ក្រុង​វ៉ាសូវី ​: មិន​ថា​​​ជា​ប្រភព​នៃ​មោទន​ភាព​ជាតិ​ ឬ​ក៏​ជា​សញ្ញា​​​អវិជ្ជ​មាន​នោះ​ទេ​​​​ ស្រា​ ស វ៉ូដកា (Vodka)​ ​គឺ​ជា​​ផ្នែក​នៃ​អត្ត​សញ្ញាណ​​របស់​ប្រទេស​ប៉ូឡូញ​។

​ប្រទេស​នេះទើបតែ​​បាន​ប្រែ​ក្លាយ​​រោង​ចក្រ​ផលិត​ស្រា​មួយ ​​​ទៅ​ជា​សារមន្ទីរ​​អភិរក្ស​​​ប្រពៃ​ណី​ស្រា ​​វ៉ូដកា ​ដ៏​​​យូរ​អង្វែង​របស់​ខ្លួន​​ ប៉ុន្តែ​ទី​តាំង​សារមន្ទីរ​មួយ​​នេះ បែរ​ជា​​ស្ថិតនៅ​ក្នុង​​​តំបន់​មួយ​នៃទី​​ក្រុង​វ៉ាសូវី ដែល​​ធ្លាប់​​ស្អុយ​ឈ្មោះ​អាស្រូវ​ជា​ទី​សម្បូរ​ចោរ និង​ជន​​​​ប្រមឹក​។

លោក Andrzej Szumowski ​ប្រធាន​សមាគម​ស្រា វ៉ូដកា​ ​របស់​ប្រទេស​​ប៉ូឡូញ​ ​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​​​សារមន្ទីរ​ ស្រា​វ៉ូដកា ដ៏​ថ្មី​​​សន្លាង និង​​​ដំបូង បង្អស់​​​ក្នុង​ប្រទេស​ប៉ូឡូញ​ បាននិយាយ​​ថា​៖ «​​ស្រា​វ៉ូដកា​ ​​ជា​ផ្នែក​នៃ​ហ្សែន​​​របស់​យើង ជា​ប្រវត្តិ​សាស្រ្ត​របស់​យើង​ ​ជា​បេតិកភ័ណ្ឌ​របស់​យើង​ ​និងជា​​ប្រពៃ​ណី​របស់​យើង​»។

លោកបាន​ធ្វើការ​ប្រៀបធៀប​​​ទៀត​ថា​៖ «​គឺ​ដូច​​នឹង​ប្រទេស​បារាំង​​អ៊ីចឹង ប្រវត្តិសាស្ត្រ​គេ​មាន​​ស្រា Cognac និង​សំប៉ាញ រីឯ​អង់គ្លេស ​​ប្រវត្តិ​​សាស្រ្ត​​គេ​គ្មានន័យទេ បើ​គ្មាន​ស្រា Gin ឬ​ ស្រា Scotch វីស្គី ហើយ​​​ប្រទេស​ម៉ិកស៊ិក​វិញ គេ​មាន​​​ស្រា Tequila ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​គេ។ ឯ​យើង​នៅ​ប៉ូឡូញ យើង​​​មិន​អាច​និយាយ​អំពី​ប្រវត្តិ​សាស្ត្រ ដោយ​មិន​រំឭក​​​ពី​​ស្រា វ៉ូដកា​ នោះទេ​»។

​​ ភាព​​ផ្តាច់​មុខ ​

ប្រទេស​ប៉ូឡូញ​ គឺ​ជា​ប្រទេស​​នៃ​ស្រា​បៀរ​ និង​ស្រាទឹក​ឃ្មុំ (Mead)​ ​​មុនការ​កកើត​នៃ​ស្រា វ៉ូដកា ​ក្នុង​សតវត្សរ៍​​ទី​១៥ ​ដែល​​​​បាន​ជំរុញ​ឲ្យ​ប្រជាជន​​មាន​ទម្លាប់​​ផឹក​ស្រា។

ដោយ​ដាក់​ឈ្មោះ​តាម​ពាក្យ​ woda ​ជា​ភាសា​​ប៉ូឡូញ​​បក​ប្រែ​ថា «​ទឹក»​ នោះ ​ស្រា វ៉ូដកា​ ​ក៏​ធ្លាប់​ដើរ​តួ​ផង​ដែរ ​ជា​​រូបិយវត្ថុ​ ​សម្រាប់​ការ​ដោះ​ដូរ​ទំនិញ​​ក្នុង​អំឡុង​សម័យ​កាល​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​របស់​ប្រទេស​ប៉ូឡូញ។

​បើ​តាម​សមាគម​​ឧស្សាហកម្ម​​​ស្មារតី​ជាតិ​ ZPPPS បាន​ឲ្យ​ដឹង​ថា​ ​បច្ចុបន្ន​​នេះ​ប្រទេស​ប៉ូឡូញ​​​ផលិត​​ស្រា​សុទ្ធ​ចំនួន​ជិត​១០០​ លាន​​លីត្រ​​​ ​ក្នុង​មួយ​ឆ្នាំ​ៗ​។

