុល្លារ​ដោយ​ប្រើ​រយៈពេល​គូរ​ចាប់ពី​ ៣ ថ្ងៃ​ទៅ​ ៥ ថ្ងៃ​ទៅ​តាម​ប្រភេទ​គំនូរ​។

ក្រុម​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​នេះ​អាច​គូរ​បាន​គ្រប់​ប្រភេទ​ទាំង​គំនូរ​បែប​សហសម័យ និង​បុរាណ​។ គំនូរ​ដែល​ភ្ញៀវ​និយម​សម្រាប់​តាំង​ក្នុង​ហាង​ជាងគេ​នោះ​គឺ​រូប​ល្ខោនខោល និង​គំនូរ​បែប 3D​។

លោក ហ៊ែល ធុច ធ្វើការ​ងារ​ជា​ក្រុម​ដោយ​មាន​គ្នា ៤ ​នាក់​ដោយ​មាន​ការដឹកនាំ​សិស្ស​ប្អូន​ទៅ​គូរ​តាម​ទីតាំង​នីមួយៗ​។

អ្នក​គំនូរ​អាជីព​លោក ហ៊ែល ធុច អាយុ ២៩ ​ឆ្នាំ​មាន​ឧបនិស្ស័យ​សិល្បៈ​តាំងពីក្មេង​។ ហេង ជីវ័ន

រូបលោក និង​សមាជិក ២ នាក់​ទៀត​នៅ​បំពេញ​កិច្ចការ​នៅ​ភ្នំពេញ ខណៈ​ប្រធាន​ក្រុម​ជាប់​ការងារ​នៅឯ​សៀមរាប​។

អ្នកគំនូរ​អាជីព​ដែល​កំពុង​តែ​មមាញឹក​នឹង​គំនូរ​លើ​ជញ្ជាំង​ហាង​នានា បាន​បរិយាយ​បន្ថែម​ទៀត​ថា​៖ «​ប្អូនៗ​ដែល​មក​គូររូប​ជាមួយ​ខាង​ខ្ញុំ​ពួកគាត់​ភាគច្រើន​ជា​អ្នករៀន​នៅ​សាលា​វិចិត្រសិល្បៈ អ្នក​ខ្លះ​បាន​បញ្ចប់ តែ​អ្នក​ខ្លះទៀត​មិន​ទាន់​បញ្ចប់​ទេ ព្យួរ​ឈ្មោះ​ទុក​សិន ដើម្បី​មក​ធ្វើការ​យក​បទពិសោធ​ផ្ទាល់ ហើយ​ពួក​ខ្ញុំ​ក៏​ផ្តល់​ឱកាស​ឲ្យ​គ្រប់គ្នា​ដែល​ចង់​រៀន​ជំនាញ​នេះ​យ៉ាង​ពិតប្រាកដ​»​។

យុវជន​ដែល​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​ ៩ រូប​នេះ​ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការប្រកបរបរ​នេះ​ដូច្នេះ​ដែរ​ថា​៖ «​ពួក​ខ្ញុំ​ចង់​ពង្រីក​ស្នាដៃ​របស់​ពួកខ្ញុំ​ឲ្យ​បរទេស​បាន​ស្គាល់​ពី​ស្នាដៃ​កូន​ខ្មែរ និង​ប្រជាជន​យើង​បាន​ស្គាល់​ព្រោះ​វិស័យ​គំនូរ​របស់​យើង​មិន​សូវ​មាន​គេ​ឲ្យ​តម្លៃ​ប៉ុន្មាន​ទេ ទើប​តែ​មួយរយៈ​ចុងក្រោយ​នេះ​ទេ​ដែល​មាន​ការនិយម​។ មិន​ត្រឹម​តែ​យើង​អាច​បំពេញ​ក្តីស្រឡាញ់​នូវ​ជំនាញ​នេះ​នោះទេ ប៉ុន្តែ​យើង​ក៏​អាច​រក​ចំណូល​មក​ចិញ្ចឹមជីវិត​បាន​ផ្គត់ផ្គង់​ការសិក្សា​រៀនសូត្រ​បាន​»​។

លោក ហ៊ែល ធុច មាន​កំណើត​ជា​អ្នករស់នៅ​ភ្នំពេញ​បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ថ្ងៃ​អនាគត​របស់​ខ្លួន​បន្ថែម​ទៀត​ថា​៖ «​នៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​ចង់​បើក​សាលាបង្រៀន​គូរគំនូរ​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ដែល​គាត់​ចង់​រៀន​ផ្នែក​នេះ ហើយ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទៅ​រៀន​នៅ​សាលា​ល្អៗ និង​ឲ្យ​ពួកគាត់​អនុវត្ត​ផ្ទាល់ នៅពេល​ដែល​បាន​ប្រាក់ចំណូល​គឺ​យក​មក​ផ្គត់ផ្គង់​សាលា​របស់​យើង​ផ្ទាល់​»៕

គំនូរ​បែប 3D របស់​ក្រុម​លោក ហ៊ែល ធុច រំលេច​ទិដ្ឋភាព​បាតសមុទ្រ​ដ៏រស់​រវើក​។ រូបថត សហការី

វីដេអូ៖