ក្រុង​ហ្ស៊េរុយសាឡិម៖ កងទ័ព​សត្វ​ទុង​ចំណាក​ស្រុក​រាប់​ម៉ឺន​ក្បាល​បាន​នាំ​គ្នា​ឈ្លាន​ពាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ប្រទេស ​អ៊ីស្រាអែល ​តាំង​ពី​យូរយារ ដែល​ពួក​គេ​ព្យាយាម​កម្លា​ពួក​វា​តាមរយៈ​គ្រឿង​បំពង​សំឡេង ពន្លឺ​ភ្លើង​ឡាស៊ែរ ស្នូរ​គ្រាប់​កាំភ្លើង​។

កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយ​អាច​ត្រូវ​ចំណាយ​​ប្រាក់​ប្រមាណ ១៧២ ០០០ ដុល្លារ ​​ក្នុង ​១ ​ឆ្នាំ ​លើ​វិធានការ​នានា រួម​ទាំង​គ្រឿង​បំពង​សំឡេង​បំពាក់​លើ​រថយន្ដ ​១ ឈុត និង​ការ​បាញ់​កាំភ្លើង​បង្អើល​។

ស្ថិត​ក្នុង​សភាព​អស់​សង្ឃឹម ពួក​គេ​នឹក​​ឃើញ​វិធី​មួយ​ផ្សេង​ទៀត ដោយ​ផ្លាស់​ប្ដូរ​ពី​ការ​បន្លាច​មក​ជា​​ការ​​ផ្ដល់​ចំណី​ងាយៗ​។

ដូច្នេះ​កាល​ពី​ ៦ ឆ្នាំ​មុន ប្រជានេសាទ​អ៊ីស្រាអែល​ បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួយ​ ដែល​ផ្ដល់​ត្រី​លក់​​អត់​ចេញ​ជា​ចំណី ​ដើម្បី​កុំ​ឲ្យ​ហ្វូង​ទុង​មក​បៀត​ស្រះ​ត្រី​ពួក​គេ​។

លោក អេលី សារី នាយក​គ្រប់គ្រង​ទូទៅ​សមាគម​បង្កាត់​ពូជ​ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា​ មុន​ពេល​ទុង​មក​ដល់​អ៊ីស្រាអែល ​ហ្វូង​ទុង​ចំណាក​ស្រុក​ទាំង​នេះ​អត់​មាន​ទីកន្លែង​ឈប់​សំចត និង​ស៊ី​ចំណី​ឡើយ​។

ពួក​វា​ចុះ​​សម្រាក និង​ស៊ី​ចំណី​នៅ​ប្រទេស​​មជ្ឈិម​បូព៌ា​រយៈពេល​ជា​ច្រើន​សប្ដាហ៍ ដែល​បាន​បង្ក​ចលាចល​ដល់​ម្ចាស់​​កសិដ្ឋាន​ជា​ច្រើន ដែល​ស្រះ​ត្រី​ និង​អាង​ចិញ្ចឹម​ត្រី​ជា​ជម្រើស​ចម្បង​សម្រាប់​ពួក​វា​។

ផល​ប៉ះពាល់​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ពិត​ជា​ធំ​សម្បើម​។ លោក​បាន​និយាយ​ថា​៖ «​យើង​ចំណាយ​ប្រាក់​រាល់​លាន​ក្នុង ​១ ឆ្នាំ​ៗ​»។

ទ័ព​ទង់​ប្រមាណ ៥ ម៉ឺន​ក្បាល ​នាំ​គ្នា​មក​សំចត​នៅ​អ៊ីស្រាអែល​ អំឡុង​ធ្វើ​​ចំណាក​ស្រុក​ប្រចាំ​ឆ្នាំ​ចាប់​ពី​តំបន់​បាល់​កង់​រហូត​ដល់​អាហ្វ្រិក​ ជាទី​ដែល​​ពួក​វា​រីករាយ​នឹង​រដូវ​រងា​ល្មមៗ​មុន​ពេល​ត្រឡប់​ទៅ​កាន់​អឺរ៉ុប​វិញ៕ AFP/HR