​​

​តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ប៉ូឡូញ ​​​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​​ផលិត​ស្រា​កំពូល​​របស់​ពិភព​លោក ​​រួម​ជា​​មួយ​ប្រទេស​​អាមេរិក ​ប្រទេស​អ៊ុយ​ក្រែន ​និង​ប្រទេស​រុស្ស៊ី​។

​ស្តេច​ផឹក​​

នៅ​ក្នុង​ប្រទេស​មួយ​ ​ដែល​មាន​ប្រជា​ជន​ចំនួន​​ ៣៨ ​លាន​នាក់​​ ប្រជា​ជន​ជាង​ ៨០០.០០០ ​នាក់​ គឺ​ជា​អ្នក​ពឹង​ផ្អែក​លើ​​ស្រា។ នេះបើ​​​យោង​តាម​​លោក Dariusz Wasilewski ​ដែល​ជា​អ្នក​ចិត្ត​វិទ្យា​​ឯក​ទេស​អំពី​​បញ្ហាគ្រឿង​ស្រវឹង​​។

​​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ​ចំនួន​ប្រជា​ជន​ប៉ូ​ឡូញ​​ ​ដែល​​ទម្លាប់​ផឹក​ស្រា​​របស់​ពួក​គេ​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​​​សុខ​ភាព​​​ គឺ​ខ្ពស់​​ជាង​មុន​​បី​ ឬ​បួន​ដង​​ឯណោះ​។​

លោក​បាន​ប្រាប់ទីភ្នាក់ងារ​​​ AFP ​ថា​៖ «​​​ខ្ញុំ​​មិន​អាច​​ទទួល​​យក​​គំនិត​​ដែល​ថា​ ស្រា​គឺ​ជា​ផ្នែកមួយ​​​​នៃ​មោទ​ន​ភាព​ជាតិ​​បាន​នោះ​ទេ​»។

​ សិល្បៈ​នៃ​ស្រា វ៉ូដកា​​

ចំពោះ​​លោក Tadeusz Dorda ​ដែល​ជា​ប្រធាន​​​ផ្នែក​ទីផ្សារ​​របស់​ស្រា​វ៉ុដកា​​ម៉ាក ​Chopin ​​លោក​ជឿ​ថា ​កា​រផឹក​ស្រា​វ៉ូដកា ជា​សិល្បៈ​មួយ​។

​លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «​​យើង​ចង់​ឲ្យ​ស្រា​ វ៉ូដកា របស់​ប៉ូឡូញ​យើង​ត្រូវ​បានបរិយាយ​ក្នុង​ន័យល្អ ​បែប​វិជ្ជមាន​​​»។

​ឧទាហរណ៍ យើង​ចង់​ឲ្យ​គេ​ស្គាល់​ថា ​​ស្រា វ៉ូដកា ​មិន​​ត្រូវ​ការ​ផឹក​ជា​មួយ​ទឹក​កក​។ ​ជា​ការ​ពិត​ ​អ្នក​ផឹក​ស្រា​មួយ​ចំនួន ​និយាយ​ថា ​កំណត់​សម្គាល់​នៃ​គុណ​ភាព​​​របស់​ស្រា វ៉ូដកា​ គឺ​ថា​ តើ​វា​អាច​ផឹក​បាន​ឬ​អត់​នៅ​សីតុណ្ហភាព​​ចន្លោះ​ពី​ ៦​ ទៅ​ ៨​​ អង្សារ​។

​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​​នេះ​​គឺ​ជា​ពេល​ ដែល​អ្នកផឹក​​អា​ចដឹង​អំពី​រស់​ជាតិ​ពិសេស​​របស់​​ស្រា​ វ៉ូដកា​ ​និង​ក្លិន​ក្រអូប​របស់​​វា ​ដោយ​​ពឹង​ផ្អែក​លើ​ធាតុ​ផ្សំ​ចម្បង​ៗ​ ​ព្រម​ទាំង​​​ទី​កន្លែង ​និង​ពេល​វេលា​ ​ដែល​វា​ត្រូវ​បាន​ផលិត​។ ​នេះ​បើ​តាម​លោក Dorda។

​ជាទូទៅ​ស្រា Vodka ​ដែល​ផលិត​ពី​​​ដំឡូង ​មាន​​គុណ​ភាពខ្លាំង​ ខណៈ​ស្រាវ៉ូដកា​ ​ដែល​ផលិត​ពី​​ស្រូវ​រ៉ៃ​​​ ​មាន​លក្ខណៈ​ស្រាល​ជាង​ ​ហើយ​ក៏​ត្រូវ​បាន​ស្គាល់​ផង​ដែរ​ចំពោះ​រស​ជាតិ​​ល្វីង ​និង​​​ក្លិន​ក្រអូប​ខ្លាំង​របស់​វា។ ​ ស្រា​​វ៉ូដកា ដែល​ធ្វើ​ពី​ស្រូវ​សាលី​មាន​​​រស​​ជាតិ​មិន​សូវ​ជា​ធ្ងន់ទេ​​៕ AFP/PS